ភ្នំ​ពេញៈ​ ស្រប​ពេល​ដែល​ស្ងប់​ស្ងាត់​ការ​បណ្តើរ​គ្នា​យ៉ាង​ត្រ​សង​ចូល​រួមនៅ​​ក្នុង​កម្ម​វិ​ធី​តូច​ធំ​ និង​ការ​សម្តែង​​កុន​រួម​គ្នា​មួយ​​រ​យៈមកនោះ ​តា​រា​ចម្រៀង​​ និង​តា​រា​សម្តែង​ស្រី ​រូប​ស្រស់​ កញ្ញា​ គាត​ សុ​វណ្ណា​ឡាង​ បង្ហើប​ជា​សា​ធា​រ​ណៈ​ថា​នាង​​មិន​ធ្លាប់​មាន​ទំ​នាក់​ទំ​នង​ស្នេហា​ជា​មួយនឹង​​តា​រាសម្តែង​​ប្រុស ​រាង​ខ្ពស់​ស្រ​ឡះ​​ លោក​ លឹម​ ជា​ឡាយ​ នោះឡើយ​។


តាម​រ​យៈ​ការ​សម្តែង​កុន​​ជា​មួយ​គ្នា​ជា​ច្រើន​រឿង​ និង​វត្តមាន​​ដឹក​ដៃ​គ្នា​ចូល​រួម​​កម្ម​វិ​ធី​ជប់​លៀង​​ផ្សេងៗ ​យ៉ាង​​ល្អូក​ល្អឺន​​ ដូច​ជា​គូស្នេហ៍​​ថ្មី​ថ្មោង​ ហើយ​ក៏​ត្រូវ​បាន​ម​ហា​ជន​គិត​ថា ​ស្រី​ស្រស់​ គៀត សុ​វណ្ណា​​ឡាង​ និង​​ប្រុស​ស្អាត​ លឹម​ ជា​ឡាយ​ ពិតជា​មាន​ទំ​នាក់​ទំ​នង​ស្នេហា ​ក្រៅ​ឆាក​​អស់​រ​យៈ​ពេល​​​ច្រើន​ឆ្នាំ​​មក​ហើយ​​ដែរ។​ ដោយសារ​តែ​​ភាគី​សង​ខាង​​មិន​ដែល​បក​ស្រាយ​ការ​ពិត​ ក្រៅ​ពី​និ​យាយ​ថា៖​ ​«​នៅ​ពេល​នេះ ​មិន​​មែន​ជា​គូស្នេហ៍​ទេ​ ចំ​ពោះ​ថ្ងៃ​មុខ​​ក៏​មិន​ប្រា​កដ​ដែរ​»​ ដែល​ធ្វើ​ឲ្យ​​អ្នក​គាំ​ទ្រ​តា​រា​សម្តែងមួយ​គូ​​នេះ​កាន់​តែមាន​ភាព​​ភ័ន្ត​​ច្រឡំផង​ដែរ​។



ជំ​នួប​ក្នុង​ថ្ងៃ​សម្ភោធ​រឿង ​«​ជួប​ស៊យ​វគ្គ​២​»​ របស់​ផលិត​កម្ម​ LD Picture ​កាល​ថ្មី​ៗ​នេះ​ តា​រា​សម្តែង​ស្រី​ ដែល​កំ​ពុង​ទទួ​ល​បាន​ប្រ​ជា​ប្រិយ​ភាព​ខ្លាំង​ពី​មហាជន​កញ្ញា​ គៀត​ សុ​វណ្ណា​ឡាង​ បាន​​បក​ស្រាយ​ពី​បញ្ហា​នេះ​មក​កាន់​បណ្តា​អ្នក​សា​ព័ត៌​មាន​ឲ្យ​​ដឹង​ថា​៖​ «​ខ្ញុំ ​និង​បង​ ជាឡាយ​ ពិត​ជា​មិន​ធ្លាប់​បាន​ស្រ​លាញ់​គ្នា​ពិត​មែន​ គ្រាន់​តែ​ជា​អ្នក​រួម​ការ​ងារ​​​ធម្ម​តា​ទេ​ ប៉ុន្តែ​អ្នក​គាំ​ទ្រ​​​បាន​ឃើញ​ពួក​យើង​ សម្តែង​រួម​គ្នា​ច្រើន​រឿង​ ទើប​ធ្វើ​ឲ្យ​ពួក​​គាត់​ផ្គូផ្គង​តែ​ម្តង​ទៅ​»​។


