ភ្នំពេញៈ តារា​ចម្រៀង​ស្រី​ដែលហាក់​បាន​​ស្ងាត់​ទីផ្សារ​ចម្រៀង​ តែ​មក​លេច​ធ្លោ​កាក់កប​នឹងការ​សម្តែង​ភាពយន្ត​មិន​សូវ​​​ដាច់​ដែល​ក្រោយ​ពី​ថត​​កុន​រឿង «សសរ​​កន្លោង» ចប់​ក៏បន្ត​រឿង​ភាគ ២ ទៀតផង​​នោះ ក៏​ស្រាប់​តែ​បង្ហើរ​វែង​មួយ​ប្រកាស​ផ្អាក​ពី​ការ​ងារ​សិល្បៈ​គួរ​ឲ្យ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​។​


តារា​ចម្រៀង​ស្រី​ទម្លាប់​តែងខ្លួន​បែប​សិចស៊ី ដែល​កំពុង​វិវត្ត​ខ្លួន​មួយ​ជំហាន​ទៀត​ក្លាយ​ជា​តារា​សម្តែង​មាន​​ស្វាមី​ជាតារា​សម្តែង​ក្មេង​ជាង​ខ្លួន​អ្នកនាង ឆ័យលី ដាឡែន ក៏​បង្ហោះ​សារ​វែង​​អន្លាយ​ស្តែង​ចេញ​អារម្មណ៍ បៀម​​​ទុក្ខសោក​​ បង្កការ​ភ្ញាក់ផ្អើល​ពី​មហាជន​យ៉ាង​ខ្លាំង ដោយ​នាង​បាន​សរសេរ​ថា៖ «​ខ្ញុំ​ហត់ ហើយ​ ខ្ញុំ​ពិត​ជា​ហត់ណាស់​ ខ្ញុំទៅមុខ​លែងរួចហើយ​ ពេលខ្ញុំ​ចប់ការងារ​អស់​ ខ្ញុំ​សុំសំរាក​ហើយ​ គឺ​បាត់មុខ​ខ្ញុំ​មួយ​រយៈ​ តែទទួល​កុម្ម៉ង់​អីវ៉ាន់​ធម្មតា​ ដោយអាខោននេះ​ខ្ញុំឲ្យ​ក្មួយ​ខ្ញុំ​ជា​អ្នក​កាន់​ អាច​ឆាត​សួរព័ត៌មាន​ផ្សេងៗ​បាន​។ សុំទោសផង​ណាអ្នក​ទាំងអស់គ្នា​ គឺខ្ញុំចង់​សំរាក​ ព្រោះ​ខ្ញុំ​ហត់​ជា​មួយ​អ្វីៗ​​គ្រប់យ៉ាង​ពេកហើយ​ បើ​យើង ​​មិនគិត​ខ្លួន​យើងទេគ្មាន​អ្នកណាគេ​គិតយើង​នោះ​ទេ​ ។ តាំង​ពី​តូច​រហូត​​ដល់ធំ​យើងអាយុ​ប៉ុណ្ណឹង​ហើយ​យើងពិតជា​មិន ដែលចង់​បានអីទេ​ គឺ​ចង់បាន​តែ​ពាក្យ​ថា​​ស្មោះ​ត្រង់​ ពាក្យ​នេះ​មិនថាចំពោះស្នេហា​ ឬ​​​មិត្ត​ភាព​នោះទេ​ តែហេតុអី​ពាក្យ​នេះ​មានតែខ្ញុំទេ​ដែល​ឲ្យ​​ទៅ​គេ​តែគេ​មិនដែល​ឲ្យ​ពាក្យ នេះ​មកខ្ញុំវិញ​អញ្ចឹង? ខ្ញុំសុំ​បានទេ​ បើ​ស្រលាញ់​ខ្ញុំ ខ្ញុំសុំ​ពាក្យ​ស្មោះត្រង់​ជា​មួយ​ខ្ញុំ​បានទេ? បើ មិន​បានឲ្យ​​អ្វីមក​ខ្ញុំ ខ្ញុំ​ពិត​ជា​ឈឺ​ បើ​ដឹងថា​មនុស្ស ដែល​ស្រលាញ់​ខ្ញុំ​បែរជាក្បត់ខ្ញុំ​ មិន​ថា​ស្នេហា​ឬមិត្តភាព​នោះ​ទេ​ ។ អ្នកធ្លាប់​តែ​​ឃើញ​ខ្ញុំ​សើច ញញឹម​ នោះគ្រាន់តែជា​សំបកក្រៅទេ​ តែខាងក្នុង​ខ្ញុំគឺ​រូបភាព​បែប​នេះ​។ នៅ​ពេលមាន​រឿង​បែប​នេះ​ខ្ញុំនឹកអែងណាស់​សំលាញ់​ មានតែ​ឯង​ទេ​ដែលឲ្យ​ពាក្យស្មោះត្រង់​មកខ្ញុំ​ ក្រៅ​ពីហ្នឹង​គេ​មិនដែល​ឲ្យ​​ខ្ញុំទេ​ មា​ន​តែ​ឯង​ទេ​ដែល​លួងយើង​ មាន​តែ​ឯង​ទេ ​ដែលចាំផ្តល់​កំលាំងចិត្ត​ឲ្យ​ខ្ញុំ​ មាន​តែឯង​ទេ​ដែល​ឲ្យ​​ស្មា​​​គ្នា​កើយ​​បង្ហូរ​​ទឹកភ្នែក»។​

កន្លង​មក​តា​រា​ចម្រៀងស្រី​​រូបនេះ ក៏​ធ្លាប់​បាន​ប្រាប់​ពី​អត្ថន័យ​សារ​ដែលនាង​តែង​តែ​បាន​​បង្ហោះ​ផង​​ដែរ​ថា គ្រាន់តែ​ផូស្ត៍​លេង​នាពេល​នាងមាន​អារម្មណ៍​នឿយហត់​ពីការងារ​តែ​ប៉ុណ្ណោះ៕​