ក្រុង​ម៉ា្រឌីដ៖ អានឌ័រ មេនដេស និង​ក្រុម​មិត្ដភក្ដិ​រំពឹង​ថា ពួក​គេ​នឹង​ក្លាយ​ជា​អ្នក​មាន​ឆាប់ៗ ពេល​ពួក​គេ​នឹក​ឃើញ​គំនិត​លក់​ស្ករ​គ្រាប់​ចាហួយ​ខ្លា​ឃ្មុំ​រសជាតិ​គ្រឿង​ស្រវឹង រហូត​ដល់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​ស្ករ​គ្រាប់​យក្ស ហារីបូ​។


ឥឡូវ​ជនជាតិ​អេស្ប៉ាញ​ ៣ នាក់​នេះ បាន​និយាយ​ថា ពួក​គេ​បារម្ភ​ពី​ការ​ចាញ់​ប្រៀប​ស្ដេច​ស្ករ​គ្រាប់​អាល្លឺម៉ង់ ដែល​មាន​ឈ្មោះ​ល្បី​ចំពោះ​ការ​ផលិត​ស្ករ​គ្រប់​ចាហួយ​ ជា​ពិសេស​មាន​ប្រវត្ដិ​តាំង​ពី​ ១០០ ឆ្នាំ​មុន​នៅ​ភាគ​ខាង​លិច​ក្រុង​បោន​។


ក្នុង​លិខិត​ផ្លូវ​ច្បាប់​ដែល​​មិន​សូវ​ ផ្អែម​ល្ហែម​ ហារីបូ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ថ្មី​ពី​បទ​បំពាន​រូប​យីហោ​ខ្លា​ឃ្មុំ​តូច​។ ប៉ុន្ដែ​និស្សិត​បញ្ចប់​ការ​សិក្សា​ទាំង​នេះ​បាន​ទទូច​ថា ពួក​គេ​នឹង​បន្ដ​ផលិត​ស្ករ​គ្រាប់​ចាហួយ​ ខ្លា​ឃ្មុំ​ស្រវឹង ដោយសារ​តែ​អតិថិជន​ចូល​ចិត្ដ​។


ដោយ​ការ​បង្កើត​រោងចក្រ​នៅ​ភាគ​ខាង​ជើង​ប្រទេស ​អេស្ប៉ាញ អ្នក​ទាំង ៣ នាក់ ​បាន​បង្កើត​ផលិតផល​គុណភាព​ខ្ពស់​ជាមួយ​រសជាតិ​ ៥ ប្រភេទ ដែល​ច្រក​ក្នុង​​​កែវ​អាច​ផ្ទុក​បាន ៣០ គ្រាប់​ និង​លក់​តម្លៃ ១០ ដុល្លារ​។


ស្ករ​នីមួយៗ​មាន​ពណ៌​ខុសៗ​គ្នា​ដោយ​អាស្រ័យ​ទៅ​តាម​រសជាតិ​របស់​វា​ ដូចជា ពណ៌​ខៀវ​តំណាង​ឲ្យ​ស្រា​រ៉ាំ ពណ៌​ផ្កា​ឈូក​សម្រាប់​ស្រា​ជីន និង​ស្ដ្រូប៊ឺរី ទឹក​ក្រូច​សម្រាប់​ស្រា​វុដកា ហើយ​ពណ៌​ទឹក​ក្រូច ត្នោត​សម្រាប់​វីស្គី និង​កូកា​ ខណៈ​ពណ៌​លឿង​សម្រាប់​ស្រា​តិគីឡា និង​ក្រូច​ឆ្មារ។


ស្ករចាហួយ​ស្រវឹង ៧ ទៅ ៩ គ្រាប់ មានផ្ទុកជាតិ​ស្រា ស្មើនឹង ១៥០ មិល្លីលីត្រ​​។ រូបថត AFP

លោក មេនដេស បាន​ឲ្យ​ដឹង​ថា ​ស្ករ​គ្រាប់​ពី ៧ ទៅ ៩ គ្រាប់ ​ស្មើ​នឹង​ស្រា​ ១៥០ មិលី្លលីត្រ​ ខណៈ​ពី ១៥ ទៅ ១៧ គ្រាប់ ​ស្មើ​នឹង​ស្រា​ជីន​ និង​តូនិក ​១ ​កែវ​ពេញ​។

រីឯ​ស្ករ​ចាហួយ​របស់​ហារីបូ អត់​មាន​គ្រឿង​ស្រវឹង​ទេ និង​លក់​នៅ​រាប់​ពាន់​ហាង ​ជុំវិញ​ពិភព​លោក​ចាប់​ពី​អឺរ៉ុប​រហូត​ដល់​ចិន អូស្ដ្រាលី ប្រេស៊ីល និង​សហរដ្ឋ​អាមេរិក​។

អ្នក​នាំពាក្យ​ក្រុមហ៊ុន​បាន​ប្រាប់ AFP ថា​៖ «​ដោយសារ​វា​ជា​ករណី​ធម្មតា​ ហារីបូ ចាប់​ផ្ដើម​ចុះ​បញ្ជី​ដើម្បី​ការពារ​ស្លាក​យីហោ​ស្រប​ច្បាប់​»។

ប៉ុន្ដែ​​សម្រាប់​លោក មេនដេស ដែល​ដឹកនាំ Osito & Co បាន​ឲ្យ​ដឹង​ថា វាជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​នៅ​ពេល​លោក​បាន​ទទួល​ «​លិខិត​ឲ្យ​បញ្ឈប់​» អាជីវកម្ម​ពី​ក្រុមហ៊ុន​​មេធាវី​​តំណាង​ឲ្យ ហារីបូ​៕ AFP/HR