សិស្ស​ពូកែ​វ័យក្មេង​កម្ពុជា​ គ្រង​មេដាយ​ជ្រែក​ខ្លួន

Content image - Phnom Penh Post
កុមារ៉ា ផាត អេលីតកតណា (​រូប​ពាក់អាវ​អាវ​ឆ្នូត​បង្កង់​) និង​ក្រុមគ្រួសារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ភ្នំពេញៈ ជា​កុមារ​មួយរូប​ដែល​បាន​ឆ្លងកាត់​ការប្រកួតប្រជែង​នៅក្នុង​កម្មវិធី​សរសេរ​រឿង​ខ្លី ការ​គូរគំនូរ និង​ការប្រឡង​គណិតវិទ្យា​ទាំង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​ព្រមទាំង​ធ្លាប់​ទទួល​បាន​មេដាយ​ជាច្រើន​ប្រភេទ​ផង​នោះ​នៅ​ឆ្នាំ​ ២០១៩ នេះ កុមារា ផាត អេលីតកតណា ក៏​បាន​ដណ្តើម​នូវ​ជោគជ័យ​ថ្មី​មួយ​ទៀត​គឺ​មេដាយមាស​គណិតវិទ្យា​ពិភពលោក​ក្នុង​កម្មវិធី WMI (World Mathematic Invitation) វគ្គ​ជម្រុះ​នៅ​កម្ពុជា​។

ផាត អេលីត កតណា អាយុ ១៣ ឆ្នាំ​បង្ហាញ​ពី​អារម្មណ៍​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត សម្រាប់​ការប្រកួត​ខ្ញុំ​តែងតែ​គិត​ថា ខ្ញុំ​អាច​ធ្វើ​បាន​តែ​បើ​ធ្វើ​អត់​បាន ក៏​អត់​អ្វី​ទេ ព្រោះ​វា​ជា​បទពិសោធ​។ ទៅ​ថ្ងៃ​អនាគត យើង​អាច​ធ្វើ​ម្តង​ទៀត​»​។

សិស្ស​ឆ្នើម​ពហុជំនាញ ផាត អេលីត កតណា ប្រសូត​ក្នុង​ឆ្នាំ​ ២០០៦ នៅ​រាជធានី​ភ្នំពេញ​ជា​កូនច្បង និង​មាន​ប្អូនស្រី​ម្នាក់​មាន​ឪពុក​ឈ្មោះ​ ផាត ផាលីត ជា​ទីប្រឹក្សា​អភិវឌ្ឍន៍​កសិកម្ម​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ម្តាយ​ឈ្មោះ ហៀង ស្រីនាង ជា​មេផ្ទះ​។
ឪពុក​របស់​សិស្ស​ពូកែ​ខាង​លើ​នេះ​លោក ផាត ផាលីត បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​ជាទូទៅ គណិតវិទ្យា គាត់​មាន​ទម្រង់​ល្អ គាត់​រៀន​បាន​ល្អ គាត់​ប្រឡង​បាន​មេដាយមាស និង​មេដាយប្រាក់​។ តែ​គាត់​មិន​ដែល​ធ្លាក់​ទេ គាត់​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ថា​គាត់​អាច​ដោះស្រាយ​បាន​ទាំង​គណិតវិទ្យា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​»​។

ឪពុក​របស់​សិស្ស​ពូកែ​រូប​នេះ​បាន​រំឭក​ថា កំណើត​កូនប្រុស​ដំបូង​លោក​បាន​ចាប់ផ្តើម​អាន​សៀវភៅ​ទាក់ទង​ការអភិវឌ្ឍ លូតលាស់​របស់​កុមារ​ចាប់ពី​អាយុ 0 ឆ្នាំ ដល់ ៣ ឆ្នាំ​រួមមាន​ទាំង​កត្តា​រាងកាយ ខួរក្បាល របប​អាហារ និង​ការលេង​របស់​កុមារ​។

