ភ្នំពេញ៖ ស្ថិត​នៅ​ភូមិ​ព្រែក​ទាល់​ ជិត​​​អតីត​ទី​ចាក់​សំរាម​ម្តុំ​ស្ទឹងមានជ័យ​ អ្នកស្រី​ លី វណ្ណ: កំពុង​ញាប់​ដៃ​កាត់​ក្រណាត់​មក​ផ្គុំ​ដេរ​ ជា​ថ្នូរ​នឹង​​កម្រៃ​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​​ ព្រោះ​តែ​កត្តា​សុខភាព និង​ភារៈ​មើល​ថែ​កូន​មិន​អាច​ឲ្យ​ស្ត្រី​វ័យ ៣៩ ឆ្នាំ​រូប​នេះ ទៅ​​បម្រើ​ការ​​ក្រៅ​ផ្ទះ​។


ស្ថិត​នៅ​ជាន់​ក្រោម​​​ផ្ទះ​ស៊ីម៉ងត៍ ​ផ្នែក​​ខាង​លើ​​​បិទ​បាំង​​​បន្ទះ​ឈើ​ចាស់ៗ អ្នក​ម្ដាយ​កូន ​២ ​រូប​នេះ​យល់​ថា ផ្ទះ​តូច​នេះ​ជា​ជម្រើស​សមរម្យ​សម្រាប់​​​​ក្រុម​គ្រួសារ​ ៥ នាក់​ ដែល​មាន​ស្វាមី​កូនៗ​ រួម​ទាំង​​ប្អូន​ស្រី​របស់​អ្នកស្រី។


ធ្វើ​ការ​បណ្ដើរ​និយាយ​បណ្ដើរ​ អ្នកស្រី​​​​​រៀបរាប់​ពី​ប្រវត្តិ​ផ្ទាល់​​ខ្លួន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​​៖ ​«​មុន​ពេល​ខ្ញុំ​រៀបការ​ ខ្ញុំ​មក​ពី​គ្រួសារ​កម្សត់​មួយ​ដែល​មាន​បងប្អូន​រហូត​ដល់ ១០ នាក់​ ប៉ុន្តែ​ស្លាប់​ម្នាក់​ ហើយ​ឪពុក​ម្តាយ​ខ្ញុំ​គាត់​បែក​គ្នា ពួក​យើង​ក៏​ជួប​ការ​លំបាក និង​ខ្វះខាត​ច្រើន»​។


ស្ត្រី​មក​ពី​ស្រុក​ព្រៃវែង​រូប​នេះ ​បាន​សម្រេច​​​​ស្វែងរក​ឱកាស​ការងារ​រោងចក្រ​កាត់​ដេរ​នៅ​ទីក្រុង​ភ្នំពេញ ជា​ទី​ដែល​អ្នកស្រី​បាន​ជួប​ស្វាមី​។​


អ្នកស្រី​ វណ្ណៈ​ ​​រៀប​រាប់​ថា​៖ ​«ខ្ញុំ​បាន​រៀបការ​នៅ​ឆ្នាំ ២០០៨ ហើយ​ក៏​បាន​ចូល​ធ្វើ​ការ​រោងចក្រ​ ដោយសារ​តែ​ខ្ញុំ​មាន​បញ្ហា​សុខភាព​ខ្សោយ​​​ ធ្វើ​ការ​រោងចក្រ​អត់​កើត​ក៏​ឈប់​ទៅ​»។


ប្ដី​ប្រពន្ធ​អ្នកស្រី​បាន​កសាង​គ្រួសារ ដោយ​អាស្រ័យ​​​ដំបូល​បន្ទប់​ជួល​ប្ដូរ​ពី ១ ​កន្លែង​ទៅ ​១ ​​កន្លែង​ទៀត​ រហូត​​អ្នកស្រី​បាន​មក​ដល់​អតីត​តំបន់​ចាក់​សំរាម​​​ស្ទឹងមានជ័យ។

