ក្រុងស៊ីដនី: ស្វាអូរ៉ង់អូតង់ ស៊ូម៉ាត្រា ចាស់បំផុតក្នុងលោក ដែលមានកូន ១១ ក្បាល និងចៅ ៥៤ ក្បាល ពង្រាយនៅទូទាំងពិភពលោក បានងាប់នៅអាយុ ៦២ ឆ្នាំ។ នេះបើយោងតាមក្រុមមន្ដ្រីសួនសត្វបានឲ្យដឹងកាលពីថ្ងៃអង្គារ។
ពួន ជាឈ្មោះឥណ្ឌូនេស៊ីសម្រាប់ប្រើជាមួយស្ដ្រី បានងាប់កាលពីថ្ងៃចន្ទ នៅសួនសត្វក្រុងភើត ជាទីដែលមេស្វាធំនេះរស់នៅ ក្រោយក្លាយជាកាដូពីម៉ាឡេស៊ីកាលពីឆ្នាំ ១៩៦៨។
អ្នកគ្រប់គ្រងសួន លោក ហូលលី ថមសុន បាននិយាយថា៖ «វាមានអនុស្សាវរីយ៍ជាច្រើននៅសួនសត្វភើតនេះបានបង្កើតកូនចៅយ៉ាងច្រើនថែមទៀត។ ក្រៅពីជាសមាជិកដ៏ចាស់បំផុត វាក៏ជាសមាជិកស្ថាបនិកនៃកម្មវិធីបង្កាត់ពូជដ៏ល្បីល្បាញទូទាំងពិភពលោកយើងផងដែរ។ សែស្រឡាយរបស់អូរ៉ង់អូតង់ ស៊ូម៉ាត្រា នេះមានមិនដល់ ១០ ភាគរយនៃចំនួនសត្វសាស្ដ្រសរុបទូទាំងពិភពលោក»។
ពួន មានកូនចំនួន ១១ ក្បាល និងសែស្រឡាយសរុប ៥៤ ក្បាលនៅសហរដ្ឋអាមេរិក អឺរ៉ុប ទ្វីបអូស្ដ្រាលី និងព្រៃស៊ូម៉ាត្រា។ ចៅទួតរបស់វាឈ្មោះ នីយ៉ារុ ជាសែស្រឡាយចុងក្រោយបំផុតរបស់វាត្រូវបានលែងចូលទៅក្នុងព្រៃ។
កើតក្នុងឆ្នាំ ១៩៥៦ វាត្រូវបានឯតទគ្គកម្មហ្គីនណេសពិភពលោកចុះបញ្ជីជាស្វាអូរ៉ង់អូតង់ ស៊ូម៉ាត្រា ចាស់បំផុតក្នុងលោក ដោយជាទូទៅ សត្វធំអូរ៉ង់អូតង់ញីកម្ររស់លើសពីអាយុ ៥០ ឆ្នាំណាស់។
លោក ថមសុន ឲ្យដឹងថា វាបានចាកចោលកូនញី ២ ក្បាលនៅសួនសត្វ រួមជាមួយចៅ ៤ ក្បាល និងចៅទួតឈ្មោល ១ ក្បាលផងដែរ៕