ភ្នំពេញ៖ ផ្ទៃ​ពណ៌​ខៀវ​ រំលេច​ពណ៌​ស​ ព្រាលៗ រូបភាព​ស្រដៀង​មនុស្ស​ ​ត្រដាង​ដៃ​បើក​ចំហ​ ហើយ​​​បរិវេណ​ក្បាល​បង្ហាញ​ទម្រង់​ផ្កា​ជា​ច្រើន​ស្រទាប់​​ ខណៈ​នៅ​តាម​ដង​ខ្លួន​មាន​រុក្ខជាតិ​វល្លិ៍​ដុះ​ប្រទាក់​យ៉ាង​ស្រស់​​។


នេះ​ជា​គំនូរ​របស់ ខ្ចៅ ទូច ជា​វិចិត្រករ​​ស្រី​មក​ពី​ខេត្ដ​បាត់​ដំបង ក្នុង​ចំណោម​ស្នាដៃ​ស្ដ្រី​ជា​ច្រើន​ទៀត ដែល​បាន​តាំង​​ពិព័រណ៍ «ស្ដ្រី ២០២១» ក្រោម​ប្រធាន​បទ «សិល្បៈ​ដើម្បី​ស្ដ្រី ស្ដ្រី​ដើម្បី​សិល្បៈ​» ក្នុង​រយៈពេល ​១ ខែ​ពេញ​នៅ​ឯ​វិចិត្រសាល Meta House​។


សិល្បករ​ជាតិ និង​អន្ដរជាតិ​​ចំនួន ២៨ ​នាក់ រួម​គ្នា​​បង្ហាញ​ស្នាដៃ​គំនូរ រូបថត​សិល្បៈ ការ​ដំឡើង​វីដេអូ ការ​សម្ដែង រួមទាំង​កំណាព្យ​​ជាលើក​ដំបូង​​ប្រចាំ​ឆ្នាំ ​២០២១ ដើម្បី​​ឆ្លុះ​បញ្ចាំង​​​ភាព​ជា​ខ្លួន​ឯង​ក្នុង​សង្គម​ខ្មែរ និង​ជា​ស្ដ្រី​ស្មើ​មុខ​ស្មើ​មាត់​ក្នុង​ពិភព​លោក​។


អ្នកស្រី Nicolaus Mesterharm នាយក​គ្រប់គ្រង​វិចិត្រសាល​ Meta House បាន​ឱ្យ​ដឹង​ថា​៖ «​ពិព័រណ៍​នេះ​ផ្ដោត​លើ​មតិ​យោបល់​របស់​វិចិត្រការិនី​​ខ្មែរ​មួយ​ចំនួន​។ តាមរយៈ​ស្នាដៃ​សិល្បៈ​ ក៏​ដូចជា​​ភាព​ជោគជ័យ​នៃ​ពាណិជ្ជកម្ម​របស់​ខ្លួន​ វិចិត្រការិនី និង​សិល្បការិនី​សហសម័យ​ខ្មែរ​នៅ​តែ​បន្ដ​ពុះពារ​នឹង​បញ្ហា​ប្រពៃណី​ ដែល​ស្ដ្រី​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឱ្យ​បង្ហាញ​​សមត្ថភាព​ខ្លួន​»។


សិល្បការិនី កឹម​ កែវសុជាតិ (ឆ្វេង) និង​សម្លៀក​បំពាក់​ ​ដែល​នាង​ច្នៃ​។ហ៊ាន រង្សី


អ្នកស្រី​បន្ដ​ថា​៖ «​ក្នុង​ព្រឹត្ដិការណ៍​នេះ វិចិត្រការិនី​អន្ដរជាតិ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ ក៏​បាន​ចែក​រំលែក​ស្នាដៃ​សិល្បៈ​​លើ​ប្រធាន​បទ​យេនឌ័រ​នៅ​កម្ពុជា តាមរយៈ​បទពិសោធ​ និង​ការ​អង្កេត​ផ្ទាល់​»។

ជាមួយ​ចំណង​ជើង​គំនូរ​ «What do I need to be me?» ខ្ចៅ​ ទូច បាន​បង្ហាញ​ពី​ការ​ផ្លាស់​ប្ដូរ​លើ​របៀប​នៃការ​ស្លៀក​ពាក់​ឱ្យ​សម​ស្រប​ទៅ​តាម​ចំណូល​ចិត្ដ បេះដូង​ និង​មាន​អត្ថប្រយោជន៍​ចំពោះ​ខ្លួន​ឯង​។

ខ្ចៅ ទូច ជា​អតីត​សិស្ស​នៅ​​ហ្វារ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «ការ​ស្លៀក​ពាក់​របស់​ខ្ញុំ​មាន​ការ​ផ្លាស់​ប្ដូរ ដែល​ពី​មុន​ខ្ញុំ​មាន​សម្លៀក​បំពាក់​ច្រើន និង​តែងតែ​ផ្លាស់​ប្ដូរ​ញឹកញាប់​។ រយៈពេល ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​ស្លៀក​តែ ​១ ​ពណ៌​នោះ​ទេ​ គឺ​ពណ៌​ខៀវ»​។

