ក្រុងហាណូយ៖ ផ្ទៃដីគ្រប់ចំអាមក្រាលទៅដោយគ្រាប់បែកបន្សល់ទុកតាំងពីសម័យសង្គ្រាមវៀតណាម អ្នកស្រី ង៉ុក ដឹកនាំក្រុមស្ដ្រីសុទ្ធសាធដោះមីន ដោយសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានសម្លាប់ពលរដ្ឋវៀតណាមរាប់សែននាក់ រួមទាំងឪពុកមារបស់អ្នកស្រីផងដែរ។
អ្នកស្រី ឡេ ធីប៊ីញ ង៉ុក បានប្រាប់ AFP ពេលត្រួតពិនិត្យការដោះមីនចង្កោមដែលប្រទះឃើញភាគកណ្ដាលខេត្ដក្វាងទ្រីថា៖ «គាត់បានស្លាប់ក្នុងឧប្បត្ដិហេតុផ្ទុះគ្រាប់។ ខ្ញុំត្រូវរស់នៅក្រោមស្រមោលអតីតកាលបែបនេះ»។
ផ្ទៃដីជាង ៦,១ ពាន់លានហិកតា ក្នុងប្រទេស វៀតណាម រាយប៉ាយដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលភាគច្រើនត្រូវបានទម្លាក់ដោយអាមេរិក ជាច្រើនទសវត្សរ៍ក្រោយពីសង្គ្រាមបានបញ្ចប់ក្នុងឆ្នាំ ១៩៧៥។
ពលរដ្ឋវៀតណាមយ៉ាងតិច ៤ ម៉ឺននាក់ បានស្លាប់ទាក់ទងនឹងឧប្បត្ដិហេតុផ្ទុះគ្រាប់សំណល់ចាស់ៗ។ ជនរងគ្រោះភាគច្រើនជាកសិករ ដែលប៉ះពាល់គ្រាប់ផ្ទុះដោយចៃដន្យ អ្នករើសអេតចាយ ឬកុមារដែលច្រឡំគ្រាប់ប៊ុមប៊ីជារបស់លេង។
ជាផ្នែកមួយនៃតំបន់គ្មានកងទាហាន ដែលធ្លាប់ត្រូវបានហែកប្រទេស វៀតណាម ជា ២ គឺខាងជើង និងខាងត្បូង ខេត្ដក្វាងទ្រី ស្ថិតក្នុងចំណោមខេត្ដរងការប៉ះពាល់ផ្ទាល់ខ្លាំងដោយសារសង្គ្រាម។
អ្នកស្រី ង៉ុក នៅចងចាំចំពោះទិដ្ឋភាពគ្រាប់ផ្ទុះបំបែកសាច់ពូបង្កើត ពេលលោកត្រូវបានសម្លាប់ដោយគ្រាប់ផ្ទុះ ពេលលោកដើររើសដែកលក់។ រយៈពេល ២០ ឆ្នាំចុងក្រោយ អ្នកស្រី ង៉ុក បានបំពេញការងារជាអ្នកដោះមីនជាមួយអង្គការ Mines Advisory Group (MAG) ដែលផ្ដល់មូលនិធិដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន។
បច្ចុប្បន្នបានដោះមីនក្នុងផ្ទះកំណើតរបស់ខ្លួនរាប់សិបគ្រាប់ជារៀងរាល់ថ្ងៃ ហើយអ្នកស្រីធ្វើកិច្ចការងារនេះតែម្នាក់ឯងប៉ុណ្ណោះ។
អ្នកដោះមីនឈ្មោះ ត្រាន ធីហាញ បានប្រាប់ AFP ថា ស្វាមីរបស់អ្នកស្រីបានរងរបួសដោយគ្រាប់មីនផ្ទុះ ខណៈកំពុងធ្វើការ ហើយអ្នកស្រីមិនចង់ឲ្យហេតុការណ៍នេះកើតឡើងជាថ្មីចំពោះអ្នកដទៃឡើយ។
អ្នកស្រីនិយាយថា៖ «នេះជាអ្វីដែលជំរុញទឹកចិត្ដខ្ញុំឲ្យបំពេញកិច្ចការមួយនេះ»។
ពេលទីតាំងនេះត្រូវបានសម្អាត ផ្ទៃដីអាចត្រូវបានប្រើសម្រាប់ដំណាំកសិកម្ម។ ការសម្អាតគ្រាប់យុទ្ធភណ្ឌទូទាំងប្រទេស អាចចំណាយពេលដល់ ១០០ ឆ្នាំ និងចំណាយប្រាក់រាប់ពាន់លានដុល្លារ។ នេះបើយោងតាមមន្ទីរ។
ប៉ុន្ដែវាមិនទាន់អាចបញ្ឈប់កិច្ចការរបស់អ្នកស្រី ង៉ុក ពីបេសកកម្មដ៏គ្រោះថ្នាក់នេះឡើយ ដែលភាគច្រើនភារកិច្ចនេះត្រូវបានធ្វើដោយបុរស ក្នុងខេត្ដក្វាងទ្រី ជាទីដែលស្ដ្រីធ្វើការងារតាមរោងចក្រ និងកសិកម្ម។
អ្នកស្រីអះអាងថា៖ «ការងារនេះមិនមែនបំណងចង់បានប្រាក់នោះទេ វាជាសកម្មភាពសម្អាតដី និងធានាសុវត្ថិភាពដល់មនុស្ស»៕ AFP/HR