តា​រា​ស្រី​មាន​ភាព​លេច​ធ្លោក្នុង​អា​ជីព​សម្តែង​ជាង​ចម្រៀង​រូបនេះ បាន​បញ្ជាក់​បន្ថែមថា​៖ ​«​ពួក​យើង​មិន​ដែល​បាន​និយាយ​ទេ​ថា​ បាន​ស្រ​លាញ់​គ្នា​។ កាល​ដែល​និយាយ​ថា ​រឿង​ថ្ងៃ​មុខ​មិន​ប្រា​កដ​នោះ​ ដោយ​សារ​តែ​ថ្ងៃ​មុខ​ទៅ​អ្នក​ណា​ក៏​មិន​ដឹង​ថា ​មាន​រឿង​អី​កើត​ឡើង​ដែរ​ត្រូវ​អត់?​ ប៉ុន្តែ​សំ​ខាន់​ម្តង​មាន​គេ​ថា​ ខ្ញុំ​បាន​ក្បត់​ចិត្ត​បង​ ជា​ឡាយ​ ម្តង​ថា​បង ​ជាឡាយ​ ក្បត់​ចិត្ត​ខ្ញុំ​ ក្បត់​អី​បើ​ពួក​ខ្ញុំ​ ​មិន​ដែល​ស្រ​លាញ់​គ្នា​ផង!​ បើ​ធ្លាប់​មាន​ចិត្ត​ស្រ​លាញ់​គ្នា​តែ​បន្តិច​ ហើយ​មាន​​គេ​និយាយ​មក​ចឹង​ក៏​អស់​ចិត្ត​ដែរ​ តែ​នេះ​គ្មាន​អ្វី​ពាក់​ព័ន្ធ​គ្នា​ផង​ហ្នឹង​!»​។


តា​រា​សម្តែង​ស្រី​រូប​នេះ​ បង្ហើបទៀត​​ថា​៖​​«​ខ្ញុំ​ធ្លាប់​បាន​ Post រូប​​ ហើយ​ដាក់​ថា​ ជា​គូ​​ដណ្តឹង​​ជា​មួយ​គាត់ ​(លោក​ លឹម​ ជា​ឡាយ​)មែន​​ ប៉ុន្តែ​វា​ជា​សាច់​រឿង​តាស!​ ហើយ​ភាព​ស្និទ្ធិ​​ស្នាល​របស់​ពួក​ខ្ញុំ ​កន្លង​មក ​គឺ​ដូច​​បង​ប្អូន​ និង​​អ្នក​រួម​ការ​ងារ​​តែ​ប៉ុណ្ណឹង​​ រឿង​ដែល​យល់​ច្រ​ឡំ​កន្លង​មក​ គឺ​ជា​ចាប់​គូ​​ពី​អ្នក​គាំ​ទ្រ​​តែ​ប៉ុណ្ណោះ​ ហើយ​អ្នក​គាំ​ទ្រ​ខ្ញុំ​ខ្លះ​ទៀត​គាត់​បាន​​បង្កើត​ផេក​ដាក់​ឈ្នោះ​ខ្ញុំ​ និង​បង​ ជា​ឡាយ​ រួម​គ្នា​ទៀត​ ធ្វើ​ឲ្យ​គេ​កាន់​តែ​យល់​ច្រ​ឡំផង​ដែរ​»​៕​