សេវា​ចែកចាយ ​​ទឹក​ដោះ​គោ​ស្រស់​ ​ដល់​​ទ្វារផ្ទះ ប្រែជា​ពេញនិយម​ឡើង​វិញ​

Content image - Phnom Penh Post
អ្នកចែកចាយទឹកដោះគោ​​កាន់តែ​មមាញឹក​​ពេល​មនុស្ស​នៅផ្ទះច្រើន​។ រូបថត AFP

ក្រុង​ឡុងដ៍: ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទឹក​ដោះ​គោ​ធំបំផុត​ប្រចាំ​ចក្រ​ភព​អង់គ្លេស កាល​ពីថ្ងៃ​ចន្ទ បាន​ឲ្យ​ដឹងថា ខ្លួន​ស្រាប់​តែ​ទទួល​បាន​ប្រជា​ប្រិយភាព​ខ្លាំង​ ដោយសារ​តែ​ក្ដី​កង្វល់​ចំពោះ​កូរ៉ូណា​ ខណៈអ្នក​ដើរ​ផ្សារ​លែង​ទៅ​ផ្សារ​ និង​ជំនួស​ឲ្យ​ការ​កុម្ម៉ង់​សេវាកម្ម​ដឹក​ជញ្ជូន​វិញ​។

ក្រុម​អ្នក​ដឹក​ជញ្ជូន​ទឹក​ដោះ​គោ​ធ្លាប់​តែ​ពេញ​និយម​ និង​មមាញឹកពេល​ជិត​ភ្លឺ​​នៅតាម​ដង​វិថី​នានា​នៃ​ចក្រ​ភព​អង់គ្លេស​ ដោយ​ការ​ដឹក​ជញ្ជូន​ទឹក​ដោះ​គោ​ស្រស់​ៗ​ច្រក​ដប​តាម​រថយន្ដ​វ៉ែន​ ឬ​ទូក​។

សមាជិក​ពាណិជ្ជកម្ម Dairy UK បាន​ឲ្យ​ដឹងថា ៨៩ ភាគរយ​នៃ​ទឹក​​ដោះ​គោ​ទាំង​អស់​ដែលលក់​ដូរ​នៅ​ចក្រ​ភព​អង់គ្លេស ក្នុង​ឆ្នាំ ​១៩៨០ ត្រូវ​បាន​ដឹក​ជញ្ជូន​ដល់​មាត់​ទ្វារ​ តែ​ក្រុមហ៊ុន​ជា​ច្រើន​បាន​បិទទ្វារ​ ដោយសារ​​ចំណូ​លចិត្ដ​អតិថិជន​មាន​ការ​ផ្លាស់​ប្ដូរ និង​ការ​ប្រកួត​ប្រជែង​មា​ន​តម្លៃ​ថោក​នៅ​ផ្សារ​ទំនើប​។

នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ទឹក​ដោះ​គោ​ស្រស់​តែ ៣០ ភាគរយ​នៅត្រូវ​បាន​បន្ដ​ដឹក​ជញ្ជូន​ដល់​មាត់​ទ្វារ​ផ្ទះ ដោយ​បាន​ធ្លាក់​ចុះ ២,៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​។ អតិថិជន​ជា​ច្រើន​សុទ្ធតែ​ជា​មនុស្ស​ចាស់​។

Content image - Phnom Penh Post
ដប​ទទេ​​ ត្រូវបាន​ជំនួស​ឲ្យ​ដប​​ថ្មី ​ពេញដោយទឹកដោះគោ​​​ស្រស់​។ រូបថត AFP

បច្ចុប្បន្ន ខណៈ​កូវីដ​១៩ កំពុង​រីក​រាល​ដាល​ខ្លាំង ហើយ​រដ្ឋាភិបាល​ណែនាំ​ឲ្យ​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ​ដើម្បី​បញ្ចៀស​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​ នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន Milk & More លោក ផាទ្រីក មូលល័រ បាន​និយាយ​ថា សេវាកម្ម​បែប​ប្រពៃណី​នេះ​មាន​ប្រជា​ប្រិយ​ភាព​វិញ​។

លោក​បាន​បន្ថែម​ថា៖ «​យើង​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន​ដែល​បម្រើ​សេវាកម្ម​ជា​ច្រើន​ទសវត្សរ៍ តែ​យើង​មិន​ធ្លាប់​ដើរ​តួ​នាទី​សំខាន់​បែប​នេះ​ឡើយ​ ខណៈ​យើង​កំពុង​បំពេញ​កិច្ច​ការ​ក្នុង​ដំណាក់​កាល​នៃ​វិបត្ដិ​ចំពោះ​បញ្ហា​សុខភាព​នេះ​»។

លោក ខូលីន ហេនឌើសុន ជា​អ្នក​ដឹក​ជញ្ជូន​មក​ពី ​Chester-le-Street ភាគ​ឦសានប្រទេស​អង់គ្លេស ដែល​បំពេញ​កិច្ចការ​នេះ ៤០ ឆ្នាំ បាន​និយាយ​ថា​៖ «​ទឹក​ដោះ​គោ​ពេញ-​និយម​វិញហើយ​។ ខ្ញុំ​​ទទួល​បាន​ការ​កុម្ម៉ង់​យ៉ាង​ច្រើន​ពី​អតិថិជន​ ហើយ​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​ដើម្បី​បំពេញ​តម្រូវ​ការ​នេះ​»៕ HR