ភ្នំពេញ៖ សេង ហុកហេង ជាក្រុមជំនាញផ្ដល់សេវាធ្វើម្ហូបចល័តដ៏មានបទពិសោធ បាននិងកំពុងរៀបចំកម្មវិធីជាច្រើនចាប់ពីពិធីអាពាហ៍ពិពាហ៍ ជប់លៀងផ្សេងៗ រហូតដល់ឱកាសជួបជុំតូចធំ។
នេះជាលើកដំបូង ដែលអ្នកជំនាញធ្វើម្ហូបចល័តនេះ បានទទួលរៀបចំបង្អែមខ្មែរក្នុងកម្មវិធីអាពាហ៍ពិពាហ៍ចំពោះឱកាសនៃការគាំទ្រដល់ការអំពាវនាវរបស់រដ្ឋាភិបាល និងចង់ផ្សព្វផ្សាយមុខបង្អែមខ្មែរឲ្យកាន់តែទាក់ទាញ។
លោក ទូច រដ្ឋា នាយកគ្រប់គ្រងទូទៅចុងភៅ សេង ហុកហេង បានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «អត់ដែលមាននរណាប្រើអំបុក ទឹកដូង និងចេកធ្វើជាបង្អែមក្នុងកម្មវិធីមង្គលការ បុណ្យ ឬជប់លៀងអ្វីផ្សេងៗនោះទេ។ នេះជាលើកទីមួយបង្អស់ហើយ ហើយវាជាព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រផង និងអនុស្សាវរីយ៍ប្រចាំឆ្នាំ ២០១៩ ផង»។
លោកបានឲ្យដឹងថា៖ «ក្នុងការប្រកាសសម្ដេចនាយករដ្ឋមន្ដ្រី ឲ្យយើងទទួលទានអំបុករួមគ្នា ហើយតាមការពិតវាក៏ជាឱកាសដែលយើងធ្លាប់ធ្វើកន្លងមក ខ្ញុំក៏ទទួលការកុម្ម៉ង់បញ្ចូលមុខបង្អែមអំបុកទឹកដូងខ្ចី និងចេកពងមាន់ សម្រាប់កម្មវិធីមង្គលការមួយនៅថ្ងៃទី ៩។ អ៊ីចឹង ខ្ញុំក៏ឆ្លៀតឱកាសនេះ សរសេរអត្ថបទអំពីអត្ថន័យចំពោះការគាំទ្រផលិតផលក្នុងស្រុក ដូចជា អំបុក ទឹកដូង និងចេក ទទួលទានក្នុងកម្មវិធីផ្សេងៗទៀតនៅថ្ងៃក្រោយ»។
ជាការសួរយោបល់ពីបំណងចង់ដាក់បង្អែមអំបុកទឹកដូងខ្ចី និងចេកពងមាន់របស់កូនកំលោះកូនក្រមុំ ដែលត្រៀមចូលរោងការនៅថ្ងៃទី ៩ ខែវិច្ឆិកាខាងមុខនេះ នាយកគ្រប់គ្រងទូទៅ សេង ហុកហេង ដែលផ្ដល់ចម្បងលើសេវាកម្មគុណភាពប្រកបដោយអនាម័យ និងតម្លៃសមរម្យលោក ទូច រដ្ឋា មានអារម្មណ៍ប្លែកក្នុងចិត្ដ និងស្វាគមន៍ចំពោះគោលបំណងដ៏ល្អមួយនេះ។
លោកបានបន្ដថា៖ «ដោយសារកន្លងមក មិនមាននរណាដាក់ក្នុងតារាងមីនុយ និងដោយសារមិនសូវមានអ្នកហូបញឹកញយ អ៊ីចឹងគាត់សួរថា បើគាត់ចង់ដាក់បង្អែមនេះយ៉ាងម៉េចដែរ។ ក្នុងនាមយើងជាអ្នកធ្វើ ដែលយើងចូលចិត្ដអ្វីថ្មី និងចង់ឲ្យមានការចាប់អារម្មណ៍ យើងក៏ជំរុញគាត់តែម្ដងជាមួយការរៀបចំជូនយ៉ាងពិសេស ដូចជា ការរៀបចំដាក់លើកញ្ច្រែង និងសម្ភារខ្មែរផលិតឡើងដោយដៃ»។
