ភ្នំពេញ៖ ថ្មីៗ​នេះ​ពិធី​ការិនី​ទូរទស្សន៍ និង​​តារា​សម្តែង​​ស្រី​ដែល​រយាល​ពី​ការ​ថត​កុន​​សម្រស់​កាន់​​​តែ​ផូរផង់​ខ្លាំង​កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បង្កើត​ភាព​ភ្ញាក់​ផ្អើល​ដល់​មហាជន​ជាមួយ​នឹង​ការ​បង្ហោះ​​​សារ​តាម​ហ្វេសប៊ុក​ បង្ហើប​រឿង​លើក​​ពេល​ចូល​រោង​ជ័យ​ទៅ​​ឆ្នាំ​ក្រោយ​វិញ​​ ព្រោះ​តែ​​ឧបសគ្គ​បង្ក​​​​ឡើង​​ដោយសារ​ជំងឺ​កូវីដ ​១៩ ​នោះ​។


បើ​តាម​កត់​សម្គាល់​នោះ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ តារា​សម្តែង និង​ពិធី​ការិនី​ទូរទស្សន៍​ សម្រស់​មិន​ចាស់​តាម​វ័យ​​កញ្ញា​ ហ៊ិន ច័ន្ទនីរ័ត្ន ហាក់​ដូចជា​មាន​ភាព​​រយាល​នឹង​ការ​​​សម្តែង​​សិល្បៈ​បន្តិច​ ដោយសារ​គេ​សង្កេត​​ឃើញ​ថា​ មាន​ការ​​មមាញឹក​​នឹង​ការ​បើក​​អាជីវកម្ម​​​លក់​គ្រឿង​សម្អាង​កាយ​ម៉ាក​​​ U.Me និង ELMA ដែល​​ជា​ផលិតផល​កំពុង​ល្បី​នៅ​កម្ពុជា ដែល​ជា​​ដើម​ចម​​មួយ​​នៃ​អាថ៌​កំបាំង​​សម្រស់​ស្រស់​ស្អាត​ នៅ​ក្មេង​ជា​និច្ច​​របស់​កញ្ញា​​​ទៀត​ផង​​​។​


អម​នឹង​រូប​ថត​​ស្លៀក​ពាក់​បែប​ប្រពៃណី​​មួយ​សន្លឹក​​មាន​ទឹក​មុខ​ញញឹម​ស្រស់​ពព្រាយ​​ សាច់​សខ្ចី​​នោះ​ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក៏​បង្ហោះ​​​សារ ​១ ឃ្លា​ថា៖ «​ឆ្នាំ​​​​​នឹង​អត់​ទាន់​ការ​ ព្រោះ​កូវីដ​ចាំ​​ឆ្នាំ​ក្រោយ​ ​(kidding)»។​


ខណៈ​មួយ​​​រំពេច​ក្រោយ​មក​​​​ក៏​​មាន​​​​អ្នក​គាំទ្រ​​​ជា​ច្រើន​បង្ហាញ​ការ​អបអរ​​​​សាទរ​​​ដោយ​ប្រើ​ជា​សញ្ញា​រូប​​បេះដូង​បង្ហាញ​ការ​ស្រឡាញ់ និង​​ចុច​ Like ហើយ​ក៏​មាន​​អ្នក​​ខំមិន​​យ៉ាង​​ច្រើន​​ជា​​ហូរហែ​​។​ គេ​ឃើញ​​​មាន​​អ្នក​ខ្លះ​​​សរសេរ​​​ថា៖ ​«​ចឹង​​ហ្វែន​ជិត​បាន​​​ញ៉ាំ​ការ​​បង​ភិមាន​ហើយ។ សុំ​ធ្វើ​កូន​ព្នាយ​​​ផង​​បង។​ ចង់​ឃើញ​កូន​កំលោះ​​អាយ​ដល់​ សុំ​ប្រាប់​​ការ​​ផង!»។​ ឯ​អ្នក​​ខ្លះ​និយាយ​ថា​៖ «​Idol​ ចេះ​​លេង​សើច​ទៀត។​ កំប្លែង​​ស្ងួត​ណាស់​​​អាយ​​​ដល់​ខ្ញុំ​។ ​ឆ្នាំ​ក្រោយ​ក៏​បាន​ Ok! គឺ​លើក​ទៅ​ឆ្នាំ​ក្រោយ​​ ហើយ​​​បង​ប្អូន​យើង!»។


