សួង ស៊ីធឿន តារា​ស្រី​ល្បី​តួ​ខ្មោច មិន​ទាន់​កាត់​ចិត្ត​ដាច់​ពី​សង្សារ​ស្លាប់​

Content image - Phnom Penh Post
កញ្ញា សួង ស៊ីធឿន និង​បុរស​ជា​គូស្នេហ៍ ដែល​អកុសល​បានលាចាកលោក​​។ រូបថត ហ្វេសប៊ុក

ភ្នំពេញ៖ ខណៈ​អនាគត​គូដណ្តឹង​ ដែល​ត្រៀម​ដឹក​ដៃ​គ្នា​ធ្វើ​ពិធី​​ភ្ជាប់​ពាក្យ​នៅ​​ខែ​វិច្ឆិកា តែ​​អកុសល​​​បាន​រងគ្រោះ​ថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិត​កាល​ពី​ចុង​ខែ​សីហា​នោះ​ រំលង​វេលា​ច្រើន​ថ្ងៃ​​ហើយ តារា​សម្ដែង​​រូប​ស្រស់​​កញ្ញា សួង ស៊ីធឿន​ ​នៅ​តែ​ពុំ​ទាន់​ស្រាកស្រាន្ត​ពី​ទុក្ខ​ស្នេហ៍​ព្រាត់​​ស្លាប់​ ដោយ​នាង​ទទូច​ចង់​នៅ​ស្ងប់ស្ងាត់​ផ្ដាច់​ទំនាក់ទំនង​ពី​ពិភព​ខាង​ក្រៅ។

នៅ​លើ​បណ្តាញ​សង្គម​របស់​តារា​ស្រី​រូប​នេះ​ផ្ទាល់ កញ្ញា​​បាន​បង្ហោះ​សារ​យ៉ាង​សោក​សង្រេង​ថា៖ ​«​កុំ​ខ្លាច​ណា​បង ​អូន​នៅ​ជិត​បង​ខែ ​១១ យើង​​ភ្ជាប់​ពាក្យ​» រួម​ជាមួយ​រូបភាព​បង្ហាញ​ពី​កញ្ញា សួង​ ស៊ីធឿន​ ​អង្គុយ​ជិត​មនុស្ស​ម្នាក់​​​ដេក​ស្តូក​ស្តឹង​ដណ្តប់​ដោយ​ក្រណាត់​ស​ និង​មាន​ដុត​ធូប​ខាង​ចុង​ជើង​ដូច​ជា​កំពុង​ដង្ហោយ​ហៅ​គូ​ស្នេហ៍​ឲ្យ​ត្រឡប់​មក​វិញ​យ៉ាង​ក្រៀម​ក្រំ»​។

បន្ទាប់​ពី​បាន​បង្ហោះ​រូបភាព​កាន់​ទុក្ខ​យ៉ាង​ក្រៀមក្រំ​នៅ​ក្នុង​បណ្តាញ​សង្គម​​ជា​សាធារណៈ​ហើយ​ មាន​អ្នក​​លេង​ក្នុង​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​សរសេរ​សារ​លើក​ទឹក​ចិត្ត​ ឲ្យ​តារា​ស្រី​រូប​នេះ​រឹង​មាំ និង​អ្នក​ខ្លះ​ទៀត​បែរ​ជា​គិត​ថា​ ជា​ការ​រៀបចំ​ការ​សម្តែង​​ភាពយន្ត​ទៅ​វិញ​។

បុរស​ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​ដល់​ទទួល​មរណភាព​​ ដែល​មាន​គេ​ស្គាល់​ច្បាស់​ថា ​​ជា​គូ​ស្នេហ៍​របស់​តារា​សម្តែង​ស្រី​​ល្បី​ជា​តួ​​ខ្មោច​ កញ្ញា ​សួង​ ស៊ីធឿន​ ត្រូវ​បាន​គេ​ដឹង​ថា​ឈ្មោះ​ សូ តារា ដោយ​លោក​មិនមែន​ជា​អ្នក​សិល្បៈ​នោះ​ទេ​។

មុន​ពេល​កើត​ហេតុការណ៍​​​គួរ​ឲ្យ​សោក​ស្តាយ​ដែល​ត្រូវ​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ត្រៀម​នឹង​ដឹក​ដៃ​ចូល​ពិធី​ភ្ជាប់​ពាក្យ​បញ្ចប់​ពាក្យ​សង្សារ​ តារា​ស្រី​រូបស្រស់​ឆ្វាក់​តំណែង​​តួ​ខ្មោច ​កញ្ញា សួង ស៊ីធឿន ​ក៏​​បាន​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ក្នុង​បណ្តាញ​សង្គម​​ជា​ច្រើន​សន្លឹក​ដោយ​បើក​ចំហ ធ្វើ​ឲ្យ​មហា​ជន​មាន​ការ​ស្ងើច​សរសើរ​តារា​សម្តែង​ស្រី​រូប​នេះ​ហ៊ាន​បញ្ចេញ​ពី​ទំនាក់​ទំនង​ស្នេហ៍​ ដោយ​មិន​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​។

តារា​សម្តែង​ស្រី​វ័យ​ក្មេង​ដែល​បាន​​អភិវឌ្ឍ​ខ្លួន​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​​បាន​យ៉ាង​ឆាប់​រហ័ស​ និង​មាន​ទីផ្សារ​សម្តែង​ភាពយន្ត​ជា​ពិសេស​​កុន​ខ្មោច​កញ្ញា សួង​ ស៊ីធឿន​ បាន​ឆ្លើយ​តប​មក​កាន់​ ​​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​​នាទី​ដ៏ខ្លី​​​ថា​៖ ​«​សុំទោស​បង​ នៅ​ពេល​នេះ​ខ្ញុំ​មិន​មាន​អារម្មណ៍​ក្នុង​ការ​បក​ស្រាយ​អ្វី​ទាំង​អស់​ពិត​ជា​សុំទោស​មែន​»។

បើ​គិត​ចាប់​ពី​ថ្ងៃ​កើត​ហេតុ​​​ពី​ថ្ងៃ​ទី​ ២៧ ខែ សីហា ឆ្នាំ ​២០១៩ កន្លង​​មក​នេះ​ ពិធី​បុណ្យ​ ៧​ ថ្ងៃ​ នៃ​សព​លោក​ សូ តារា អនាគត​គូ​​ដណ្តឹង​តារា​សម្តែង​ស្រី​សាច់​ស​ខ្ចី​ សួង ស៊ីធឿន​ គឺ​ត្រូវ​បញ្ចប់​សព្វ​គ្រប់​ហើយ​ដែរ​ ប៉ុន្តែ​​អតីត​ Freshie Girl ជំនាន់​ទី ​១៥​ រូប​នេះ​នៅ​តែ​មិន​ទាន់​ដាច់​អាល័យ​ និង​អាច​កាត់​បាន​ពី​គូ​ស្នេហ៍​នោះ​ទេ ដោយ​សង្កេត​ឃើញ​​ថា​នាង​តែងតែ​បន្ត​បង្ហាញ​ភាព​​ក្រៀមក្រំ​នៅ​ក្នុង​បណ្តាញ​សង្គម​ជា​រៀងរាល់​ថ្ងៃ​ក្រោយ​ពេល​​​គូ​​កំណាន់​ចិត្ត​ដែល​កៀក​ថ្ងៃ​បំពាក់​ចិញ្ចៀន​​ភ្ជាប់​ពាក្យ​បែរ​ជា​លា​ចាក​លោក​នេះ​​​៕