លោក ផាលីត បញ្ជាក់​ថា​៖ «​កាលនោះ​ខ្ញុំ​អង្កេត​ឃើញ​ថា កូនប្រុស​ខ្ញុំ​ចូលចិត្ត​លេង​ផ្គុំរូប សង់​រូប និង​គូររូប​ណាស់ ហើយ​គេ​ផ្គុំ​លឿន​ណាស់ និង​មាន​ការចងចាំ​រហ័ស​»​។

ក្រោយពី​ដឹង​ពី​ចំណង់​ចំណូលចិត្ត​នៃ​ការលេង​របស់​កូន​លោក​បាន​ទិញ​សម្ភារ​ក្មេងៗ​ទាំង​នោះ​ឲ្យ​កូនប្រុស​លេង​កាន់តែ​ច្រើន ដើម្បី​បង្កើន​ចំណេះដឹង​ដល់​កូន​។

នៅ​ឆ្នាំ​ ២០០៩ កុមារា ផាត អេលីតកតណា អាយុ ៣ ​ឆ្នាំ​បាន​ចូលរៀន​នៅ​សាលាមត្តេយ្យ​មួយ​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​។ ការចូល​រៀន​នេះ​ដោយសារ​ឪពុក​ដឹង​ថា ការសិក្សា​នៅ​អាយុ ៣ ដល់ ៦ ឆ្នាំ​ពិតជា​មាន​សារៈសំខាន់ ព្រោះ​នេះ​គឺជា​មូលដ្ឋានគ្រឹះ​របស់​កុមារ និង​ជា​រូបមន្ត​នៃ​ការសិក្សា​បន្ទាប់​ពី​កុមារ​មាន​កំណើត​។

Content image - Phnom Penh Post
គំនូរ​រូប​ឡាន​ក្នុង​ក្ដីស្រមៃ​ដែល កតណា ទទួល​បាន​ឈ្នះ​ពាន​។ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក ផាលីត ឲ្យ​ដឹង​ថា​៖ «​ពេលនោះ​ខ្ញុំ​សង្កេត​ឃើញ​គេ​រីកចម្រើន ហើយ​ខ្ញុំ​នៅ​ប្រើ​រូបភាព និង​តូរ្យតន្ត្រី​ខ្លះ​ឲ្យ​គេ​លេង ហើយ​មុន​ចូល​គេង ខ្ញុំ​តែងតែ​អាន​សៀវភៅ​ឲ្យ​គេ​ស្តាប់​ព្រោះ​យើង​ដឹង​ថា ការនិទាន​រឿង​ជួយ​ឲ្យ​គេ​លូតលាស់ និង​ការគិត​បាន​ល្អ​»​។

នៅ​ឆ្នាំ​ ២០១២ អេលីតកតណា បាន​ចូលរៀន​ថ្នាក់​ទី​ ១ នៅ​សាលា Westline ដោយ​ចូលចិត្ត​សរសេរ និង​គូររូប​។ នៅ​ថ្នាក់​ទី​ ២ កុមារា​រូប​នេះ​បាន​ចូលរួម​ប្រកួតប្រជែង សរសេរ​រឿង​ខ្លី​មាន​ចំណងជើង «Cat and dog make friends» ទទួល​បាន​ចំណាត់ថ្នាក់​លេខ ២ ប្រចាំ​សាលា​។

មិន​ត្រឹម​តែ​បាន​ប្រកួតប្រជែង​ស្នាដៃ​ក្នុង​សាលា​ប៉ុណ្ណោះ​ទេ​នៅ​ឆ្នាំ​ ២០១៤ កតណា បាន​ចូលរួម​ការប្រឡង​គំនូរ​ទូទាំង​ប្រទេស (Global art awards) ទទួល​បាន​ពានរង្វាន់ «Best of the Best» ទៀត​។ ចំណែក​នៅ​ឆ្នាំ​ ២០១៥ កុមារា​រូប​នេះ​ទទួល​បាន​ពានរង្វាន់​ ២ ​គឺ «Consolation awards» និង «Champion awards»​។ ៣ ​ឆ្នាំ​មុន​ កតណា ទទួល​បាន​ពានរង្វាន់​គំនូរ​មួយ​ទៀត គឺ «5th runner-up»​។

