ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលទៅនឹងវត្តមានរបស់ពិធីការិនី មានដៃជើងស្រលូនមានឈ្មោះពិត កញ្ញា ម៉េង ឃុននី ហៅកញ្ញា ជីមមី បានបង្ហាញខ្លួននៅទ្រនំថ្មីជាផ្លូវការទៅហើយនោះ គឺស្ថានីយទូរទស្សន៍ MyTV ជាមួយនឹងដៃគូពិធីករចូលចិត្តសើចឮលោក តាប៊ុយ នៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់?»។
ចំពោះការមកលេចវត្តមានកញ្ញា ជីមមី នៅក្នុងទូរទស្សន៍ថ្មីនេះ ក៏មានការលើកបែបខ្សឹបខ្សៀវដែរថា ទោះបីជាខាងទូរទស្សន៍ភីអិនអិន ព្យាយាមលួងលោមនាងឲ្យបន្ដកុងត្រាយ៉ាងណាក្ដី តែត្រូវបរាជ័យ ហើយទីបំផុតនាងបានសម្រេចចិត្តទៅប៉ុស្តិ៍ថ្មីទូរទស្សន៍ MyTV ខណៈដែលស្រីស្អាត និងមានសមត្ថភាពរូបនេះ ក៏ជាមុខសញ្ញានៃការចង់បានពីទូរទស្សន៍ហង្សមាសផងដែរ ប៉ុន្តែបែរជាឃើញនាងមកចាប់ដៃគូជាមួយនឹងតាប៊ុយ ទៅវិញ។
យ៉ាងណាពេលផ្តល់បទសម្ភាសតាមទូរស័ព្ទជាមួយនឹងភ្នំពេញប៉ុស្តិ៍ ពាក់ព័ន្ធនឹងដំណឹងថា កញ្ញាបានផុតកុងត្រាពីទូរទស្សន៍ភីអិនអិន ហើយមកបន្តកុងត្រានៅប៉ុស្តិ៍ MyTV នោះ ក៏ត្រូវបានកញ្ញា ជីមមី បញ្ជាក់ឲ្យដឹងថា៖ «តាមពិតទៅ នាងខ្ញុំមិនមានកុងត្រាជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ភីអិនអិន និងទូរទស្សន៍ MyTV នោះទេ។ សម្រាប់កន្លែងប៉ុស្តិ៍ចាស់ និងកន្លែងថ្មី គឺនាងខ្ញុំធ្វើការងារទាំង ២ ប៉ុស្តិ៍តែម្តង គឺថាលក្ខណៈជាការងារស្ម័គ្រចិត្ត (Freelance) ទាំងអស់។
គួរបញ្ជាក់ដែរកញ្ញា ជីមមី គឺជាពិធីការិនីរូបស្រស់ប្រចាំនៅប៉ុស្តិ៍ភីអិនអិន ដែលទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈបានរយៈពេលប្រមាណ ៣-៤ ឆ្នាំ ប៉ុណ្ណោះតែទទួលបាននូវជោគជ័យមិនធម្មតា ខណៈពិធីការិនីរូបនេះមានសមត្ថភាពចេះរហូតដល់ទៅ ៤ ភាសាឯណោះ។ កញ្ញា ធ្លាប់បង្ហើបឲ្យដឹងថា៖ «កាលពីនៅក្មេងម៉ាក់បានឲ្យរៀនភាសាចិន ដល់ពេលចូលរៀនថ្នាក់ទី ៥ ក៏ចូលរៀនភាសាអង់គ្លេស ហើយនៅពេលដែលចប់ទី ១២ បានទៅរៀនតនៅប្រទេស ថៃ ដើម្បីចេះភាសាថៃហ្នឹងហ្មង ដោយរៀនចប់ផ្នែកអក្សរសាស្ត្រថៃ»។
ស្រីស្រស់ ដែលទើបរះលើវិថីសិល្បៈក៏ច្បាមទីផ្សារក្បាលមេក្រូ ព្រោះតែចំណេះដឹងជាច្រើនភាសា ខណៈកញ្ញា ជីមមី បរិយាយប្រាប់ពីមូលហេតុ ដែលធ្វើឲ្យនាងរៀនភាសាថៃដែរថា៖ «កាលដែលរៀនថៃ មកពីខ្ញុំមានហាងលក់អាហារមួយនៅឯប៉ៃលិន ដែលមានជនជាតិថៃចេញចូលច្រើនហើយក៏បានគិតថា យើងនៅខ្វះភាសាថៃហ្នឹងមួយទៀត ហើយក៏ជាភាសាមួយអាចរកលុយបាន និងអាចចេះភាសាថៃបានទាំងអស់ហើយក៏មិនខកបំណងដែរក្នុងការចំណាយពេល ៤ ឆ្នាំ ដើម្បីរៀនក្នុងអាជីពជាពិធីការិនីយើងអាចបកប្រែបាន»៕