អ្នកស្រី​យល់​ថា វា​ពិត​ជា​ងាយ​ស្រួល​ និង​មិន​​ខ្ជះខ្ជាយ​ច្រើន​។ ​​អ្នកស្រី​ចាប់​ផ្ដើម​កាត់​បន្ថយ​ និង​សម្រេច​ចិត្ដ​ប្រើ​តែ​ ​១ ​ពណ៌​គត់ ដែល​កាត់​ជា​សម្លៀក​បំពាក់​ឈុត ៣ ​កំប្លេ​ប៉ុណ្ណោះ​​។

អ្នកស្រី ខ្ចៅ ទូច បញ្ជាក់​ថា​៖ «ចំពោះ​​ការ​គិត​របស់​ខ្ញុំ​ ការ​ស្លៀកពាក់​តម្រូវ​ភ្នែក​គេ​ វា​ធ្វើ​ឱ្យ​បេះដូង​ខ្ញុំ​ហត់​ពេក​។ ខ្ញុំ​សុំ​ត្រឹម​ភាព​សាមញ្ញ​ជា​ខ្លួន​ឯង​បាន​ហើយ​»។

វិចិត្រការិនី​គំនូរ​សហសម័យ​ ដែល​រំលេច​រូបភាព​ពណ៌​ខៀវ​ភាគ​ច្រើន​នៅ​ផ្ទាំង​គំនូរ​របស់​ខ្លួន​ ខ្ចៅ ទូច បាន​សារភាព​ថា អ្នកស្រី​មិន​សូវ​​ហ៊ាន​ចូលរួម​កម្មវិធី​ធំ​ដុំ​នោះ​ទេ។

អ្នកស្រី​បាន​លើក​ឡើង​ថា​៖ «​តាម​ពិត ខ្ញុំ​ក៏​គិត​ថា ពេល​ទៅ​ចូលរួម​កម្មវិធី​ផ្សេង​ៗ ដូចជា មង្គល​ការ មិន​ដឹង​ថា​គេ​​​​ឱ្យ​ចូល​រួម​អត់​ទេ បើ​ខ្ញុំ​ស្លៀក​តែ​ពណ៌​ខៀវ​អ៊ីចឹង​។ ប៉ុន្ដែ​ជា​ទូទៅ មិត្ដភក្ដិ​ខ្ញុំ​ ពួក​គាត់​មិន​ប្រកែ​ប្រកាន់​អី​ដែរ។ ចំពោះ​កម្មវិធី​ធំ​ដុំ​អី ខ្ញុំ​ប្រហែល​ជា​មិន​ហ៊ាន​ចូលចិត្ដ​ទេ ហើយ​ក៏​មិន​ចង់​ផ្លាស់​ប្ដូរ​ការ​ស្លៀក​ពាក់​របស់​ខ្លួន​ឯង​ដែរ​»។

ជាមួយ​ឈុត​សម្លៀក​បំពាក់​មាន​ស្រាប់ វិចិត្រការិនី​ កឹម កែវសុជាតិ បាន​​កែច្នៃ​បន្ថែម​​កម្រង​ខ្សែ​ក្រចៅ និង​រមូរ​បន្ទះ​គាថា​ព័ទ្ធ​ជុំវិញ​ ដើម្បី​ចូលរួម​ការ​តាំង​ពិព័រណ៍​ «ស្ដ្រី​ ២០២១» ​ក្នុង​ន័យ​រំលេច​​ចក្ខុ​វែង​ឆ្ងាយ​របស់​ស្ដ្រី និង​ការ​​ចាប់​ផ្ដើម​ពី​ចំណុច​តូចៗ​ក្នុង​ការ​សម្រេច​គោលដៅ​ធំ​ក្នុង​ឆាក​ជីវិត​។

សិល្បការិនី​គំនូរ ខ្ចៅ ទូច (ស្ដាំ) ថ្លែង​ទៅ​កាន់អ្នកចូល​រួម​បើកពិព័រណ៍ ស្ត្រី ២០២១ កាលពី​ថ្ងៃ​ទី ១៩ ខែ​មករា​​​។ ហ៊ាន រង្សី