ឆ្នាំ ២០១៥ កុមារា អេលីតកតណា ប្រឡង​ជាប់​អាហារូបករណ៍ ១០០ ភាគរយ​បន្ត​ការសិក្សា​ថ្នាក់​ទី​ ៤ របស់​សាលា Kent Ridge International School ដែល​ជា​ឱកាស​មួយ​អាច​ឲ្យ​កុមារ​វៃឆ្លាត​រូប​នេះ​អាច​បន្ត​ការសិក្សា​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ជាតិ និង​ក្របខ័ណ្ឌ​អន្តរជាតិ​របស់​សិង្ហបុរី​។

Content image - Phnom Penh Post

ឪពុក​កុមារា កតណា បាន​បន្ដ​ថា​៖ «​យើង​ប្រាប់​កូន​ថា បើ​កូន​ជឿជាក់ កូន​មាន​ការច្នៃប្រឌិត កូន​អាច​ប្រឡង​បាន​។ ឯ​រឿង​ធ្លាក់ ឬ​ជាប់​គ្រាន់​តែ​ជា​រឿង​មួយ​ធម្មតា​ទេ​។ ពេល​នោះ​ខ្ញុំ​ក៏​មិន​ស្មាន​ថា​គេ​អាច​ទទួល​បាន​អាហារូបករណ៍ ១០០ ភាគរយ​ដែរ​។ យើង​មាន​អារម្មណ៍​សប្បាយ​ណាស់ តែ​ក៏​ព្រួយបារម្ភ​ដែរ ព្រោះ​នេះ​ជា​ការសិក្សា​ថ្នាក់​អន្តរជាតិ និង​មិន​ដឹង​ថា​គាត់​នឹង​ត្រូវ​ជួប​ការលំបាក​អ្វី​ខ្លះ​»​។

ទោះ​ផ្លាស់​មក​សិក្សា​នៅ​សាលា​ថ្មី កុមារា កតណា ក៏​មិន​បាន​បោះបង់​នូវ​ជំនាញ​គូរគំនូរ​របស់​ខ្លួន​ឡើយ​ដោយ​នៅ​ឆ្នាំ​ ២០១៥ គេ​ចូលរួម​ប្រកួត​គូរ​គំនូរ​ទូទាំង​ប្រទេស TOYOTA dream car contest ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ (Automatic car rainbow) និង​នៅ​ឆ្នាំ​ ២០១៦ កតណា ចូលរួម​ប្រកួត​បន្ត​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ ដដែល គឺ (recycling car)​។ លុះ​ដល់​ឆ្នាំ​ ២០១៧ កតណា ទទួល​ចំណាត់​ថា្នក់​លេខ​ ២ (Photosynthesis Car)​។

សិស្ស​ពូកែ អាយុ ១៣ ឆ្នាំ​រូប​នេះ​បញ្ជាក់ថា​៖ «​សម្រាប់​គំនូរ ខ្ញុំ​យល់​ពី​ខ្លួនឯង​។ ពេល​មាន​ការប្រឡង ខ្ញុំ​អង្គុយ​គិត​ដោយ​ប្រើ​គំនិត​ខ្ញុំ គំនិត​ថ្មី​ដោយ​បង្ហាញ​គំនិត​នេះ​ទៅកាន់​ពិភពលោក​។ អ៊ីចឹង​ខ្ញុំ​ដាក់​វា​តាម​គំនូរ និង​ការសរសេរ​»​។

នៅ​សាលា​ថ្មី ការសិក្សា​ផ្តោត​លើ​ផ្នែក​សំខាន់ៗ ៣ រួមមាន ភាសា​អង់គ្លេស គណិតវិទ្យា និង​វិទ្យាសាស្ត្រ​។

