ក្រុងសេអ៊ូល: ពេលតន្ដ្រីចម្រៀងកុមារ «Twinkle twinkle little star» ចាប់ផ្ដើមបន្លឺក្នុងបន្ទប់រៀនសម្រាប់សិស្សអាយុ ៨ ទសវត្សរ៍នៅកូរ៉េខាងត្បូងអ្នកស្រី ណាម យ៉ាងស៊ុន បានច្រៀងបន្ទរជាមួយមិត្ដរួមថ្នាក់អាយុសុទ្ធតែលើសខ្ទង់ ៧០ ឆ្នាំ។
ជាមួយប្រជាជនសរុបដ៏សម្បូរជនចាស់ជរារបស់កូរ៉េខាងត្បូង និងការធ្វើចំណាកស្រុកពីទីជនបទមកទីក្រុងដ៏ច្រើនសន្ធឹកនាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះសាលាបឋមសិក្សាតាមភូមិកំពុងប្រឈមបញ្ហាខ្វះសិស្ស។
អ្នកស្រី ណាម អាយុ ៨៤ ឆ្នាំជាសិស្សចំណាស់បំផុតក្នុងចំណោម ៣ នាក់រៀនថ្នាក់ទី ២ នៃសាលាបឋមសិក្សា Woldeung បានប្រាប់ AFP ថា៖ «ខ្ញុំតែងតែមានអារម្មណ៍ថា ពួកគេមាក់ងាយខ្ញុំដោយសារភាពអវិជ្ជារបស់ខ្ញុំ»។
មុខវិជ្ជាចំណូលចិត្ដរបស់យាយគឺគណិតវិទ្យា។ លោកយាយបន្ដថា៖ «វាពិតជាគួរឲ្យសប្បាយលេងពេលយើងបូក និងដកលេខ។ ខ្ញុំចង់រៀនដរាបសុខភាពនៅអំណោយផល»។
កូរ៉េត្រូវបានគ្រប់គ្រងដោយមនុស្សប្រុសអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដោយក្រុមគ្រួសារនីមួយៗប្រាថ្នាកូនប្រុសជាងកូនស្រីរហូតដល់ពេទ្យឆ្មបនៅកូរ៉េខាងត្បូងត្រូវបានហាមមិនឲ្យប្រាប់ភេទទារកក្នុងស្បូនដល់ឪពុកម្ដាយឡើយ។
សូម្បីតែចុងទសវត្សរ៍ឆ្នាំ ១៩៦០ កូនស្រីកូរ៉េខ្លះមិនមានឱកាសបានចូលរៀន ជាពិសសនៅតាមទីជនបទ។ អ្នកស្រី ផាក យ៉ាំងអេ អាយុ ៧០ ឆ្នាំជាមិត្ដរួមថ្នាក់យាយ ណាម ក្នុងខេត្ដស៊ុនឈឿន ភាគអាគ្នេយ៍ប្រទេសនិយាយថា៖ «ជីតាខ្ញុំមិនអនុញ្ញាតឲ្យកូនស្រីៗដូចរូបខ្ញុំចូលរៀនទេ។ ខ្ញុំមានការសោកស្ដាយណាស់ដែលមិនអាចចូលថ្នាក់តាំងពីកុមារភាព»។
ពេលនេះអ្នកស្រីមានឱកាសបំពេញនូវអ្វីដែលខ្លួនមិនបានធ្វើកន្លងមកជាមួយមិត្ដរួមថ្នាក់ ៤ នាក់ទៀត មិនថាការសិក្សានោះជាការប្រកបមេរៀន ឬច្រៀងលេងកម្សាន្ដនោះទេ ពួកគេពិតជារីករាយបំផុត។
មិត្ដរួមថ្នាក់អាយុ ៨ ឆ្នាំ គីម សឿងយុន បាននិយាយលើកសរសើរពីមិត្ដរួមថ្នាក់វ័យចំណាស់ថា ពួកគាត់នឹងរៀនយ៉ាងតិចដល់ថ្នាក់ទី ៦ និងបន្ដទៅមធ្យមសិក្សាជាមួយខ្លួន។
កុមារារូបនេះថា៖ «ខ្ញុំនឹងក្រៀមក្រំបើគាត់ឈប់រៀន»៕ HR