ភ្នំពេញៈ ថ្មីៗនេះ ដោយសារតែតារាសម្តែងស្រី និងពិធីការិនីមានសម្រស់ស្រស់ស្អាតកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលមិនសូវមានវត្តមានសម្តែងកុនទាំងខ្នាតតូចធំនោះ ក៏មានមានការលើកឡើងពីមហាជនថា គូស្នេហ៍មិនឲ្យសម្តែង ព្រោះខ្លាចមានការប៉ះពាល់រាងកាយស្រីស្រស់ ប៉ុន្តែថ្មីៗនេះ នាងបានបង្ហាញវីដេអូឃ្លីបខ្លីប្រាប់ថា សម្តែងរឿងថ្មីឲ្យទូរទស្សន៍បាយ័នរឿង «ទាសករបេះដូង» បង្កការភ្ញាក់ផ្អើល។
តារាសម្តែងស្រី និងពិធីការិនីប្រចាំទូរទស្សន៍បាយ័ន កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលមិនត្រឹមតែមានសម្រស់ស្រស់ស្អាតមិនចាញ់តារាជំនាន់ក្រោយ ក៏ត្រូវគេមិនសូវមានវត្តមានសម្តែងភាពយន្ត ដោយលេចមុខតារាស្រីរូបនេះសម្តែង MV តែប៉ុណ្ណោះ ស្របពេលដែលតារាផ្សេងៗរួមជំនាន់នាង កំពុងតែប្រដេញគ្នាសម្តែងកុនឲ្យរដឹក មិនថារឿងដុំ ឬរឿងភាគ។
ស្រីស្រស់ ហ៊ន ច័ន្ទនីរ័ត្ន បានផ្តល់បទសម្ភាស៍មកកាន់ភ្នំពេញប៉ុស្តិ៍ពីមូលហេតុនោះថា៖ «យូរៗគឺបងទទួលការសម្តែងម្តង ដោយសារតែបងរវល់នៅក្នុងការងារធ្វើជាពិធីការិនីផង ការសម្តែងក្នុង MVផង និងរបររកស៊ីផ្ទាល់ខ្លួនបងផង ចឹងហើយបងអត់អាចដកឃ្លា មកសម្តែងរឿងបានទេ»។
តារាស្រីសាច់សខ្ចី និងមានផ្ទៃមុខស្រស់ថ្លា គួរឲ្យចង់គួយគន់ កញ្ញា ហ៊ីន ច័ន្ទនីរ័ត្ន ក៏ប្រាប់ពីមូលហេតុដែលសម្រេចចិត្តថតកុនថ្មីរឿង«ទាសីបេះដូង»សម្តែងជាតួឯកស្រីនោះដែរថា៖ «រឿងនេះ បងបានចាប់ផ្តើមថតតាំងពីពាក់កណ្តាលឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្តែទើបចាក់បញ្ចាំង ដោយសារតែរឿងនេះ ជារឿងបែបស្នេហា ហើយណាមួយបងខានថតរឿងយូរ ចឹងហើយបងចង់ថតទុកជាស្នាដៃបងមួយទៅ ជាពិសេសនោះ ដើម្បីកុំឲ្យអ្នកគាំទ្រគាត់ភ្លេចមុខបង ព្រោះបងខានថតរឿងយូរពេកហើយ!»។
បន្ទាប់ពីសម្តែងកុនរឿង «ទាសីបេះដូង» ដែលកំពុងចាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍បាយ័ន តារាស្រីរូបនេះ បានបញ្ជាក់ទៀតថា មិនទាន់ទទួលកុនបន្តទេ ហើយក៏គ្មានគម្រោងថា នឹងថតកុនដុំដូចគ្នា។ ប៉ុន្តែការសម្តែង MV វិញ គឺនៅទទួលធម្មតា ចាំទំនេរជាងនេះ ទើបកចាប់ផ្តើមទទួលសម្តែងទៀត»។
ស្របេពល ស្រីស្រស់ ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែមានរូបសម្រស់កាន់តែស្រស់ស្អាត និងមានពាក្យចចាមអារ៉ាមថា មានកន្លង់តាមសុំស្នេហ៍រាប់មិនអស់ ថែមទាំងលេចឮថានាង មានគូស្នេហ៍រួចហើយ។ ខណៈតារាស្រីមានរាងខ្ពស់ស្រឡះ រូបនេះបញ្ជាក់ថា៖ «សព្វថ្ងៃ បងមិនទាន់មានគូអីទេ ហើយក៏អត់ទាន់បានគិតគូររឿងនេះដែរ ណាមួយក៏អត់ហ៊ាននិយាយថា មានគម្រោងនឹងយកពេលណាដែរ ដោយសាររឿងនេះវាមិនទៀងទេ!»៕