សុខ សីឡាលីន បញ្ជាក់​រឿង​​ដែល​ឧស្សាហ៍​ដូរ​ស្ទីល​តែង​ខ្លួន​

Content image - Phnom Penh Post
ការ​ឧស្សាហ៍​ដូរ​ស្ទីល​តែង​ខ្លួន​​ប្លែកៗ​​របស់​កញ្ញា សុខ សីឡាលីន ​​ធ្វើ​​ឲ្យ​មហាជន​ងឿង​ឆ្ងល់​។ រូបថត ហ្វេសប៊ុក​

ភ្នំពេញ៖ បង្កើត​​ការ​ភ្ញាក់​ផ្អើល​ទាំង​មជ្ឈដ្ឋាន​មហាជន និង​សង្គម​សិល្បៈ​សា​ជា​ថ្មី​ម្តង​ទៀត​ពី​ភាព​ប្រែប្រួល​របស់​តារា​ចម្រៀង​ស្រី ​ដែល​​​និយម​បក​ស្រាយ​ចម្រៀង​ និង​លេង​ស្ទីល​បែប​បរទេស​​កញ្ញា សុខ សីឡាលីន ខណៈ​ថ្មីៗ​ងាក​មក​ដូរ​ស្ទីល​​​តែង​​ខ្លួន​​ប្លែកៗ​បែប​ខ្មែរ​មើល​ទៅ​​គួរ​ឲ្យ​ស្រឡាញ់ និង​ស្រស់​ស្អាត​ ​ហាក់​ដូចជា​ទំនោរ​ថ្មី​​ខុស​ពី​មុន​របស់​នាង​។​

កញ្ញា សុខ សីឡាលីន ដែល​ជា​សមាជិក​គណៈកម្មការ​ម្នាក់​​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក X Factor Cambodia រដូវកាល​ទី​ ១ នៅ​​​ទូរទស្សន៍​ហង្សមាស​ ​កំពុង​ឈាន​មក​ដល់​​​​វគ្គ​ Live​ Show សប្តាហ៍​ទី ​៦ ខណៈ​នៅ​សល់​តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​​នឹង​រក​ឃើញ​ម្ចាស់​ពាន​នោះ​ ក៏​ទទួល​បាន​ការ​​​ចាប់​អារម្មណ៍​ជា​ពិសេស ​ពី​មហាជន​ផង​ដែរ​ទៅ​លើ​ការ​ដូរ​ស្ទីល​តុបតែង​ខ្លួន​ប្លែកៗ​បែប​ជា​ស្រ្តី​ខ្មែរ​។​

មហាជន​ក៏​ស្រាប់​តែ​​លាន់​មាត់​​ដោយ​ចម្លែក​អារម្មណ៍​លើ​ការ​តុបតែង​ខ្លួន​របស់​​កញ្ញា​ សុខ សីឡាលីន ថា៖ «អីយ៉ា! ​​តាំង​ពី​​ក្លាយ​ជា​គណៈកម្មការ​​​​កម្មវិធី​​ X Factor Cambodia ​មក កញ្ញា សុខ សីឡាលីន ហាក់​ដូច​ជា​ឧស្សាហ៍​ដូរ​​ស្ទីល​តែង​​ខ្លួន​បែប​ជា​ស្រ្តី​ខ្មែរ​ច្រើន​ជាង​កាល​​ពី​​មុន។​ ដល់​តែង​អ៊ីចឹង​ មើល​ទៅ​ស្អាត​ខ្លាំង​​ណាស់​ Idol! តើ​នេះ​​ស្ទីល​ចេញ​​ពី​​ចិត្ត​ស្រឡាញ់​ ឬ​ក៏ជា​ការ​ធ្វើ​តាម​ការ​តម្រូវ​របស់​កម្មវិធី​ហ្ន?»។​

គួរ​បញ្ជាក់​ថា តារា​ចម្រៀង​ស្រី​ល្បី​នៅ​លើ​ទ្រនំ​ហង្សមាស​ សុខ សីឡាលីន ក៏​​​​ធ្លាប់​បាន​​ធ្វើ​ឲ្យ​ផ្ទុះ​ការ​​ភ្ញាក់​ផ្អើល​ខ្លាំង​​​ប៉ុន្មាន​​​ខែ​មុន គឺ​ការ​បែក​ធ្លាយ​នូវ​បណ្តុំ​រូបថត​​រៀប​មង្គល​ការ​ក្លែងក្លាយ​​កាល​ពី​ខែ ​ឧសភា ឆ្នាំ​ ២០១៩ កន្លង​មក​ ​ដោយ​អត់​មាន​​វត្តមាន​ក្រុម​អ្នក​សិល្បៈ​​មក​ចូលរួម​ឲ្យ​ភ្លូក​ទឹក​ភ្លូកដី​ដូច​ជា​ពិធី​មង្គលការ​របស់​មិត្ត​រួម​ទ្រនំ​តារា​ចម្រៀង​ស្រី ឱក សុគន្ធកញ្ញា នោះ​ឡើយ ​គឺ​ថា​រៀបចំ​បែប​ស្ងាត់ៗ​យ៉ាង​តក់​ក្រហល់​នោះ​​។​

កញ្ញា សុខ សីឡាលីន ក៏​បញ្ជាក់​ប្រាប់​​​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​​ដឹង​​ថា​៖ «​ជា​ដំបូង​នាងខ្ញុំ សូម​ឆ្លៀត​ថ្លែង​អំណរគុណ​ដល់​​បងប្អូន​ប្រិយមិត្ត​ទាំង​អស់​ដែល​ស្រឡាញ់​គាំទ្រ​នាង​ខ្ញុំ​រហូត​មក និង​​តាម​ដាន​ពី​បច្ចុប្បន្នភាព​នៃ​​រឿង​​ថ្មីៗ​​​​នាង​ខ្ញុំ​ទៀត​ ជាពិសេស​មតិយោបល់​ សម្រាប់​ការងារ​របស់​នាង​​ខ្ញុំ​នៅ​ក្នុង​កម្មវិធី​ X Factor Cambodia តែ​ម្តង។ តាម​ពិត​ទៅ ការ​​ដែល​​ខ្ញុំ​ឧស្សាហ៍​លេង​ស្ទីល​ប្លែក​នេះ ក៏​អាច​​និយាយ​​បាន​​ថា​មក​ពី​​កម្មវិធី​ល្បី​លំដាប់​​ពិភព​​លោក​តម្រូវ​ឲ្យ​​ខ្ញុំ​​ រំលេច​ចេញ​​ភាព​ប្លែក​​ដូច្នេះ​ក៏​អាច​ថា អ៊ីចឹង​​បាន។​ ម្យ៉ាង​​ទៀត​​វា​ក៏ជា​ចំណូល​​ចិត្ត​របស់​​ខ្ញុំ​ផង​​ដែរ ដោយសារ​កន្លង​មក​ខ្ញុំ​ច្រើន​តែ​តុបតែង​តាម​ភាព​ជាក់ស្តែង​ក្នុង​​កម្មវិធី​ច្រៀង​នានា​ ហើយ​​​​​ខ្ញុំ​ឧស្សាហ៍​​​​ច្រៀង​បទ​បរទេស​៕