អ្នក​ម្ដាយ​កូន ២​ រូប​នេះ​​បាន​បន្ត​ទៀត​ថា៖ «បន្ទាប់​មក​ក៏​រើ​មក​នៅ​ទីនេះ​ (ព្រែក​ទាល់) មាន​​គេ​ប្រាប់​ថា​ រើស​អេតចាយ​អ៊ីចឹង​អាច​រក​បាន​​ចំណូល​​គួរ​សម​។ ខ្ញុំ​ក៏​បាន​រើស​អេតចាយ​ជាមួយ​ពួក​គេ​ដែរ​ ណា​មួយ​ក៏​មិន​សូវ​ពិបាក​ដែរ បាន​តិច​តួច​ចេះ​តែ​សន្សំ​ទៅ​»។

អ្នកស្រី វណ្ណៈ ដេរ​សំពត់ កាបូប ក្រណាត់​អនាម័យ​ និង​ខោ​អាវ​រយ។ យូរសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នកស្រី​បន្ត​​រើស​អេតចាយ​ រហូត​ដល់​កន្លែង​ចាក់​សំរាម​ត្រូវ​បាន​​ប្ដូរ​ទីតាំង​ថ្មី​នៅ​ឆ្នាំ ២០០៩ ក៏​​វិល​មក​អាជីព​​កាន់​កន្រៃ្ត និង​អំបោះ​ជា​ថ្មី ក្រោម​ជំនួយ​របស់​ស្ត្រី​បរទេស​ម្នាក់​ជា​គ្រិស្ត​សាសនិក។

ស្ត្រី​ដែល​តស៊ូ​ចិញ្ចឹម​ប្អូន​រូប​នេះ​​បាន​ប្រាប់​ថា៖ «​កន្លែង​ចាក់​​សំរាម​​​ថ្មី​ នៅ​ឆ្ងាយ​ពេក​ ខ្ញុំ​ក៏​ឈប់​​រើស​អេត​ចាយ​ នៅ​ផ្ទះ​មើល​​កូន​តូច​»។

អ្នកស្រី​បញ្ជាក់​​ថា​៖ ​«​បន្ទាប់​ពី​បាន​មក​រស់នៅ​ទី​នេះ​ មាន​ស្ត្រី​បរទេស​ម្នាក់​ដែល​គាត់​កាន់​គ្រិស្ដ​សាសនា គេ​ហៅ​គាត់​ថា Tenya គាត់​បាន​ដឹង​ថា​ ខ្ញុំ​ចេះ​កាត់​ដេរ គាត់​​​បាន​ទិញ​ម៉ាស៊ីន​​ដេរ ម៉ាស៊ីន​ផុង​ឲ្យ​ដល់​ខ្ញុំ​ ព្រម​ទាំង​ជួយ​រក​អតិថិជន​ឲ្យ​មក​ជួល​​ខ្ញុំ​ឲ្យ​ដេរ​ឲ្យ​ទៀត​ផង»។

ទោះ​​ជា​សប្បុរសជន​​​បរទេស​រូប​នោះ​វិល​​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​​​​​វិញ​ជា​ច្រើន​ឆ្នាំ​ហើយ​ក្តី​ក៏​អ្នកស្រី វណ្ណៈ ​នៅ​តែ​មាន​​ការងារ​ធ្វើ​​​​ជា​ប្រភព​ចំណូល​​​​រហូត​មក​សព្វ​ថ្ងៃ​។

