ភ្នំពេញៈ នា​ព្រឹក​ថ្ងៃ​ទី ​២៩ ខែ​ឧសភា ឆ្នាំ ​២០២០​ នេះ ស្ថាន​ទូត​ប្រទេស​ថៃ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​ប្រគល់​រង្វាន់​ជយ​លាភី និង​រង្វាន់​លើក​ទឹក​ចិត្ត​នៃ​ការប្រកួត​រូប​ សម្រាប់​ឱកាសអប​អរ​សាទរ​នៃ​ការ​​ប្រារព្ធ​ខួប​លើក​ទី៧០ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​​​​របស់​​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ​ ក្រោម​ប្រធាន​បទ ​«៧០ ឆ្នាំ​ នៃ​ចំណង​មិត្ត​ភាព​ក្នុង​កែវ​ភ្នែក​ខ្ញុំ​»។


បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ នា​ពេល​ប្រគល់​រង្វាន់​ដល់​អ្នក​ថត​រូប​ទាំង ​៥ រូប នៅ​ស្ថាន​ទូត​ប្រទេស​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា៖ « ការ​ប្រកួត​រូប​ថត​នេះ ធ្វើ​ឡើង​ក្នុង​​មាន​គោល​បំណង​ពង្រីក​ និង​ពង្រឹង​ការ​យល់​ដឹង​ពី​ចំណង​មិត្ត​ភាព​ដ៏​ល្អ​រវាង​​ប្រទេស​កម្ពុជា និង​ថៃ ដោយ​ផ្តើម​លើ​កម្រិត​ប្រជាជន​តាម​រយៈ​ការ​បើក​ការ​ទទួល​រូប​ថត​ពី​សាធារណជន​ទាំង​ ២​ ប្រទេស ដែល​​បាន​បញ្ជាក់​ពី​អត្ថ​ន័យ​ និង​ទស្សនៈ​គំនិត​​ចំពោះ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ ដែល​បាន​លេចចេញ​ឡើង​ជា​​រូប​ភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ភាព​ច្នៃ​ប្រឌិត​ តាម​រយៈ​ភាព​ជា​អ្នក​ជិត​ខាង​ល្អ កិច្ច​សហ​ប្រតិបត្តិការ​រួមគ្នា ភាព​ស្រដៀង​គ្នា​នៃ​វប្បធម៌ និង​របៀប​នៃ​ការ​រស់​នៅ ការ​ផ្លាស់​ប្តូ​រក្នុង​វិស័យ​ផ្សេងៗ​ ដូចជា​ការ​ធ្វើជំនួញ ការធ្វើ​ដំណើរ​ទៅ​មក​ជាដើម»។ ​


រូបថតទទួលបានរង្វាន់ជយលាភីប្រជាប្រិយភាពលេខ ១។ ហ៊ាន រង្សី


ការ​ប្រកួត​រូប​ថត​នេះ បាន​ទទួល​ពាក្យ​តាំង​ពីថ្ងៃទី​ ៣ ​ខែ​កុម្ភៈ​ និង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​ ១៧ ខែ​ មេសា ឆ្នាំ​ ២០២០ ខណៈ​ការ​ប្រគល់​រង្វាន់​​ជយ​លាភី​ បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី​ ២៩ ឧសភា ឆ្នាំ​ ២០២០ នេះ​ ខណៈមាន​គណៈកម្មការ​ដែល​​រួម​មាន​តំណាង​ពីខាង​ស្ថានទូត​​រួមទាំង​សាស្ដ្រាចារ្យ ​ឆាំនិ ថិបមុណី ដែលជាអ្នកជំនាញថៃ និង​សាស្ដ្រាចារ្យ​ពី​សាក​ល​​​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ជា​អ្នកជំនាញ​ខ្មែរ​​ បានធ្វើការ​សម្រេចដាក់​ពិន្ទុ​លើរូបថត ដែល​ធ្វើ​ឲ្យ​មាន​ការ​បង្កើត​​​​កម្មវិធី​ប្រគល់​រង្វាន់​​ក្នុងថ្ងៃនេះ​ឡើង។



លទ្ធផលកម្មវិធីប្រកួតរូបថត ក្នុងឱកាសពិធីអបអរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ក្រោម​ប្រធាន​បទ «៧០ ឆ្នាំ នៃចំណងមិត្តភាពក្នុងកែវភ្នែកខ្ញុំ»​ នេះ​បាន​រក​ឃើញ​ ជយ​លាភី ៣ ​រូបគឺ​លេខ ១ លេខ ២ និង​លេខ ៣ ហើយ​ក៏​មាន​រង្វាន់​ប្រជាប្រិយ​ ២ រូប​ គឺ​លេខ ១ និង​លេខ ២​។

ចំពោះ​រង្វាន់​លេខ​ ១ ទទួល​បា​ន​ទឹក​ប្រាក់ ១ ០០០ ដុល្លារ លេខ ២ បាន​ទឹក​ប្រាក់​ ៥០០ ដុល្លារ និង​លេខ ៣ បាន​ទឹក​ប្រាក់​ ២៥០ ដុល្លារ ហើយ​​អ្នកថត​រូប​​ទទួល​បាន​រង្វាន់​ប្រជាប្រិយ​ភាព​ នឹង​ទទួល​បាន​​សំបុត្រ​យន្ត​ហោះទៅ​មក​ពី​ទី​ក្រុង​ភ្នំពេញ-ទី​ក្រុង​បាងកក​ ១​ រង្វាន់ (ស្មើ​នឹង​ ២ សន្លឹក) ខណៈ​ជយ​លាភី​ទាំង​អស់​ក៏ទទួល​បាន​វិញ្ញាបនបត្រ​ស្នាដៃ​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា​ ម្នាក់​ ១ សន្លឹក ផង​ដែរ​៕​