ក្រុងម៉ា្រឌីដ៖ ពេលលោក Philipp Klein Herrero ត្រូវលុបគម្រោងលម្ហែកាយជិះស្គី ដោយសារតែវិបត្តិវីរុសកូរ៉ូណាទូទាំងពិភពលោកនោះ លោកច្នៃបន្ទប់ក្នុងផ្ទះល្វែង ជាទីរំអិលជំនួសឲ្យបទពិសោធជិះស្គីទឹកកក។
កីឡាករជិះស្គីវ័យ ២៨ ឆ្នាំរូបនេះបាននិយាយថា៖ «អារម្មណ៍ធុញថប់ធ្វើឲ្យខ្ញុំកើតគំនិតច្នៃនេះច្នៃនោះ»។
វីដេអូ ៥៧ វីនាទី ថតដោយកាមេរ៉ាជាប់នៅពិតានផ្ទះ បានចំនួនទស្សនារាប់លានដងលើបណ្ដាញសង្គមនានា។
លោក Klein Herrero ជាវិស្វករនៅរោងចក្រផលិតរថយន្ត SEAT របស់អេស្ប៉ាញ បានបន្តទៀតថា៖ «ខ្ញុំទិញសំបុត្រឡានក្រុងទៅ La Grave ប្រទេស បារាំង ដើម្បីជិះស្គីលេងជាមួយគ្រួសារខ្ញុំ។ ខ្ញុំខំសន្សំលុយពេញ ១ ឆ្នាំ ដើម្បីតែគម្រោងដើរលេងនេះ»។
លោកថា៖ «ពេលនេះ ខ្ញុំគួរតែកំពុងស្ថិតនៅលើឡានក្រុងជិះទៅតំបន់ស្គីទឹកកក តែគម្រោងបានរលាយអស់ហើយ។ វាក៏មិនសមដែរ ដែលយើងទៅជិះស្គីសប្បាយ ខណៈពលរដ្ឋនៅអេស្ប៉ាញស្លាប់ជាបន្តបន្ទាប់»។
ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណា នៅប្រទេសនេះបានឡើងដល់ជាង ១៤ ០០០ នាក់។
លោកថា៖ «ការសម្រេចចិត្តឃុំខ្លួននៅផ្ទះ បានធ្វើឲ្យខ្ញុំនឹកដល់អារម្មណ៍រំភើបដែលរអិលខ្លួនពីជម្រាលទឹកកក។ ដូច្នេះទើបខ្ញុំច្នៃបន្ទប់ទទួលភ្ញៀវធ្វើជាកន្លែងជិះស្គី»។
វីដេអូដែលប្រើកម្មវិធី stop-motion ក្នុងការកាត់តបង្ហាញទិដ្ឋភាពលោក Herrero ដេកនៅកម្រាលបន្ទប់ទទួលភ្ញៀវជាមួយក្ដារស្គីពាក់ជើង និងដងដោល។ កាមេរ៉ាភ្ជាប់នឹងពិតាន ធ្វើឲ្យកាយវិការដេក ប្រែក្លាយជាដូចកំពុងឈរ។ នៅចុងបញ្ចប់នៃវីដេអូដ៏គួរឲ្យអស់សំណើចនេះ លោករបូតមួកការពារក្បាលចូលកម្រាលពូក ហើយសំណេរ «នៅផ្ទះ មានសុវត្ថិភាពក៏បានផុសឡើង»៕ AFP