ក្រុង​សេអ៊ូល៖ នៅ​ភូមិ​លើ​ជម្រាល​ភ្នំ​មួយ​ចម្ងាយ​រាប់​ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​កំណើត​ហ្វីលីពីន អ្នកស្រី អេមម៉ា ស៊ូណាមផុង មាន​ភារៈ​ថែទាំ​ម្ចាស់​ក្មេក​ជរា​ ខណៈ​ត្រូវ​បម្រើ​ស្វាមី និង​កូន​ៗ ព្រម​ទាំង​បំពេញ​ការងារ​នៅ​កសិដ្ឋាន​គ្រួសារ​ ក៏​ដូចជា​ការងារ​ក្រៅ​ម៉ោង​ថែម​ទៀត​។


អ្នកស្រី ​គឺ​ជា​ស្ដ្រី​ម្នាក់​ចំណោម​ស្ដ្រី​រាប់​សែន​នាក់ ដែល​បាន​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ​ខាង​ត្បូង​ និង​ធ្វើ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ដែល​ស្ដ្រី​ចំណាស់​ក្នុង​ស្រុក​រំពឹង​ឲ្យ​កូន​ប្រសា​ស្រី​មិន​ត្រឹមតែ​ថែ​ស្វាមី​ប៉ុណ្ណោះ​ទេ តែ​ទាំង​សាច់​ថ្លៃ​ចាស់ៗ​ផង​ដែរ។


ស្ដ្រី​អន្ដោប្រវេសន៍​ ដូចជា​អ្នកស្រី ស៊ូណាមផុង ដែល​បាន​ជួប​ស្វាមី លី ប៊ីយ៉ុងហូ តាមរយៈ​សេវាកម្ម​ផ្គូផ្គង​ព្រះវិហារ​ហ្វីលីពីន កំពុង​មក​បំពេញ​ចំណុច​ខ្វះ​ខាត​របស់​កូរ៉េ​ខាង​ត្បូង​នេះ​។


មិន​ដូច​ជា​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​ដទៃ​ដូចជា​ក្រុង​ហុងកុង និង​សិង្ហបុរីទេ ប្រទេស ​កូរ៉េ​ខាង​ត្បូង ​មិន​អនុញ្ញាត​កម្មករ​បរទេស​ធ្វើ​ការ​ក្នុង​ឧស្សាហកម្ម​ថែទាំ​នេះ​ឡើយ លុះត្រា​តែ​ពួក​គេ​មាន​ដើម​កំណើត​ជា​កូរ៉េ តែ​តំបន់​ខ្លះ​បាន​ហៅ​ថា «​ទេសចរណ៍​អាពាហ៍ពិពាហ៍» សម្រាប់​បុរស​នៅ​លីវ​តាម​តំបន់​ជនបទ​​ពិបាក​ស្វែងរក​ប្រពន្ធ​កូរ៉េ​ដូច​គ្នា​។


អ្នកស្រី ស៊ូណាមផុង ត្រូវ​ថែ​មនុស្ស​ ៣ ជំនាន់ ​នៅ​ក្នុង​គ្រួសារ​ តែ​ក៏​ត្រូវ​ធ្វើ​ការ​លើ​កសិដ្ឋាន​គ្រួសារ និង​ការងារ​ក្រៅ​ម៉ោង​ថែម​ទៀត​។ ស្ដ្រី​វ័យ ៤៨ ឆ្នាំ បាន​ពន្យល់​ថា​៖ «​ខ្ញុំ​ត្រូវ​រឹងមាំ​ទាំង​ផ្លូវ​ចិត្ដ និង​ផ្លូវ​កាយ​ដើម្បី​ជម្នះ​គ្រប់​ឧបសគ្គ​នៅ​ចំពោះ​មុខ​»។


អ្នកស្រី​ជា​សសរស្ដម្ភ​ក្នុង​ការ​ថែទាំ​អ្នក​ម្ដាយ​ក្មេក​ជរា​វ័យ ៨៩ ឆ្នាំ ​​មិន​អាច​ដើរ​​គ្មាន​ជំនួយ ជួយ​គាត់​ចូល​បង្គន់ ងូត​ទឹក និង​ស្លៀក​ពាក់​ជា​ដើម​។

ក្នុង ​១ ឆ្នាំ ស្ដ្រី​អន្ដោប្រវេសន៍​មក​រៀប​ការ​ប្ដី​នៅ​កូរ៉េខាង​ត្បូង​ ១៥ ០០០ នាក់​។ រូប AFP

