ភ្នំពេញ: កុមារី អ៊ុម បុប្ផា អាយុ ១៣ ឆ្នាំ​កំពុង​គិត​ថា នាង​គួរ​ចំណាយពេល​បន្ថែម​នៅ​ឆ្នាំ​សិក្សា​បន្ទាប់មក​ពង្រីក​សមត្ថភាព​កម្មវិធី​ទូរស័ព្ទ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ដែល​ខ្លួន និង​មិត្ដ​រួម​ថ្នាក់​ខិតខំ​បង្កើត​ឡើង​រហូត​ដល់​ឈ្នះ​ពាន​។


កុមារី បុប្ផា បាន​និយាយ​ជា​ភាសា​អង់គ្លេស​នូវ​លទ្ធភាព​នាពេល​អនាគត​ថា​៖ «​វា​ជា​ការវិនិយោគ​ដែល​យើង​គួរតែ​ហ៊ាន​ពុះពារ​»​។


បុប្ផា​គឺជា​សិស្ស​ម្នាក់​នៅ Liger Leadership Academy ជា​សាលា​ផ្ដល់​ការស្នាក់នៅ និង​អាហារ​ឯ​ជាយក្រុង​ភ្នំពេញ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​ ២០១២ ដើម្បី​ផ្ដល់​ការអប់រំ​នូវ​អ្វី​ដែល​ហៅថា «​អ្នក​គិតពី​សហគ្រាស​» បំណង​ផ្លាស់ប្ដូរ​កម្ពុជា​។


បង្កើតឡើង​ដោយ​សហគ្រិន​អាមេរិក Trevor Gile និង​ភរិយា Agnieszka Tynkiewicz-Gile សាលា​នេះ​បាន​សម្រិតសម្រាំង​សិស្ស​មួយ​ចំនួន​ពី​បេក្ខភាព​រាប់ពាន់​នាក់​រៀងរាល់ ៣ ឆ្នាំ​ម្ដង និង​ផ្ដល់​ឲ្យ​ពួកគេ​នូវ​អាហារូបករណ៍​ពេញលេញ​សម្រាប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ ៣ ​ឆ្នាំ​ដោយ​ផ្ដោតលើ​ការដោះស្រាយ​បញ្ហា​ជាក់ស្ដែង​។


ក្រៅពី​កម្មសិក្សា​គោល​ដែល​ផ្ដោត​លើ​ភាសា​ខ្មែរ អង់គ្លេស គណិតវិទ្យា និង​វិទ្យាសាស្ដ្រ សិស្ស​ទាំង ១១០ នាក់​របស់ Liger អាយុ​ចន្លោះ​ពី ១២ ទៅ ១៨ ​ឆ្នាំ​ក៏​ចេះ​ច្នៃ​បង្កើត​គម្រោង​ជម្រើស​ផ្ទាល់ខ្លួន​ដឹកនាំ​ដោយ​ក្រុម​អ្នកសម្របសម្រួល​របស់​សាលា​។


កុមារី​រាង​តូច​ច្រឡឹង បុប្ផា គឺជា​សមាជិក​ម្នាក់​ចំណោម​ក្មេងស្រី ៥ នាក់​ដែល​ទទួល​បាន​ពាន​លេខ ១ ផ្នែក​កុមារ​នាឆ្នាំ​នេះ​លើ​គម្រោង Tech-novation Cambodia ជា​ការប្រកួត​សម្រាប់​កុមារី​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​បច្ចេកវិទ្យា​ក្នុង​ការផ្លាស់ប្ដូរ​សង្គម​។

ក្រុម​របស់ បុប្ផា បាន​ច្នៃ​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​កក់​សំបុត្រ​ទស្សនា​ការសម្ដែង​នានា​របស់​ក្រុម​សិល្បករ​ផ្នែក​បុរាណ​។

យ៉ាងណា​មិញ​បំណង​ថ្ងៃ​អនាគត​របស់​កុមារី​រូបនេះ​រឹតតែ​វែងឆ្ងាយ​ដោយ​នាង​បាន​បង្ហើប​ថា​៖ «​ខ្ញុំ​ចាប់​អារម្មណ៍​អវកាស និង​ចង់ដឹង​ថា តើ​មនុស្ស​អាច​ទាញ​ពេលវេលា​ទៅ​មុខ ទៅ​ក្រោយ​បាន​ទេ​។ ខ្ញុំ​នឹង​ស្រាវជ្រាវ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

ក្រៅពី បុប្ផា សិស្ស​មួយ​ក្រុម​កំពុង​ស្រាវជ្រាវ​ពី​របៀប​នៃ​ដំណើរការ​ផ្កាយរណប​ណាណូ​ដំបូង​របស់​កម្ពុជា​ដោយ​មាន​ការណែនាំ​ពី​អ្នក​ជំនាញ​បរទេស តាមរយៈ​ការរៃអង្គាស​មូលនិធិ និង​សិក្សា​ពី​វិធី​ស្នើសុំ​អាជ្ញាប័ណ្ណ​សម្រាប់​មហិច្ឆតា​ផ្កាយរណប​នេះ​។

មួយ​ក្រុម​ទៀត​បាន​និង​កំពុង​បន្ដ​គម្រោង​មុខរបរ​ទេសចរណ៍​ជិះ​កង់​ជាមួយ​សិស្សៗ​ដទៃ​ដោយ​ការ​ដើរតួ​ជា​មគ្គុទេ្ទសក៍​ទេសចរណ៍​ដែល​ណែនាំ​អំពី​វប្បធម៌​ខ្មែរ​ជូន​ភ្ញៀវ​ក្នុង​សកម្មភាព​ស្និទ្ធស្នាល និង​រាក់ទាក់​។

លោក Trevor Gile ស្ថាបនិក​សាលា​បាន​ប្រាប់​ថា​៖ «​សិស្ស​ទាំងនេះ​ត្រូវ​បាន​ជ្រើសរើស​មិនមែន​ដោយសារ​ពួកគេ​ឆ្លាត​បំផុត​នោះ​ទេ តែ​ភាព​ជា​អ្នកដឹកនាំ​មាន​សុទិដ្ឋិនិយម និង​ឧស្សាហ៍​ព្យាយាម​»​។

មូលនិធិ​សិក្សា​របស់​សិស្ស​ម្នាក់​ក្នុង​ ១ ​ឆ្នាំ​មាន​តម្លៃ ១៥ ០០០ ដុល្លារ​។ សិស្ស​ម្នាក់ៗ​ទទួល​បាន​កុំព្យូទ័រ​យួរដៃ​ ១ និង​លម្ហែ​ទាំ​សុខភាព ការបង្ហាត់បង្រៀន និង​ការស្នាក់នៅ​។

លោក​បាន​បន្ដ​ថា​៖ «​ដោយ​ប្រើ​វិធី​អប់រំ​ភាព​ជា​សហគ្រិន ការសិក្សា​បែប​នេះ​អាច​មាន​ឥទ្ធិពល​លើ​គ្រប់​ប្រទេស​គ្រប់​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​»៕ The Straits Times (Singapore)/ Asia News Network/HR