ទោះបី​ជា​មាន​ការ​បញ្ជាក់​នៅ​​​​​ក្នុង​សារ​របស់​​ពិធីការិនី​ស្រស់​វ័យ​​ច្រើន​​តែ​សម្រស់​​​​នៅ​តែ​​​ក្មេង ​ហ៊ិន​ ច័ន្ទ​នីរ័ត្ន​ ដែល​សរសេរ​​ថា «​គ្រាន់​តែ​​​​និយាយ​​លេង​» មែន​ក្តី​​ ក៏​មិន​ស្ងប់​ចិត្ត​​នឹង​សេចក្តី​ចង់​ដឹង​​​ចង់​​ឮ​ការ​ពិត​ពី​​​មហាជន​ដដែល ខណៈ​​ភ្នំពេញ​​​ប៉ុស្តិ៍​ក៏​មិន​​​អាច​ទទួ​ល​ការ​បញ្ជាក់​ពី​តារា​ស្រី​​រូប​នេះ​បាន​ទេ​ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​​​ធ្លាប់​ទាក់ទង​ពី​​មុន​ នា​ពេល​​នេះ​​​មិន​​​អាច​​​ទំនាក់ទំនង​បាន​ឡើយ​​។


គួរ​រំឭក​ដែរ​ថា ​​អាជីវកម្ម​ក្រៅ​​សិល្បៈ​​​លក់​​​គ្រឿង​សម្អាង​កាយ​​​​ U.Me និង ELMA នោះ គេ​ឃើញ​កញ្ញា ហ៊ិន ច័ន្ទ​​នីរ័ត្ន​ មាន​​តួនាទី​ជា​ CEO ​ក្រុមហ៊ុន​ ហើយ​​​​ក៏​ធ្លាប់​​​ផ្សព្វផ្សាយ​​ពី​ផលិតផល​នោះ​​​ដែរ​ថា៖ «​ម្ចាស់​​ក្រុមហ៊ុន​ក៏​ប្រើ តារា​ផ្សព្វផ្សាយ​ក៏​ប្រើ អ្នក​លក់​​ក៏​ប្រើ ​អ្នក​ទិញ​​​ក៏​ពេញ​ចិត្ត​។ ក្នុង​នាម​នាង​​ខ្ញុំ​ជា​តំណាង​ក្រុមហ៊ុន មាន​​ការ​ជឿ​ជាក់​​ជាមួយ​​ផលិតផល​​ធម្មជាតិ​ 100% បាន​ទាំង​ស្អាត បាន​​ទាំង​សុខភាព​ស្បែក ជា​ពិសេស អ្នក​ចែក​ចាយ​​បាន​​​ទាំង​​លុយ ​ស្រួល​លក់ ស្រួល​ចំណេញ ​ផ្សព្វផ្សាយ​​ទូលំទូលាយ​ជាមួយ​នឹង​ផលិតផល​​គុណភាព​លំដាប់​​ខ្ពស់​ប្រចាំ​ក្នុង​ឆ្នាំ​ ២០២០ ដែល​ជា​ផលិតផល​​​សម្រស់​បែប​ធម្មជាតិ ​មន្ត​ស្នេហ៍ ​សម្រស់​បែប​​ធម្មជាតិ​ ពោល​គឺ​ស្រឡាញ់​​ស្បែក​​ធម្មជាតិ​ស្រឡាញ់ U.Me ​និង ELMA»៕​