ភ្នំពេញ៖ ដោយសារ​​មើល​ឃើញ​​ពី​សក្ដានុពល​​ក្នុង​វិស័យ​សិល្បៈ ហើយ​​​អាច​ជួយ​​ទៅ​ដល់​​អ្នក​ចូលចិត្ត​​វិស័យ​​​​តែង​និពន្ធ​កុន ឬ​ល្ខោន​ទទួល​បាន​ប្រយោជន៍​បន្ថែម​​សម្រាប់​ជំនាញ​នេះ​ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ (CLA) នឹង​​បើក​​​​វគ្គ​​ខ្លី បង្រៀន​ផ្នែក​តែង​​និពន្ធ​ល្ខោន​ ចាប់​ផ្ដើម​ពី​ថ្ងៃទី ​១៧-២២ ខែ ​កុម្ភៈ ឆ្នាំ ​២០២០​​ ​នៅ​​​ការិយាល័យ​​សិល្បៈ​ខ្មែរ​អមតៈ​ នៅ​ក្នុង​រាជធានី​​ភ្នំពេញ ដែល​បង្រៀន​ដោយ​គ្រូ​ជា​​ជន​​បរទេស​ អតីត​ស្ថាបនិក​របស់​ Ex-Theatre Asia។​


បើ​តាម​​លោក គាត សុគីម ​អ្នក​​កាន់​គម្រោង​វគ្គ​ខ្លី​តែង​​និពន្ធ​​ល្ខោន​​នេះ និង​ជា​​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​​ព័ត៌មាន​​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ បង្ហើប​ឲ្យ​ដឹង​​​ពី​គោល​បំណង​នៃ​ការ​រៀបចំ​បើក​វគ្គ​​ខ្លី​បង្រៀន​ល្ខោន​នេះ​​ថា​៖ «ក្រោយ​ពី​​​​​ទទួល​​បាន​ផល​គួរ​ឲ្យ​កត់​សម្គាល់​​​លើ​ផ្នែក​​ល្ខោន​​និយាយ​ កាល​​​ពី​ឆ្នាំ​​​​មុន [ឆ្នាំ ២០១៩] ជា​លើក​​​ដំបូង​មក​នោះ ​ទើប​​​យើង​​​សម្រេច​ចិត្ត​បើក​វគ្គ​ខ្លី​ផ្នែក​ល្ខោន​​​នេះ​ជួយ​លើក​ស្ទួយ​ធនធាន​មនុស្ស​ផ្នែក​ល្ខោន​របស់​ខ្មែរ​។ ការ​រៀន​វគ្គ​នេះ ​យើង​នឹង​ចាប់​រៀន​នៅ​ថ្ងៃ​ទី ​១៧ ខែ​​កុម្ភៈ ដល់​ថ្ងៃទី ​២២ ខែ ​កុម្ភៈ ឆ្នាំ ​២០២០​ ខណៈ​​ទទួល​ពាក្យ​បេក្ខជន​ចូល​​រៀន​ឈប់​ត្រឹម​ថ្ងៃទី ​២ ខែ ​កុម្ភៈ ឆ្នាំ ​២០២០។​ ម្យ៉ាង​ទៀត​វគ្គ​​នេះ នឹង​ជួប​ជាមួយ​គ្រូ​ជាតិ​​ឥណ្ឌា ដែល​បច្ចុប្បន្ន​លោក​រស់នៅ​កោះ​តៃវ៉ាន់ និង​អតីត​ជា​ស្ថាបនិក​​​របស់​ Ex-Theatre Asia​ រៀន​ជា​ភាសា​អង់គ្លេស និង​មាន​ការ​ប្រែ​សម្រួល​​ជា​ភាសា​ខ្មែរ​ផង​​ដែរ​​»។

ការ​បើក​វគ្គ​ខ្លី​នេះ ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​​អ្នក​និពន្ធ​ជំនាន់​ក្រោយ និង​ផ្សព្វផ្សាយ​ពី​ទម្រង់​ល្ខោន​និយាយ​ឲ្យ​មហាជន​​​គ្រប់​ស្រទាប់ កាន់​តែ​ជ្រាប​ច្បាស់​ពី​វិស័យ​សិល្បៈ​មួយ​នេះ ​​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ ខិតខំ​​បន្ត​ការ​​យក​ចិត្ត​ទុក​ដាក់​បន្ថែម​​​ ខណៈ​​ទទួល​​​យក​​​សិក្ខាកាម​សិក្សា​ត្រឹម​​តែ​ចំនួន ៨ កន្លែង (រូប) ​ប៉ុណ្ណោះ​។​


