ភ្នំពេញ៖ នៅដើមឆ្នាំ ២០២១ នេះ ស្រាប់តែអតីតតារាចម្រៀងស្រីនៅផលិតកម្មភ្លេងរីខត កញ្ញា សុខ ចិន្តា ហៅកញ្ញា វ៉ាន់នីឡា បង្ហោះសារប្លែកៗ ហាក់បង្ហាញពីភាពរារែកនូវដំណឹងវិលត្រឡប់ចូលប្រឡូកការងារសិល្បៈវិញនោះ ដែលខុសពីដើមឆ្នាំ ២០២០ ដែលកញ្ញាធ្លាប់បានបង្ហើបថា នឹងចូលមករកការងារ ដែលជាឆ្នាំងបាយចាស់នេះឆាប់ៗ។
ជាមួយនឹងការបង្ហោះប្លែកៗ កញ្ញា វ៉ាន់នីឡា បានសេរសេរតាមហ្វេសប៊ុកថា៖ «ពេលខ្លះ លួចមានមោទនភាព ចំពោះខ្លួនឯងតិចៗ ដែលអាចធ្វើឱ្យមនុស្សជាច្រើនហៅខ្ញុំថា idol! Okay ប៉ុននេះក៏បានដែរ គួរតែអាចមានក្តីសុខបានហើយ អរគុណសម្រាប់ការស្រឡាញ់!» និងក្រោយមកក៏ស្រាប់តែបង្ហោះមួយទៀតថា៖ «ឈប់ចង់ធ្វើជា តារាចម្រៀងអីទៀតហើយ លែងចង់ស្រមៃ ចង់បោះបង់ក្តីសង្ឃឹមមួយនេះចោល»។
គេនៅចាំបានថា កាលពីដើមឆ្នាំ ២០២០ កញ្ញា វ៉ាន់នីឡា ចេញបទមកបំពេអារម្មណ៍ប្រិយមិត្តនៅក្នុងបទចម្រៀងថ្មីមានចំណងជើងថា «បេះដូងវីរជនអាវស Covid-19» ដែលផលិតដោយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោយពីចប់រដូវកាលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរភ្លាមនោះ។ ការចេញមកបំពេអារម្មណ៍មហាជនឡើងវិញអំពីសំណាក់តារាចម្រៀងស្រីសាច់សខ្ចី ដែលបានបាត់មុខពីសង្វៀនសិល្បៈយូរក្រែលដោយសារបញ្ហាផ្ទាល់ខ្លួន ខណៈបទចម្រៀងនោះគឺជាការដឹកនាំការផលិត និងនិពន្ធទំនុកច្រៀងដោយបងប្រុសនាងបង្កើតលោក សុខ ជំនោរ និងនិពន្ធបទភ្លេងដោយលោក រួន ហៅចចកសមុទ្រ។
ដោយឡែកបងប្រុសតារាចម្រៀងស្រី វ៉ាន់នីឡា គឺលោក សុខ ជំនោរ អតីតជាអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះល្បីរាប់ឆ្នាំនៅផលិតកម្មហង្សមាស និងបច្ចុប្បន្នលោកមានផលិតកម្មផ្ទាល់ឈ្មោះ Films OutFox និងក្រុមការងារសហការផលិតនៅផលិតកម្ម Davitra Meida ក៏បានបញ្ជាក់នាពេលថ្មីៗកន្លងមកដែរពីភាពមិនច្បាស់លាស់របស់ប្អូនស្រីខ្លួនចំពោះរឿងចូលសិល្បៈនោះ។
លោក សុខ ជំនោរ ក៏បានព្រលយឱ្យដឹងថា៖ «ដំបូង ខ្ញុំក៏ចង់ឱ្យគាត់ចូលដែរ តែដោយសារគាត់ជាប់កិច្ចការជាមួយនឹងផលិតផលរក្សាសម្រស់។ ដូច្នេះ គាត់ក៏មិនអាចចូលមកប្រឡូកសិល្បៈចម្រៀងវិញ ជាមួយ Davitra Meida បានដែរ»។
ជាការគួរកត់សម្គាល់នាមួយរយៈចុងក្រោយនេះ គេឧស្សាហ៍ឃើញអតីតតារាចម្រៀងដែលធ្លាប់ជ្រកកោននៅលើទ្រនំភ្លេងរីខត កញ្ញា វ៉ាន់នីឡា បង្ហើរសារជាតម្រុយប្រាប់ពីបំណងចង់វិលមករកឆ្នាំងបាយចាស់នៅលើវិថីចម្រៀងវិញជារឿយៗ។ ជាក់ស្តែងដូចជាមានការ Live វីដេអូ ច្រៀងបំពេអារម្មណ៍ប្រិយមិត្តនៅតាមបណ្តាញហ្វេសប៊ុកក៏ឃើញកញ្ញា វ៉ាន់នីឡា បានបង្ហោះសារថា៖ «ខ្ញុំចង់ឡើងច្រៀងលើឆាកវិញ ខ្ញុំចង់ចេញបទចម្រៀងថ្មី ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំធ្លាប់ធ្វើពីមុន ខ្ញុំនឹកជីវិតជាតារាចម្រៀងខ្លាំងណាស់»៕