បើទោះជាការរៀបចំមុខបង្អែមខ្មែរដ៏កម្រនេះលើតុមង្គលការត្រូវមានការចំណាយលើសម្ភារតុបតែងខ្ពស់យ៉ាងណាក៏ដោយ ក៏លោក រដ្ឋា មិនរួញរាក្នុងការរចនាសម្អិតសម្អាងយ៉ាងពិសេសសម្រាប់ឱកាសអាពាហ៍ពិពាហ៍នេះឡើយ ដោយសារលោកមានបំណងចម្បងលើការលើកស្ទួយបង្អែមខ្មែរឲ្យកាន់តែមានការគាំទ្រខ្លាំង និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។
លោកបានឲ្យដឹងថា៖ «ការរៀបចំកញ្ច្រែង និងសម្ភារផ្សេងៗ ១ ឈុត សម្រាប់តុអាហារមួយ វាជាការចំណាយច្រើនគួរសមដែរ តែរូបភាពទទួលមកវិញ គឺវាមានភាពទាក់ទាញ ហើយម្យ៉ាងវិញទៀត ក្នុងឱកាសនោះ មានមនុស្សហូបច្រើន ក៏យើងគិតថា វាបានគាំទ្រដល់ផលិតផលក្នុងស្រុកដែរ ជាជាងយើងប្រើបង្អែមមួយចំនួន ដែលនាំចូលវត្ថុធាតុដើមពីក្រៅមក»។
ក្រោមពាក្យពេចន៍ជូនពរពីចាស់ព្រឹទ្ធាចារ្យដែលតែងតែលើកឡើងថា «សុំឲ្យរកស៊ីមានបាន កើតកាលវាលគុម្ព ត្រជាក់ត្រជំ ដូចទឹកអង្គបំពង់ខ្ចី» លោក រដ្ឋា បានបកស្រាយថា វាមានអត្ថន័យដូចទឹកដូង និងចេកផ្អែមឈ្ងុយឆ្ងាញ់សម្រាប់ពិធីមង្គលនេះ។
គួបជាមួយរូបភាពស្រស់ស្អាតពីការរៀបចំអំបុក ទឹកដូង និងចេកដ៏គួរឲ្យទាក់ទាញ យើងចាប់ផ្ដើមទទួលការកុម្ម៉ង់បណ្ដើរៗ ដូចជា ការបង្កក់ចៅ និងកម្មវិធីឡើងផ្ទះជាហូរហែ។
លោក រដ្ឋា បាននិយាយថា៖ «ចំពោះអាពាហ៍ពិពាហ៍នៅថ្ងៃទី ៩ យើងត្រៀមអំបុករាប់រយគីឡូក្រាម ខណៈនៅថ្ងៃទី ៨ ក្នុងកម្មវិធីបង្កក់ចៅ និងថ្ងៃទី ៩ មួយទៀត ជាមួយកម្មវិធីឡើងផ្ទះ យើងក៏បានរៀបចំបង្អែមអំបុកដូចគ្នា»។
នាយកគ្រប់គ្រងទូទៅរូបនេះបានលើកឡើងថា៖ «មិនមានអ្វីពិបាកស៊ាំញ៉ាំនោះទេ ធម្មតាយើងយកចេកមករមៀលលើអំបុក វាជាប់ យើងខាំញ៉ាំទៅ ឬមួយយើងអកអំបុក រួចយើងហូបចេក និងទឹកដូង»។
ជាមួយទស្សនវិស័យផ្ដល់សេវាម្ហូបចល័តប្រកបដោយវិជ្ជាជីវៈ និងស្ដង់ដាអនាម័យខ្ពស់ លោក រដ្ឋា បានឲ្យដឹងថា វាជាចំណុចចាប់ផ្ដើម ដែល សេង ហុកហេង ណែនាំមុខម្ហូប និងបង្អែមខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់ទៀតមកកាន់កម្មវិធីនានា។
ក្រៅពីសេវាធ្វើម្ហូបចល័ត សេង ហុកហេង ផ្ដល់ជូននូវអតិថិជនជាមួយកញ្ចប់សេវាកម្មអូតេសទទួលស្វាគមន៍ភ្ញៀវ សេវាតាមតុ (អ្នករត់តុ) និងអ្នកទទួលភ្ញៀវនៅបរិវេណខាងក្រៅជាដើម។
សេង ហុកហេង ចុងភៅដែលត្រូវបានណែនាំដោយបងប្អូន និងមិត្ដភក្ដិ ស្ថិតនៅផ្ទះលេខ ៦១៥ ផ្លូវ ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយសម្រាប់ព័ត៌មានលម្អិត សុំចូលទៅកាន់វេបសាយ http://www.senghokheng.com/ហ្វេសប៊ុក @senghokhengcateringឬលេខទូរស័ព្ទ ០៨៩ ៣៣៤ ៥៥៥៕
វីដេអូ៖