ក្រុង​យ៉ាំងហ្គូន៖ យុវវ័យ​ទំនើង គូកន​ខ្ទើយ ​និង​នារី​រក​ស៊ី​​ផ្លូវ​ភេទ​ជា​តួ​ប្រឌិត​ក្នុង​កម្មវិធី​សិក្សា​ថ្មី​របស់​មីយ៉ាន់ម៉ា​​ ជា​សៀវភៅ​កំពុង​បង្ក​ប៉ះពាល់​ជីវិត​ពិត​ក្នុង​ប្រទេស​ដ៏​សែន​អភិរក្ស​និយម​មួយ​នេះ​។​


នៅ​មីយ៉ាន់ម៉ា សិច​ក្រៅ​ចំណង​​អាពាហ៍ពិពាហ៍ ជា​ទង្វើ​ខុស​ក្រឹត្យ​ក្រម។ ស្នេហា​យុវវ័យ​មិន​គាប់​ភ្នែក​​ចាស់​ទុំ ហើយ​ចំណង​ស្នេហ៍​ភេទ​​​ដូច​គ្នា​កាន់​តែ​ខុស​គន្លង​ថែម​ទៀត​។ ប៉ុន្ដែ​ការ​អប់រំ​ផ្លូវ​ភេទ​នៅ​តែ​ចាំបាច់​ត្រូវ​ធ្វើ​។


មនុស្ស​ជិត ៨ ពាន់​នាក់​បាន​ស្លាប់​ក្នុង​ឆ្នាំ ​២០១៨ ព្រោះ​តែ​ជំងឺ​ទាក់ទង​នឹង​អេដស៍ ក្នុង​ប្រទេស​ដែល​មាន​អត្រា​មរណៈមាតុភាព​ខ្ពស់​បំផុត​លំដាប់​ទី ២ នៅ​តំបន់​អាស៊ី​បន្ទាប់​អាហ្វហ្គានីស្ថាន ហើយ​ក្រុម​សិទ្ធិ​ស្ដ្រី​ IPAS បាន​ប៉ាន់​ប្រមាណ​​ថា ការ​រំលូត​កូន​អសុវត្ថិភាព​ប្រមាណ ២៥ ម៉ឺន​ករណី ​ត្រូវ​បាន​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ​។


យុវវ័យ​ទើប​តែ​​ទទួល​ការ​អប់រំ​​ផ្លូវ​ភេទ​អំឡុង​ឆ្នាំ​ ២០១៦ នៅ​ពេល​រដ្ឋាភិបាល​ថ្មី​របស់​លោក​ស្រី អ៊ុងសាន ​ស៊ូជី បាន​ប្ដេជ្ញា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​សិក្សា​ដ៏​ហួស​សម័យ​របស់​ប្រទេស​។


ប៉ុន្ដែ​គ្រូ​ដ៏​មាន​ការ​អៀន​ខ្មាស់​តែងតែ​រំលង​ប្រធានបទ​រសើប​ចាប់​ពី​បញ្ហា​ការ​មក​រដូវ និង​ការ​ពន្យារ​កំណើត​រហូត​ដល់​ជំងឺ​ឆ្លង​ពី​ការ​រួម​ភេទ​ជាដើម​។


សៀវភៅ​មាន​សាច់រឿង​អប់រំ​យុវវ័យ​ងប់ស្នេហា​ជាង​ការ​សិក្សា និង​​គូស្នេហ៍​ភេទដូចគ្នាជាដើម។ រូប AFP

សៀវភៅ​អំណាន​ថ្មី​សម្រាប់​ឆ្នាំ​សិក្សា​នេះ​ ដែល​គ្រោង​ចាប់​ផ្ដើម​​ក្នុង​ខែ​កក្កដា ​រួម​ទាំង​សេណារីយ៉ូ​មួយ​ចំនួន​ដូចជា​យុវវ័យ​ផ្ដោត​លើ​ស្នេហា​សំខាន់​ជាង​ការ​សិក្សា​ គូស្នេហ៍​ខ្ទើយ​ដែល​​ធ្វើ​ឲ្យ​បែក​ស្រោម និង​ភ្ញៀវ​នៅ​ហាង​ខារ៉ាអូខេ​ឲ្យ​លុយ​​​​នារី​រត់​តុ​ជា​ថ្នូរ​នឹង​សិច​ជាដើម​។

កម្មវិធី​អប់រំ​ផ្លូវ​ភេទ​នេះ ធ្លាប់​ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ក្នុង​ប្រទេស​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា​មួយ​​នេះ​មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​។

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ Aung Pho Min បាន​សរសេរ​សំដៅ​រូប​ថត​ក្រប​សៀវភៅ​​សម្រាប់​​សិស្ស​វ័យ​ ១៦-១៧ ឆ្នាំ​ ដែល​បង្ក​ឲ្យ​មាន​ជជែក​គ្នា​​បែក​ផ្សែង​តាម​អនឡាញ​ថា​៖ «​តើ​នេះ​ជា​សៀវភៅ​រៀន​​​ ឬជា​សៀវភៅ​អាសអាភាស​?»។

យុវវ័យ​​ដែល​ទីភ្នាក់ងារ AFP សាក​សួរ​បាន​ផ្ដល់​​សញ្ញា​មេដៃ​ល្អ​ចំពោះ​ការ​សិក្សា​​អប់រំ​ផ្លូវ​ភេទ​ ដោយ​បាន​សារភាព​ថា ពួក​គេ​បាន​ព័ត៌មាន​ទាំង​នេះ​​តែ​ពី​ហ្វេសប៊ុក​ និង​មិត្ដភក្ដិ​​។

Yoon Shwe Bhon អាយុ ១៦ ឆ្នាំ​និយាយ​ថា​៖ «​ខ្ញុំ​បាន​​អាន​បញ្ហា​ផ្លូវ​ភេទ​នេះ ​តែ​នៅ​​លើ​អនឡាញ​ប៉ុណ្ណោះ​។ ដូច្នេះ​វា​ពិត​ជា​សំខាន់​​ណាស់​»។

PhyuPhyu Thin ជា​អ្នក​បង្កើត​យុទ្ធនាការ និង​សមាជិក​សភា​មក​ពី​គណបក្ស​សម្ព័ន្ធជាតិ​ ដើម្បី​ប្រជាធិបតេយ្យ​បាន​និយាយ​ថា​៖ «​អ្នក​ដែល​ប្រឆាំង​នឹង​កម្មវិធី​សិក្សា​ទាំង​នេះ​ ជា​មនុស្ស​មិន​រស់​នៅ​ក្នុង​សង្គម​ពិត​ឡើយ​»៕ AFP/HR