កិច្ច​ខិតខំ​ប្រឹង​របស់​​ស្ដ្រី​ដើម​កំណើត​ហ្វីលីពីន​នេះ ត្រូវ​ការ​កាត​សម្គាល់​ថា ក្នុង​ខែ​មិថុនា សមាគម​សុខុមាលភាព​គ្រួសារ​របស់​កូរ៉េ​ខាង​ត្បូង បាន​ផ្ដល់​ងារ​ដល់​អ្នកស្រី​ជា «ហ្យូបុ» ជា​ពាន​រង្វាន់​សម្រាប់​ «កាតព្វកិច្ច​កូន​» ចំពោះ​ឪពុក​ម្ដាយ​ក្មេក​ ដែល​ស្ដ្រី​រូប​នេះ បាន​យក​ចិត្ដ​ទុក​ដាក់​ថែទាំ​ឪពុក​ក្មេក​​ស្លាប់​ក្នុង​ឆ្នាំ ​២០១២​។

ខណៈ​មាន​ពាន​សម្រាប់​​ភរិយា​អន្តោប្រវេសន៍​ដ៏​ជាក់​លាក់​ ពាន​ប្រចាំ​ជាតិ ​គឺ​បើក​ទូលាយ​សម្រាប់​​ស្ដ្រី​ទាំង​អស់​។ ប៉ុន្ដែ​ស្ដ្រី​កូរ៉េ​ខាង​ត្បូង​កាន់​តែ​តិច​ទៅៗ មាន​ឆន្ទៈ និង​អាច​ផ្ដល់​សេវាកម្ម​ថែទាំ​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​តួនាទី​តាម​ប្រពៃណី​របស់​កូន​ប្រសា​ស្រី​។

វប្បធម៌​យក​បុរស​ជា​ធំ មាន​ន័យ​ថា​អ្នក​ម្ដាយ​ដែល​មាន​​ការងារ​ត្រូវ​បំពេញ​កិច្ចការ​ផ្ទះ ព្រម​ទាំង​ការងារ​ផ្ទាល់​ខ្លួន​ ជា​ស្ថានភាព​ធ្វើ​ឲ្យ​ស្ដ្រី​ភាគ​ច្រើន​កាន់​តែ​​ជំទាស់​។

អ្នកស្រី ស៊ូណាមផុង គ្រោង​ប្រើ​ប្រាក់​រង្វាន់​ប្រមាណ ២ ០០០ ដុល្លារ ​មក​លេង​មាតុភូមិ​​ដែល​ខកខាន​ ៦ ឆ្នាំ​ទៅ​ហើយ​។ អ្នកស្រី​ត្រូវ​បាន​ចាត់​ទុក​ជា​ស្ដ្រី​គំរូ​ក្នុង​ភូមិ​ ហឿង​សឿង​។

មន្ដ្រី​សាលា​ក្រុង​ ណាម កូយុន ដែល​​​ប្រគល់​រង្វាន់​ដល់​អ្នកស្រី ស៊ុងណាមផុង ​និយាយ​ថា​៖ «​គាត់​ជា​គំរូ​ដ៏​ល្អ​ចំពោះ​ស្ដ្រី​អន្ដោប្រវេសន៍​ដទៃ​ទៀត​»។

ស្ដ្រី​ប្រមាណ ២៦ ម៉ឺន​នាក់ ​បាន​មក​រស់នៅ​​កូរ៉េ​ខាង​ត្បូង ​ដើម្បី​រៀបការ​ជាមួយ​នឹង​បុរស​កូរ៉េ​។ ស្ដ្រី​ប្រមាណ ១៥ ០០០ នាក់ ​បាន​មក​​កូរ៉េ​រៀង​រាល់​ឆ្នាំ​ ជា​ចំនួន​​ច្រើន​សន្ធឹក​មក​ពី​ប្រទេស ​ចិន វៀតណាម និង​ហ្វីលីពីន​ ដែល​ពួក​គេ​ព្យាយាម​គេច​​ពី​ភាព​ក្រីក្រ​។

យ៉ាងណា​មិញ អ្នក​ខ្លះ​ក៏​រង​នូវ​អំពើ​រំលោភ​បំពាន​ ខណៈ​ក្រុម​អ្នក​ជំនាញ​​​ថា ស្ដ្រី​អន្ដោប្រវេសន៍​ជា​ច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​ប្រណិប័តន៍​ប្រពៃណី​​បុរស​ជា​ធំ​ ទោះ​​មក​ពី​ណា​ក៏​ដោយ​៕ AFP/HR