អ្នកស្រី​​និយាយ​ថា៖ «ក្នុង ​១ ​ខែ​ ខ្ញុំ​ចំណាយ​ច្រើន​ដែរ មួយ​​ចំណែក​ទៅ​លើ​កូន​រៀន​ផង​ ថ្លៃ​ម្ហូប​ផង ខ្ញុំ​ចាយ​រិះថាំ​​បំផុត​ ដូច​ជា​ម្ហូប ​១ ពេល​​ត្រូវ​ចំណាយ​អស់ ​១ ម៉ឺន​រៀល​ ខ្ញុំ​លៃ​​យ៉ាង​ណា​ឲ្យ​អស់​ត្រឹម​តែ​ ៥ ០០០ រៀល បើ​ចាយ​ទូលាយ​​យើង​ចាយ​មិន​គ្រាន់​ទេ អ៊ីចឹង​ខ្ញុំ​ត្រូវ​ចំណាយ​​ប្រហែល ២៥០ ដុល្លារ ​ក្នុង ​១ ខែ»។

អ្នកស្រី​ចំណាយ​ច្រើន​​​លើ​ការ​សិក្សា​របស់​កូន ដែល​កត្តា​នេះ​ហើយ​នាំ​ឲ្យ​អ្នកស្រី​ទទួល​​បាន​ជម្រក​ស្នាក់​នៅ​ជា​ជំនួយ​ពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង World Housing។

ដើម្បី​ធានា​នូវ​អនាគត​កុមារ និង​សុវត្ថិភាព​សហគមន៍ អង្គការ​​ទាំង ​២ ​តម្រូវ​ឲ្យ​បេក្ខភាព​ទទួល​ផ្ទះ​​ជា​ជម្រក​អនុវត្ត​នូវ​លក្ខខណ្ឌ ​៣ គឺ៖ បញ្ជូន​កូន​ទៅ​សាលា​រៀន ចៀសវាង​ការ​ប្រើ​ហិង្សា​​បំពាន​សិទ្ធិ និង​ដាច់​ខាត​មិន​ឲ្យ​ប្រើ​កុមារ​​ធ្វើ​ការ​រក​ប្រាក់។

អតីត​ស្ដ្រី​រើស​អេត​ចាយ​រូប​នេះ​មាន​លទ្ធភាពឲ្យ​កូន​ចូល​រៀន​​។ រូបថត យូរសុះ អាប់ឌុលរ៉ាស់ហ៊ីម

គ្រួសារ​អ្នកស្រី វណ្ណៈ កូន​ស្រី​អាយុ ៤ ឆ្នាំ កូន​ប្រុស​អាយុ ៩ ឆ្នាំ និង​ប្អូនស្រី​អាយុ ២២ ឆ្នាំ សុទ្ធ​តែ​​ត្រូវ​បាន​ជំរុញ​ឲ្យ​​ទៅ​សាលា​​ក្រេប​ជញ្ជក់​ចំណេះ​វិជ្ជា​នៅ​ថ្នាក់​មត្តេយ្យ ថ្នាក់ទី ៤ និង​ថ្នាក់​ទី ១២។

អ្នកស្រី​ទទួល​បាន​ជំនួយ​ពី​​​អង្គការ​មូល​និធិកុមារ​កម្ពុជា​ បាន​​ផ្តល់​ជា​ដី​សម្រាប់​សង់​ផ្ទះ​ និង​ផ្តល់​ការងារ​ឲ្យ​ស្វាមី​អ្នក​ស្រី ព្រម​ទាំង​ឧបត្ថម្ភ​ដល់​ប្អូន​ស្រី​បាន​សិក្សា។

ស្រ្តី​មេ​ផ្ទះ​ ធ្លាប់​ដើរ​រើស​អេតចាយ​​ចិញ្ចឹម​គ្រួសារ​រូប​នេះ ​បន្ត​​ថា​៖ ​«​មុន​ពេល​មក​រស់នៅ​ទីនេះ ដែល​ជា​ដី​​អង្គការ​ស្កុត​ ជួល​ឲ្យ​រស់នៅ​ ខ្ញុំ​​​ជួល​បន្ទប់​គេ​ ដោយ​មាន​ការ​ចំណាយ​ច្រើន​»។ ​​ ​

