ក្រុងហ្សឺណែវ៖ បុគ្គលិកសុខាភិបាលស្វ៊ីសដែលកំពុងជាប់ដៃប្រយុទ្ធប្រឆាំងវិបត្ដិកូវីដសកល ត្រូវបានលើកទឹកចិត្ដឱ្យបន្ធូរអារម្មណ៍ជាមួយកុំព្យូទ័រហ្គេម ដែលមិនត្រឹមតែជួយកាត់ស្ដ្រេសប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងជាចំណេះដឹងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដក្នុងពិភពលោកទៀតផង។
អ្នកលេងហ្គេម «គេចពីកូវីដ ១៩» ត្រូវបានណែនាំតាមរយៈវីដេអូហ្គេមភាគ ដែលបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យ និងកន្លែងថែទាំរយៈពេលយូរ ជួបប្រទះបញ្ហាប្រចាំថ្ងៃ។
ឧបសគ្គនីមួយៗចាប់ពីពេលមុនចេញពីផ្ទះរហូតដល់ការធ្វើដំណើរនិងជាពិសេសពេលបំពេញការងារត្រូវបានរៀបចំឡើង ដើម្បីជួយបុគ្គលិកជួរមុខធ្វើការផ្លាស់ប្ដូរពិភពពិតក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ។
អង្គុយជាមួយបុគ្គលិកឆ្លើយតបបន្ទាន់ដែលត្រៀមជើងព្រួលនៅមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងហ្សឺណែវ (HUG) វេជ្ជបណ្ឌិតម៉ាឡានីស៊ូបផានបានធ្វើបទបង្ហាញពីល្បែងហ្គេមនេះ។
វាចាប់ផ្ដើមពីវគ្គងាយៗសម្រាប់អ្នកជំនាញថ្នាំស្ពឹក និងព័ត៌មានវិទ្យាដែលជួយណែនាំនិងអភិវឌ្ឍហ្គេមនេះឡើង។
ក្នុងល្បែង «គេចពីកូវីដ ១៩» អ្នកស្រីក្រោកពីដំណេកឡើងដោយកើតអាការក្អកនិងក្ដៅខ្លួនរួចជ្រើសរើសការធ្វើតេស្ដរកកូវីដ និងរង់ចាំលទ្ធផលមុនពេលចេញទៅធ្វើការងារ ដែលទទួលបានមកវិញនូវសញ្ញាមេដៃ។
ប៉ុន្ដែពេលអ្នកស្រីធ្វើតេស្ដអវិជ្ជមាន និងចេញទៅធ្វើការហ្គេមចាប់ផ្ដើមដល់វគ្គស្មុគស្មាញ។
អ្នកស្រីនិយាយថា៖ «បុគ្គលិកហាត់ការម្នាក់បានសាកសួរយើងថាតើស្ថានភាពនេះ គួរពាក់ម៉ាស់ N95 និង FFP2 ជំនួសម៉ាស់ពេទ្យធម្មតា?»។
ប្រឈមជាមួយជម្រើសជាច្រើន អ្នកស្រី ស៊ូបផាន ជ្រើសរើសចម្លើយជាច្រើនរួមមាន «ការសង្គ្រោះចលនាដង្ហើម» និង «ការប្រើឧបករណ៍ផ្លូវដង្ហើម» ដែលជាជម្រើសដ៏ត្រឹមត្រូវ។
ប៉ុន្ដែអ្នកស្រីក៏បានចុចលើការប្រើប្រាស់ការតេស្ដរុកច្រមុះ ហើយវីរុសមុខខឹងឡើងក្រហមបានផុសឡើង ដើម្បីបញ្ជាក់ថានាងជ្រើសរើសចម្លើយខុស ១។
អ្នកស្រី ស៊ូបផាន បានប្រាប់ AFP ថា៖ «គំនិតលេងហ្គេមនេះពិតជាមានប្រយោជន៍ផ្ដល់ការសប្បាយរីករាយ និងងាយៗ មិនរងការស្ដីបន្ទោសឡើយ»។
សាស្ដ្រាចារ្យ ស្ដេផានហារបាត ដឹកនាំអង្គភាពការពារជំងឺឆ្លងនៅមន្ទីរពេទ្យ ហើយក្រុមការងារបានជួយផ្ដល់គំរូនិងនិតិក្រមជំនាញលើហ្គេម «គេចពីកូវីដ ១៩»។
ការលើកទឹកចិត្ដឱ្យមានការផ្លាស់ប្ដូរអាកប្បកិរិយាក្នុងចំណោមអ្នកជំនាញវេជ្ជសាស្ដ្រ គឺជាកត្ដាសំខាន់។ តាំងពីវិបត្ដិកូវីដចាប់ផ្ដើមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលថែទាំសុខភាពក្លាយជាទីតាំងផ្ទុះជំងឺកូវីដ។
ហារបាតបាននិយាយថា៖ «យើងបានដឹងថាយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ដែលបុគ្គលគ្រប់រូបមិនអាចក្លាយជាភ្នាក់ងារចម្លងរោគ ដែលអាចឆ្លងទៅកាន់អ្នកជំងឺឡើយ»។
ជាក់ស្ដែងលោកនិយាយថាហ្គេមនេះ ក្លាយជាចលករជំរុញឱ្យមានអត្រាឆ្លងនៅមន្ទីរពេទ្យធ្លាក់ចុះ នារយៈពេលប៉ុន្មានខែចុងក្រោយ។
ដោយសម្លឹងទៅមុខលោកហារបាតបានឱ្យដឹងថា លោករំពឹងថា ហ្គេមនឹងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីអនុវត្ដសារវេជ្ជសាស្ដ្រដ៏សំខាន់នេះរួមទាំងការចាក់វ៉ាក់សាំងផងដែរ៕ AFP/HR