ឈុត​​សម្តែង​ក្នុង​ល្ខោន​រឿង «​គ្រូទាយ​» សម្តែង​កាល​​ឆ្នាំ​ ២០១៩​​។ រូបថត អង្គការ​ CLA


លោក គាត សុគីម ក៏​​​បញ្ជាក់​ពី​​លក្ខខណ្ឌ​​​កំណត់​យក​ចំនួន​នៃ​​​វគ្គ​តែង​​និពន្ធ​ល្ខោន​លើក​នេះ​ថា​៖ «ព្រោះ​តែ​មាន​គ្រូ​តែ​ម្នាក់ ទើប​យើង​កំណត់​យក​ចំនួន​​​​​ត្រឹម​​ ៨ កន្លែង​​​ ហើយ​យើង​ក៏​មាន​​លក្ខខណ្ឌ​ខ្លះៗ​ដែរ ក្នុង​ការ​ទទួល​យក​​បេក្ខជន​​ចូល​រៀន​នោះ ​ដូចជា​បទពិសោធ​ផ្នែក​និពន្ធ​រឿង​នានា​ មិន​ថា​រឿង​​​ប្រលោម​លោក ឬ​ការ​តែង​រឿង​ផ្សេងៗ​ និង​ការ​ចំណាយ​ពេល​សិក្សា​ពេញ​ម៉ោង​ចំនួន​​ ​១ សប្តាហ៍ ​​​នៃ​​វគ្គ​​នេះ​​មិន​អាច​អវត្តមាន​បាន​ឡើយ»។​


ទោះបី​ជា​​​សិល្បៈ​ល្ខោន​និយាយ​ មិន​សូវ​​មាន​អ្នក​​និយម​ចូល​ចិត្ត​រៀន​មែន​ក្តី តែ​វា​​មាន​ពហុ​តម្លៃ​សម្រាប់​​​អ្នក​ចូលចិត្ត​វិស័យ​​សិល្បៈ​ផ្នែក​តែង​និពន្ធ ដឹកនាំ​ការ​សម្តែង ឬ​ថត​​កុន​​ផង​ដែរ​ ដោយសារ​​​អាច​ជា​ទុន​ដើម្បី​ជួយ​​ដល់​ការ​អភិវឌ្ឍ​​ក្នុង​ផ្នែក​នេះ​តែ​ម្តង​។

លោក គាត សុគីម ក៏​បញ្ជាក់​ដែរ​ថា៖ «ជា​ការ​ពិត​ទៅ! ​សម្រាប់​អ្នក​បាន​ឆ្លង​​កាត់​ការ​សិក្សា​វគ្គ​ខ្លី​ផ្នែក​ល្ខោន​នេះ នឹង​​ទទួល​បាន​ផល​ច្រើន មិន​ថា​ពួក​គេ​ជា​អ្នក​និពន្ធ អ្នក​ដឹកនាំ​ការ​​សម្តែង​ ឬ​អ្នក​សម្តែង​ទេ​។ ប្រសិន​ជា​អ្នក​និពន្ធ ពួក​គេ​នឹង​អាច​ទទួល​បាន​បច្ចេកទេស និង​ចំណេះ​ដឹង​បន្ថែម​ទៅ​លើ​ផ្នែក​និពន្ធ ពី​គ្រូ​បរទេស​ មាន​ឈ្មោះ​ល្បី​លើ​ឆាក​​អន្តរជាតិ​​។ ហើយ​ប្រសិន​ជា​តារា​សម្តែង​វិញ​នោះ គឺ​ពួក​គេ​នឹង​មាន​ទុន​ច្រើន​សម្រាប់​​សម្តែង​កុន​ជា​មិន​ខាន ព្រោះ​​ការ​សម្តែង​​ល្ខោន​មិន​សូវ​ខុស​គ្នា​​ពី​សម្តែង​កុន​ប៉ុន្មាន​​ទេ​។ លើស​​ពី​នេះ ការ​តែង​និពន្ធ​​ល្ខោន​​នេះ ​ទៀត​សោត​នៅ​​ស្រុក​ខ្មែរ​យើង​ដូច​ជា​មិន​មាន​​​សាលា​​បណ្តុះបណ្តាល​​ច្បាស់​​លាស់​នៅ​ឡើយ​ទេ​»។​ ​

សម្រាប់​ព័ត៌មាន​លម្អិត​នៃ​ការ​ចុះ​​ឈ្មោះ​រៀន​វគ្គ​ខ្លី​តែង​និពន្ធ​ល្ខោន​នេះ ​​អាច​ទាក់ទង​តាម​លេខ 086 895 556/023 986 032 ឬ​តាម​សារ​អេឡិចត្រូនិក chandaly@cambodianlivingarts.org ខណៈ​កន្លែង​​​ចូល​រៀន​​មាន​កំណត់​៕