ក្រុង​សេអ៊ូល៖ ពេល​ យូ សេរ៉ា លេច​មុខ​​ដំបូង​ក្នុង​ក្រុម​ K-pop នារី Nine Muses ការ​​ហ្វឹកហ្វឺន និង​ប្រកួត​ប្រជែង​ឥត​​ល្ហែ​នាំ​ឱ្យ​ក្ដី​សុបិន​ពី​​កុមារ​របស់​នាង​ក្លាយ​​ជា​ការ​ពិត​។


នាង​មាន​​ចម្រៀង​ប៉ុន្មាន​បទ​ក្នុង​​ចំណោម​បទ​ចម្រៀង​កំពូល​ទាំង ១០​ តែ​រយៈពេល ៤ ​ឆ្នាំ ​នាង​បាន​ក្លាយ​ជា​វត្ថុ​បុរាណ​លើ​វិស័យ​ចម្រៀង K-pop និង​ត្រូវ​បាន​គណៈគ្រប់គ្រង​ផាត់​ចេញ​ពី​ក្រុមហ៊ុន ខណៈ​មាន​ការ​រុះរើ​សមាជិក​ក្រុម​ចម្រៀង​។


ដោយ​ពុះពារ​លើ​វិថី​ចម្រៀង​តែ​ម្នាក់​ឯង សេរ៉ា ផុង​ខ្លួន​ក្នុង​​បំណុល និង​​ត្រូវ​រើ​​បម្រះ​ពី​ជំងឺ​​បាក់​ទឹក​ចិត្ដ​រហូត​គិត​​ចង់​ធ្វើ​អត្ដឃាត​ម្ដងៗ​។


បណ្ដា​​ក្រុម​ចម្រៀង​ ​K-pop មិន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​​ខ្លួន​ឯង​ទេ​។ ​អ្វីៗ​សុទ្ធសឹង​​ជា​​ការ​ចាត់ចែង​ពី​ទីភ្នាក់ងារ​​គ្រប់គ្រង​របស់​ពួក​គេ​។


យូ អាយុ ២២ ​ឆ្នាំ ពេល​នាង​ឆ្លង​ផុត​ពី​ជម្រុះ​ដំបូង ​ដើម្បី​ក្លាយ​​ជា​អ្នក​ចម្រៀង​ហាត់​ការ​ជាមួយ​ទីភ្នាក់ងារ​កម្រិត​មធ្យម Star Empire នៅ​ក្នុង​ទីក្រុង​សេអ៊ូល។


នាង​បាន​ថ្លែង​ថា​៖ «​មាន​ការ​ប្រកួត​ប្រជែង​ឥត​ស្រាកស្រាន្ត​ជាមួយ​ការ​ធ្វើ​តេស្ដ​រៀង​រាល់​សប្ដាហ៍​ ហើយ​អ្នក​ដែល​ស្ថិត​នៅ​​បាត​តារាង​លើ​វិញ្ញាសា​រាំ​ច្រៀង​ និង​រូប​សម្រស់​ តែង​ត្រូវ​បាន​​ផាត់​ចេញ​»។

ទោះ​ក្រោយ​ការ​ចេញ​បទ​ចម្រៀង​​ដំបូង​ហើយ​ក៏​ដោយ ក៏​ការ​ហ្វឹកហាត់​មិន​ត្រូវ​បាន​បន្ថូរបន្ថយ​ឡើយ​ ហើយ​នាង​តែង​​ត្រូវ​បាន​អ្នក​គ្រប់គ្រង​រិះគន់​។

សេរ៉ា ​បន្ដ​ថា​៖ «​អ្នក​គ្រប់គ្រង​និយាយ​ចំៗ​ថា ចុះ​ហេតុ​អ្វី​អូន​ធាត់​ម្ល៉េះ​? ពី​ព្រោះ​ខ្ញុំ​មិន​ចូល​​ក្នុង​ប្រភេទ​នារី​សិចស៊ី​»។

នាង​ក៏​សម្រប​​​តាម​តម្រូវ​ការ​របស់​ពួក​គេ​ ដោយ​បាន​រំឭក​​​ថា៖ «​ពេល​ពួក​គេ​ប្រាប់​ខ្ញុំ​ឱ្យ​កាត់​​សក់​ ខ្ញុំ​ក៏​ធ្វើ​តាម​។ ជា​បរិបទ​ដែល​​យើង​ត្រូវ​ដឹង​គុណ​ចំពោះ​ការ​ផ្ដល់​ឱកាស​ក្លាយ​ជា​តារា​»។

