ភ្នំពេញ៖ ក្រោយ​ពី​ដាច់​ចិត្ត​បង្ហោះ​សារ​ទាំង​កាត់​​ក្តី​អាម៉ាស់​​​ ដោយសារ​​ស្ថានភាព​ទ្រទ្រង់​ជីវភាព​​កាន់​តែ​ដុន​ដាប​​ខ្លាំង នៅ​ក្នុង​គ្រា​ពេល​កំពុង​តែ​មាន​វិបតិ្ត​ជំងឺ​កូវីដ ១៩​ ហើយ​ត្រូវ​ការ​​ប្រាក់​បន្ទាន់​ដើម្បី​បង់​ថ្លៃ​ព្យាបាល​​ប្អូន​ប្រុស​បង្កើត​ជំងឺ​ខូច​​ខួរ​ឆ្អឹង​ខ្នង និង​ខ្វះ​គ្រាប់​​ឈាម​នោះ ទើប​តារា​ចម្រៀង​ស្រី​ម៉ៅ​ដាច់​ខាង​វិស័យ​​ទេសចរណ៍​អ្នក​នាង​ សុន ស្រីពេជ្រ​ ប្រកាស​សុំ​​ជំនួយ​​​ពី​មិត្តភក្តិ​​ក្នុង​វិស័យ​សិល្បៈ និង​សប្បុរសជន​​នានា​។ ​


តារាច​ម្រៀង​អ្នកនាង​ សុន ស្រី​ពេជ្រ ​​ជួប​រឿង​ពិបាក​ចិត្ត​ផ្ទួនៗ​ ​ដោយ​លោក​ឪពុក​នាង​ ​គឺ​តារា​កំប្លែង​ជើង​ចាស់​​ នាយ សង់ស៊ីស មាន​ជំងឺ​ប្រចាំ​កាយ​​មិន​អាច​និយាយ​បាន​ ហើយ​ពេល​នេះ ប្អូន​បង្កើត​ក៏​មាន​សភាព​​ជំងឺ​ធ្ងន់​ ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​ពី​គ្រូ​ពេទ្យ​ តែ​នាង​​បាន​ជួប​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ នៅ​​ចំពេល​ដែល​រាល់​ប្រភព​ចំណូល​​ពី​សិល្បៈ​របស់​ខ្លួន​ក៏​​ត្រូវ​បាន​បិទ​ផ្លូវ​ដោយសារ​តែ​ជំងឺ​កូវីដ ១៩​។


តែ​យ៉ាង​ណា បន្ទាប់​ពី​អ្នកនាង​ សុន ស្រីពេជ្រ ប្រកូក​ប្រកាស​​មិន​ខ្លាច​អន់​ឈ្មោះ​​ជា​តារា​​មាន​គេ​ស្គាល់​ច្រើន​រួច​​មក​ ​ឃើញ​មនុស្ស​ជា​ច្រើន​សង្វេគ​អាណិត​អាសូរ​ជួយ​សម្រួល​ទុក្ខ​ភ័យ​នេះ​​ ​និង​ត្រូវ​បាន​ក្រុម​មិត្ត​អ្នក​សិល្បៈ​​បាន​ផ្ញើ​ថវិកា​ជួយ​សង្គ្រោះ​ប្អូន​ប្រុស​នាង​ជា​ហូរ​ហែ​​ អាច​ជួយ​បន្ធូរ​ភាព​តានតឹង​របស់​ សុន ​ស្រីពេជ្រ និង​សាច់​ញាតិ​ផង​ដែរ​។ កាន់​តែ​ពិសេស​នោះ ក៏​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​​សំណាក់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ។


ពី​គណនី​ហ្វេសប៊ុក​ខ្លួន​អ្នកនាង សុន ស្រីពេជ្រ បាន​សរសេរ​សារ​រៀបរាប់​ជា​ថ្មី​ថា៖ «​នាង​ខ្ញុំ សុន ស្រីពេជ្រ តំណាង​ឲ្យ​​ក្រុម​គ្រួសារ និង​ប្អូន​ប្រុស​ ដែល​សព្វ​ថ្ងៃ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ សូម​គោរព​ថ្លែង​អំណរគុណ ​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេជោ ដែល​​តែងតែ​​យក​ចិត្ត​ទុក​ដាក់ និង​ខ្នះខ្នែង​ដល់​ប្អូន​នាង​ខ្ញុំ និង​គ្រប់​បងប្អូន​អ្នក​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ និង​អរគុណ​ដល់​មន្ទីរពេទ្យ​ផង​ដែរ បាន​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​ព្យាបាល​គ្រប់​អ្នក​ជំងឺ។ នាង​​ខ្ញុំ​ សូម​លើក​ម្រាម​ដៃ​ដប់ ជូនពរ​ដល់​​សមាគម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត និង​ក្រុម​លោកគ្រូ​ពេទ្យ​សូម​ឲ្យ​​ទេវតា​តាម​ថែរក្សា​ឃុំ​គ្រង សូម​ឲ្យ​​​មាន​​សុខភាព​ល្អ​ជា​និច្ចនិរន្តរ៍​»​។


លើស​ពី​នេះ តារា​​ចម្រៀង​ស្រី សុន ស្រីពេជ្រ ក៏​បាន​សរសេរ​សារ​ ថ្លែង​អំណរគុណ​ទៅ​គ្រប់​​​ពេល​​រាល់​ការ​មាន​​ការ​​ជួយ​បរិច្ចាគ​​ប្រាក់​ ជា​ហូរហែ​តាម​​ទឹក​​ចិត្ត​នៃ​ក្រុម​​មិត្ត​អ្នក​សិល្បៈ​ និង​សប្បុរសជន​ផ្សេងៗ​ផង​ដែរ​ ខណៈ​ក្រៅ​ពី​នោះ​ក៏​ខំ live ហ្វេសប៊ុក​លក់​​​ផលិតផល​នានា​ដូចជា​ ម៉ាស់​ជាដើម​នោះ ដើម្បី​ផ្សំ​ប្រាក់​ខ្លះ​ជួយ​បង់ថ្លៃ​ព្យាបាល​ជំងឺ​ប្អូន​ប្រុស​នាង ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ៕​