ស្ងាត់ៗ តារាចម្រៀង វ៉ាន់ នីឡា ប្រកាស​លក់​ផ្ទះ​វីឡា​បន្ទាន់

Content image - Phnom Penh Post
តារាចម្រៀង វ៉ាន់នីឡា និង​រូបភាព​ផ្ទះ​វីឡា​ដែល​នាង​ប្រកាស​ដាក់លក់។ ហ្វេសប៊ុក

ភ្នំពេញ៖ រសាត់​ពី​វិថី​សិល្បៈ​មក​ស្វិតស្វាញ​នឹង​ជំនួញ​លក់​សម្លៀកបំពាក់​ម៉ូដ​បស្ចិមប្រទេស អតីត​តារាចម្រៀង​ជ្រក​នៅ​ទ្រនំ​ភ្លេង​រីខត ដែលមាន​ឈ្មោះ​ពិត សុខ ចិន្តា ហៅ វ៉ាន់ នីឡា នៅសុខៗ​ស្រាប់តែ​ប្រកាស​លក់​ទ្រព្យសម្បត្តិ ជា​ផ្ទះ​វីឡា​ប្រណីត ទាំង​រូបនាង​ពុំ​ធ្លាប់​បង្ហោះ​បង្អួត​ភ្នែក​នរណា​សោះ​នោះ។

ភ្ជាប់​នឹង​រូបថត​សំណង់ផ្ទះ​ដ៏ស្រស់ស្អាត​អតីត​តារាចម្រៀង​កញ្ញា​ វ៉ាន់ នីឡា បានប្រកាស​លក់​ផ្ទះ​បង្ហើរ​តាម​ហ្វេសប៊ុក​ខ្លួន​ដោយសារ​ថា៖ «ផ្ទះ​លក់ និយាយ​ពិត» ដែល​ធ្វើឱ្យ​មិត្ត​បណ្តាញ​សង្គម​ភ្ញាក់ផ្អើល​នឹង​រឿងនេះ​មិនតិច​ឡើយ។

ក្រោយពី​បង្ហោះ​រឿង​លក់​ផ្ទះ​នោះមក​ក៏មាន​ប្រិយមិត្ត​ចូលទៅ​សួរនាំ​ច្រើន ដោយ​មាន​ការជជីក​សួរថា៖ «លក់​ផ្ទះ​នេះ ដើម្បី​ទិញ​ផ្ទះ​វីឡា​ធំ​ជាង​ហ្នឹង​មែន? ហើយ​មាន​ទីតាំង​នៅឯណា? តម្លៃ​ប៉ុន្មាន​ដែរ?»។

យ៉ាងណា​ព័ត៌មាន​លម្អិត​រឿង​លក់​ផ្ទះ​នេះ ជា​ការពិតមែន ឬ​យ៉ាងណា ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទំនាក់ទំនង​កញ្ញា វ៉ាន់ នីឡា បាន​តាម​ទូរស័ព្ទ​ឡើយ ដោយ​ទូរស័ព្ទ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក​ទទួល។

Content image - Phnom Penh Post
កញ្ញា វ៉ាន់នីឡា សកម្ម​នឹង​អាជីវកម្ម​លក់ដូរ​សម្លៀក​បំពាក់ ខណៈ​រាង​នាង​ដូច​ម៉ូដែល​ស្រាប់។ ហ្វេសប៊ុក

ចំណែកឯ​ទីតាំង​ផ្ទះ​លក់​នោះ ទំនង​ជា​ការពិត ដោយ​ឃើញ​កញ្ញា វ៉ាន់ នីឡា បាន​តប​សារ​ថា៖ «ផ្ទះ​នោះ​មាន​ទីតាំងនៅ​ផ្លូវជាតិ​ ៦A នៅ​បាក់ខែង។ ហើយ​ចង់ដឹង​តម្លៃ​អាច​ឆាត​សួរ ឬ Inbox »។

ក្រោយ​ព្យុះ​ជីវិត​ជុំវិញ​បណ្ដឹង​ក្ដីក្ដាំ​ជាមួយ​អតីត​សង្សារ​ជុំវិញ​ការចែកចាយ​រូបភាព​ឯកជន ទោះជា​អតីត​តារាចម្រៀង វ៉ាន់ នីឡា ពុំទាន់​ក្ដាប់​ឱកាស​កាន់​ក្បាល​មេក្រូ​បង្ហើរ​សំនៀង​ក្នុង​ស្ទូឌីយោ ឬ​ឆាក​តន្ត្រី​ដូច​គ្រា​កំពុង​ល្បី​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​គេ​សង្កេតឃើញ​ថា តារា​ស្រី​រូបនេះ​បាន​ងាក​មក​សស្រោកសស្រាំ​នឹង​ការងារ​ជំនួញ​សម្លៀកបំពាក់ ស្រប​ពេលដែល​ដងខ្លួន​ដ៏ស្លីម​របស់​នាង​ក៏​អំណោយផល​ក្នុង​ការធ្វើ​ជា​ម៉ូដែល​ឱ្យ​ផលិតផល​របស់​ខ្លួនឯង​ស្រាប់​ហើយ​នោះ។

គេ​នៅ​ចាំបាន​ថា កាលពី​ដើម​ឆ្នាំ ២០២១ នេះ កញ្ញា វ៉ាន់ នីឡា ហាក់​មាន​ភាពផុសផុល​នឹង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម ជាជាង​ការ​នឹក​ចង់​វិល​មក​ប្រឡូក​ក្នុង​សិល្បៈ​ចម្រៀង​វិញ ខណៈ​កញ្ញាធ្លាប់​បាន​អះអាងថា នឹងមិន​បោះបង់​ចោល​ឡើយ ក្រោយពី​បាត់​មុខ​មួយរយៈ​ធំ​មកនោះ។

អតីត​ជា​តារាចម្រៀង​ជ្រក​នៅ​ទ្រនំ​ភ្លេង​រីខត ជា​បុត្រសម្ព័ន្ធ​ផលិតកម្ម​ហង្សមាស បាន​ព្រលយ​សារ​កាល​ដើមឆ្នាំ​ថ្មី ២០២១ មួយ​ឃ្លា​ថា៖ «ការងារ​ដំបូង​ជាមួយ​បងប្រុស» ដែល​នេះ​ជា​សារ​អម​នឹង​រូបថត​ស្ប៉ត​ពាណិជ្ជកម្ម ជាមួយ​នឹង​តារាសម្តែង​ប្រុស​ម្នាក់​មាន​ត្រេ​មុខ​ដូច​កូនកាត់​បរទេស៕

Content image - Phnom Penh Post
វ៉ាន់នីឡា មាន​សម្រស់ និង​រាងរៅ​ស្រស់ស្អាត ដោយសារ​ការសង្វាត​ហាត់ប្រាណ។ ហ្វេសប៊ុក

Content image - Phnom Penh Post
កញ្ញា វ៉ាន់នីឡា និង​រូបថត​បែប​សិល្បៈ​របស់​នាង។ ហ្វេសប៊ុក

Content image - Phnom Penh Post
តារាចម្រៀង វ៉ាន់នីឡា និង​រូបភាព​ផ្ទះ​វីឡា​ដែល​នាង​ប្រកាស​ដាក់លក់។ ហ្វេសប៊ុក

ព័ត៌មានថ្មីៗ