នៅ​ឆ្នាំ ២០១៦ ពេល​កំពុង​សិក្សា​ថ្នាក់​ទី​ ៤ អេលីតកតណា បាន​ប្រឡង​ជាប់​គណិតវិទ្យា​ដំបូង​ក្នុង​កម្មវិធី Suken (Japanese Mathematic)​។ ចំណែក​នៅ​ឆ្នាំ ២០១៧ កតណា បាន​ចូលរួម​ប្រឡង គណិតវិទ្យា ក្នុង​កម្មវិធី Sasmo (Singapore and Asian Olympaid) ដោយ​ទទួល​បាន​មេដាយមាស​ចំណោម​ប្រទេស​ចំនួន ១៧ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​។ នៅ​ឆ្នាំ​ដដែល កុមារ​រូបនេះ​បាន​ប្រឡង​ជាប់​គណិតវិទ្យា​ក្នុង​កម្មវិធី Suken ដដែល​ជា​លើក​ទី​ ២ និង​ទទួល​បាន​មេដាយប្រាក់​ក្នុង​កម្មវិធី AMO (American mathematic olympiad) និង​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​កម្មវិធី IJMO ( International Junior Math Olympaid )​។

ចំណែក​នៅ​ឆ្នាំ​ ២០១៨ កតណា បាន​ប្រឡង​ជាប់​នៅក្នុង​កម្មវិធី Suken ជា​លើក​ទី​ ៣ បន្ត​ទៀត និង​បាន​បន្ត​យក​មេដាយមាស​ថ្មី​មួយ​ទៀត​ក្នុង​កម្មវិធី AMO និង​មេដាយ​សំរឹទ្ធ​របស់ Sasmo​។ ថ្មីៗ​នេះ កតណា ទទួល​បាន​មេដាយមាស​ពិភពលោក​ក្នុង​កម្មវិធី WMI (World mathematic invitation)​។

ជាមួយ​គ្នា​នេះ​ក្មេងប្រុស​រូប​នេះ​ក៏​បាន​បង្រៀន​គណិតវិទ្យា និង​ការ​គូររូប​ទៅ​ប្អូនស្រី ផាត អេលីតកនីកា រហូត​ប្អូន​របស់​ខ្លួន​ទទួល​បាន​ពានរង្វាន់ President Akio Toyoda Award ពី​ប្រទេស​ជប៉ុន​ផង​ដែរ​។

កុមារ​វ័យ​ ១៣ ​ឆ្នាំ​រូប​នេះ​បង្ហាញ​ថា​ពេល​រៀន រូបគេ​សប្បាយចិត្ត​ណាស់ ពីព្រោះ​អាច​សន្ទនា​ជាមួយ​លោកគ្រូ អ្នកគ្រូ​ទទួល​បាន​គំនិត​ថ្មីៗ​មាន​មិត្តភក្តិ​ជាច្រើន​មាន​ទំនាក់ទំនង​ល្អ និង​មាន​សកម្មភាព​ជាច្រើន​ទៀត​។

គេ​យល់​ថា​ការសិក្សា​អាច​ជួយ​មនុស្ស​បាន​ច្រើន​នាពេល​អនាគត ដូចនេះ​មនុស្ស​គួរតែ​រៀនសូត្រ​ឲ្យ​បាន​ច្រើន​។ ម្យ៉ាងទៀត​មនុស្ស​ម្នាក់ៗ​ត្រូវ​តែ​រក​ជំនាញ​របស់​ខ្លួន និង​អ្វី​ដែល​ខ្លួន​ចូលចិត្ត ព្រោះ​ថា​មនុស្ស​លើ​លោក​មាន​សមត្ថភាព និង​ជំនាញ​ខុសៗ​មិន​អាច​ប្រៀបធៀប​គ្នា​ទេ​។

កុមារា អេលីតកតណា ប្រាប់​ពី​គោលបំណង​ថា​៖ «​ទៅ​ថ្ងៃ​អនាគត​ចង់​ធ្វើ​ជា​វិស្វករ ព្រោះ​ខ្ញុំ​ចូលចិត្ត​ផ្នែក​វិទ្យាសាស្ត្រ និង​គូរគំនូរ​ហើយ​ការប្រកួត​ខ្ញុំ​បន្ដ​​ចូលរួម​ទៅ​តាម​អ្វី​ដែល​ចូលចិត្ត​»៕

វីដេអូ៖