អ្នកស្រី​បញ្ជាក់​ថា៖ «​​ពេល​នេះ​ ​អង្គការ​បាន​តភ្លើង​ឲ្យ​ទៀត​ ហើយ​ការ​ចំណាយ​​​លើ​កន្លែង​ស្នាក់នៅ​​​ក្នុង ​១ ​ខែ​ ទាំង​ថ្លៃ​ដី និង​​ទឹក​ភ្លើង​ អាច​ចូល​ ១៥ ម៉ឺន​រៀល​ដែរ​​ក្នុង ​១ ​ខែ»។

សម្រាប់​អ្នកស្រី​ការ​រស់នៅ​ទី​នេះ​មាន​ភាព​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់ បើ​ធៀប​នឹង​ផ្ទះ​ជួល​មុនៗ​។

អ្នកស្រី​ វណ្ណៈ បាន​បង្ហាញ​អារម្មណ៍​ថា៖ «សព្វ​ថ្ងៃ ​ធូរ​ទ្រូង​ជាង​​មុន​ ដោយ​កាល​មុន​ឲ្យ​តែ​ដាច់​ខែ ដឹង​តែ​គិត​ហើយ​ថា​ មិន​​ដឹង​បាន​លុយ​ឯ​ណា​មក​​បង់​ថ្លៃ​ផ្ទះ​គ្រប់​ទេ​។ ណា​មួយ​​​យើង​ក៏​មាន​អង្ករ​សម្រាប់​ហូប​ ដោយសារ​ប្អូន​រៀន​នៅ​អង្គការ​ស្កុត​ គាត់​បាន​ចែក​អង្ករ​ឲ្យ​​​»។

ជា​រៀង​រាល់​ថ្ងៃ អ្នកស្រី​ វណ្ណៈ ត្រូវ​ក្រោក​ពី​ម៉ោង ៤ កន្លះ​ទៀប​ភ្លឺ រៀបចំ​ផ្ទះ និង​ចម្អិន​អាហារ​ឲ្យ​​សមាជិក​គ្រួសារ មុន​​ចាប់​​ផ្ដើម​កិច្ចការ​ចិញ្ចឹម​ជីវិត​រហូត​ដល់​ម៉ោង​ជាង​ ៨ យប់​។

នៅ​ក្នុង ​១ ​ថ្ងៃ​ អ្នក​ស្រី​ លី​ វណ្ណៈ​ អាច​ដេរ​ដល់​ ២០ អាវ ដូច​ជា​ខោអាវ​រយ អាវ​ចុង​ភៅ​ និង​កាបូប​បាន​ប្រហែល​ ៧ ទៅ ៨ កាបូប។ ខោអាវ​រយ មួយ​អាច​​ទទួល​បាន​ ១ ២០០ រៀល ក្នុង​​អាវ​មួយ​ សំពត់​មួយ ១ ៥០០ រៀល កាបូប​មួយ ៤ ០០០ ទៅ ៨ ០០០ រៀល និង​​ក្រណាត់​អនាម័យ​ស្ត្រី​មួយ​ ២ ០០០។

ដៃ​​រុញ​ក្រណាត់​ដេរ​លើ​ម៉ាស៊ីន អ្នក​ស្រី វណ្ណៈ រំពឹង​ថា​ អង្គការ​​បន្ត​សម្រាល​បន្ទុក ​ដើម្បី​​សម្រេច​​គោល​ដៅ​​​ឲ្យ​កូន​រៀន​ចប់​​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ក្តី​បំណង​​ធំ​បំផុត​ ចង់​ឲ្យ​កូន​រៀន​ចប់​ថ្នាក់ និង​ប្អូន​រៀន​ចប់​ មាន​ការងារ​ធ្វើ​គ្រប់​គ្នា ព្រោះ​ខ្ញុំ​មិន​មាន​អ្វី​ចែក​ឲ្យ​ពួក​គេ​នោះ​ទេ​»៕