កញ្ញា កែវសុជាតិ អាយុ ២៧ ​ឆ្នាំ បាន​​​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ថា​៖ «​ខ្ញុំ​ចង់​មាន​ន័យ​ថា ខ្ញុំ​ចង់​ឱ្យ​ស្ដ្រី​ខ្មែរ​យើង​មួយ​ចំនួន​ត្រូវ​ស្វែង​រក​នូវ​ភាព​ខ្លាំង​ដែល​ជា​របស់​ខ្លួន​ឯង​។ យើង​ត្រូវ​ចេះ​រក្សា​ និង​ការពារ​រាល់​អ្វី​ៗ​ដែល​មាន​ស្រាប់​ ដូចជា ប្រពៃណី​វប្បធម៌​ល្អៗ​មួយ​ចំនួន​ ក៏​ដូចជា​ការ​ចូលរួម​អភិវឌ្ឍ​អ្វីដែល​ថ្មី និង​ស្ថិត​ក្នុង​ភាព​វិជ្ជមាន​»។

ដោយ​គាំទ្រ​​ស្ត្រី​កុំ​បោះបង់​ការងារ​តូច​​តាច​ឈោង​ចាប់​ការងារ​ធំ​ កញ្ញា​បាន​សង្កត់​ធ្ងន់​ថា​​ សំខាន់​​តើ​​​ស្ដ្រី​អាច​ព្យាយាម​ និង​​តស៊ូ​ដល់​កម្រិត​ណា។

វិចិត្រការិនី​មក​ពី​កំពត​រូប​នេះ បាន​ឱ្យ​​ដឹង​ថា​៖ «​យើង​ត្រូវ​ពេញ​ចិត្ដ​នឹង​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ ពេញ​ចិត្ដ​នឹង​អ្វី​ដែល​ជា​បច្ចុប្បន្ន​របស់​យើង​។ វា​ជា​វប្បធម៌​នៃ​សិល្បៈ​សម្រាប់​ឱ្យ​យើង​អនុវត្ដ​ប្រចាំ​ថ្ងៃ​ ​ដើម្បី​បន្ដ​ទៅ​ថ្ងៃ​អនាគត​»។

យោង​តាម​ Meta House បាន​ឱ្យ​ដឹង​ថា ការ​ជជែក​អំពី​ស្ដ្រី ​គឺ​ជា​ការ​ជជែក​អំពី​​យេនឌ័រ ហើយ​ការ​ជជែក​បទដ្ឋាន​នៃ​ការ​រស់នៅ​ប្រពៃណី​ការ​អប់រំ​ការ​​កសាង​សង្គម និង​ការ​កៀប​សង្កត់ វា​បង្កើត​បាន​ជា​ចម្ងល់​ជា​ច្រើន​។

ប្រភព​ដដែល​បាន​បន្ដ​ថា​៖ «​វិធី​ដែល​​ប្រទេស​ជាតិ​មួយ​ប្រព្រឹត្ដ និង​ចាត់​ទុក​ស្ដ្រី​តាម​របៀប​ណា បាន​ចង្អុល​​បង្ហាញ​ផ្លូវ​នៃ​គោលដៅ​សម្រាប់​សង្គម​​ជាតិ​ឆ្ពោះ​ទៅ​»។

«សិល្បៈ​ដើម្បី​ស្ដ្រី-ស្ដ្រី​ដើម្បី​សិល្បៈ» ក៏​បង្ហាញ​ពី​ការ​យល់​ឃើញ​ចំពោះ​ភាព​ជា​ស្ដ្រី តាមរយៈ​ក្រសែ​ភ្នែក និង​ការ​ចូលរួម​​ពី​សំណាក់​ជនបរទេស​ និង​សំឡេង​មនុស្ស​ប្រុស។

សិល្បករ​ថតរូប​ ប៊ុត ទីតា ដែល​ត្រូវ​បាន​​គេ​ស្គាល់​ថា ​Tytaart ក៏​​អញ្ជើញ​​​មហាជន​ចូលរួម​ទស្សនា​ស្នាដៃ​រូបថត​​​​របស់​ខ្លួន​ចំនួន ២ ​ផ្ទាំង​។

នាង​បាន​សរសេរ​នៅ​លើ​​ហ្វេសប៊ុក​ថា​៖ «​ស្នាដៃ​ទាំង ២ ​ផ្ទាំង​នោះ​មាន​ចំណង​ជើង​ថា ភាព​ជា​ស្ដ្រី និង​ភាព​ជា​បុរស​ ដែល​ជា​ផ្នែក​មួយ​នៃ​​​ពិព័រណ៍​សិល្បៈ​សហសម័យ​ត្រូវ​បាន​រៀបចំ​ឡើង​​នា​ខែ​កញ្ញា​។ ពេល​នេះ​លោក​​​អ្នក​អាច​មើល​ឃើញ​ពី​សម្រស់​ពិត​​​»។

ពិព័រណ៍ «ស្ដ្រី ២០២១: សិល្បៈ​ដើម្បី​ស្ដ្រី-ស្ដ្រី​ដើម្បី​សិល្បៈ​» បើក​ដំណើរការ​ពី​ថ្ងៃទី ២០ ខែ​មករា រហូត​ដល់​ថ្ងៃទី ១៩ ខែ​កុម្ភៈ​ នៅ​វិចិត្រសាល​ Meta House៕