អតីត​សមាជិក​ក្រុម​ Nine Muses យូ សេរ៉ា (ស្ដាំទី២)​កំពុង​ហ្វឹកហាត់ជាមួយ​ដៃគូប្រកួត។ រូបថត AFP

តារា​ K-pop រូប​នេះបាន​បន្ដ​ថា​៖ «​មាន​អ្នក​ចម្រៀង​ហាត់​ការ​ជា​ច្រើន មាន​អ្នក​សិល្បៈ​ជា​ច្រើន មាន​ក្មេង​ៗ​ជា​ច្រើន​ដែល​ចង់​ប្រឡូក​ក្នុង​ឧស្សាហកម្ម​ចម្រៀង​នេះ​ក៏​ច្រើន​ផង​ដែរ​។ ដូច្នេះ ជួន​កាល​ពួក​គេ​ចាត់​ទុក​យើង​ជា​ផលិតផល​អាច​ដោះដូរ​បាន​ដោយ​សេរី»។

កូរ៉េ​ខាង​ត្បូង​ ជា​ប្រទេស​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​ និង​មាន​អត្រា​អត្ដឃាត​ខ្ពស់​ ជាមួយ​មរណភាព​តារា​ល្បី​ៗ​ជា​ច្រើន​រូប រួម​ទាំង​តារា​ចម្រៀង​ ហ្គូ ហារា និង​ស៊ូលី ព្រម​ទាំង គីម ជុងយុន មក​ពី​ក្រុម​ចម្រៀង​បុរស Shinee។

សេរ៉ា ដែល​ប៉ង​សម្លាប់​ខ្លួន​ផង​ដែរ​នោះ បាន​និយាយ​ថា៖ «​មាន​​មនុស្ស​ល្បី​ៗ​ជា​ច្រើន​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង​។ ក្នុង​ឧស្សាហកម្ម K-pop យើង​មិន​ជួប​បញ្ហា​ផ្លូវ​ចិត្ដ​ធ្ងន់ធ្ងរ​ឡើយ​»។

រយៈពេល​ជាង​ ១០ ឆ្នាំ​តាំង​ពី​​​​ការ​ប្រឡង​ធ្វើ​ជា​តារា​ដំបូង​ ​សេរ៉ា បាន​ប្រកួត​ជា​ថ្មី​ក្នុង​កម្មវិធី​​ទូរទស្សន៍​ «Miss Back»។

រៀបចំ​ឡើង​ដោយ​រាជិនី​ K-pop អ្នកនាង ​បែក ជីយ៉ុង ដែល​បាន​ចេញ​អាល់ប៊ុម​ចំនួន ៨ ក្នុង​អាជីព​សិល្បៈ​ ហើយ​​នៅ​តែ​អាច​ឈរជើង​យ៉ាង​មាន​ប្រជាប្រិយភាព​​​​រយៈពេល ២១ ​ឆ្នាំ វា​នៅ​តែ​ផ្ដល់​នូវ​អតីត​​​តារា​​ចម្រៀង​នូវ​ឱកាស​សិល្បៈ​ជា​ថ្មី ​ដែល​ខ្លះ​អត់​ធ្លាប់​ចេញ​ចម្រៀង​សោះ ហើយ​ខ្លះ​ទៀត​ធ្លាប់​ល្បី​ តែ​ត្រូវ​បាន​ផាត់​ចេញ​នៅ​ពេល​ធ្លាក់​កូដ​។

បេក្ខភាព​ប្រឡង​ធ្វើ​តារា​បាន​ចែក​រំលែក​ការ​ឈឺ​ចាប់ និង​ពុះពារ​​ជម្នះ ដែល​ពួក​គេ​បាន​ជួប​​ប្រទះ​ក្នុង​ស្រមោល​អន្ដរកាល​នៃ​ឧស្សាហកម្ម​​ដ៏​ពេញ​និយម​នេះ។

យូ បាន​និយាយ​ថា​៖ «​កម្មវិធី​នេះ​ហាក់​ដូច​ជា​ឱសថ​ព្យាបាល​​​សម្រាប់​នាយ​ទាហាន​រង​របួស​អ៊ីចឹង»៕ AFP/HR