ក្រុងព្រះវិហារ៖ ខណៈវត្ដអារាមជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ផ្ដើមបើកសាលាឆាន់ទទួលចង្ហាន់ពីពុទ្ធបរិស័ទដែលគោរពប្រណិប័តន៍ព្រះពុទ្ធសាសនាក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា អារាមមួយស្ថិតនៅចុងផុតភាគខាងលិចនៃភ្នំត្បែងបែរមិនធ្លាប់ទទួលចង្ហាន់ សូម្បីតែមួយចានពីពុទ្ធបរិស័ទក្នុងរដូវបុណ្យទាន។
ព្រះតេជគុណ ប៉ែន សន ជាព្រះចៅអធិការវត្ដ និងជាស្ថាបនិកអារាមលើភ្នំត្បែងនេះ មានសង្ឃដីកាថា៖ «អត់ទេ! ក្នុងការកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានតែពួកយើង [ភ្ញៀវទេសចរ] នាំយកបច្ច័យជួយកសាងអារាម។ ប៉ុន្ដែចំពោះអ្នកស្រុកនេះ ពួកគេមិនដែលយកបាយមកប្រគេនមួយចានទេ»។
ព្រះគ្រូធម្មាចារ្យ បានប្រាប់ពីមូលហេតុថា វាមិនមែនពួកគេមិនជឿសាសនានោះទេ តែពួកគេមានជីវភាពខ្សត់ខ្សោយ ហើយណាមួយនៅអារាមក៏មានកូនសេក្ខលោកអាចធ្វើបាយសម្លសម្រាប់ប្រគេនលោកស្រាប់ហើយ។
ពុទ្ធបរិស័ទប្រាកដជាមានការភ្ញាក់ផ្អើលចំពោះទិដ្ឋភាព និងសំណង់អារាមជុំវរាហំង្សី រអាងថ្មបីដុំ ដែលសូម្បីតែការធ្វើដំណើរឡើងចុះភ្នំក៏មានការលំបាកខ្លាំង តែវត្ដព្រះពុទ្ធសាសនាមួយនេះបែរឈរយ៉ាងស្កឹមស្កៃជាមួយវត្ដមានព្រះវិហារ សាលាឆាន់ កុដិ ទីឋានសក្ការៈថ្ម ៣ ដុំ ព្រមទាំងការដ្ឋានសំណង់ប្រាសាទអដ្ឋង្គិកមគ្គតម្កល់ព្រះពុទ្ធរូបដ៏ល្អស្អាតថែមទៀត។
ទីឋានសក្ការៈដ៏ខ្ពស់នៃភ្នំត្បែង ត្រូវបានព្រះគ្រូធម្មាចារ្យ ប៉ែន សន និមន្តមកដល់ក្នុងបំណងស្វែងរកភាពស្ងប់ស្ងាត់ និងបង្រៀនចាស់ព្រឹទ្ធាចារ្យសំណាក់ធម៌។
ព្រះតេជគុណដែលនិមន្ដមកពីវត្ដស្ទឹងមានជ័យ មានសង្ឃដីកាប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពេលអាត្មាមកទីនេះដំបូងក្នុងឆ្នាំ ១៩៨២ តំបន់នេះមិនទាន់មានអ្វីទាំងអស់ ជាពិសេសការធ្វើដំណើរពិតជាលំបាកខ្លាំង។ អាត្មានាំដូនជីជាង ១០០ នាក់ មកសំណាក់ធម៌លើភ្នំនេះ»។
ឈរគង់ក្បែរអគារព្រះវិហារដ៏ធំស្កឹមស្កៃ ព្រះតេជគុណព្រះជន្ម ៩៩ វស្សា ៩ ខែ និងជាព្រះសង្ឃតែមួយអង្គឯងគត់លើអារាមនេះ មានសង្ឃដីកាថា៖ «ការកសាងអារាមនេះពិតជាមានការលំបាកខ្លាំងណាស់ ជាពិសេសការដឹកជញ្ជូនសម្ភារសំណង់។ គ្រាន់តែលីស៊ីម៉ងត៍ឡើងភ្នំនេះ យើងត្រូវជួលអ្នកភូមិ ២ ម៉ឺនរៀលមួយបាវ និងដឹកជញ្ជូនតាមគោយន្ដពីវត្ដភ្នំត្បែងមកទីនេះមានតម្លៃ ១០ ម៉ឺនរៀល មួយគោយន្ដ»។
អ្នកដំណើរបានឃើញសំណង់សាសនាទាំងនេះហើយ ច្បាស់ជានឹកស្ងើចពីការដឹកជញ្ជូនសម្ភារសំណង់ត្រូវឆ្លងកាត់ជណ្ដើរបេតុង ១ ៣៤៥ កាំ និងប្រើគោយន្ដឆ្លងកាត់ផ្លូវដ៏សែនលំបាកចម្ងាយ ៨ គីឡូម៉ែត្រទៀត។
ថ្លែងពីបទពិសោធនៃការលីសែងសម្ភារ និងអីវ៉ាន់ឡើងភ្នំជាថ្នូរនឹងប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ លោក នូ ធី អាយុ ៣២ ឆ្នាំ បាននិយាយពេលសម្រាកពីការលីស័ង្កសីទម្ងន់លើសពី ៥០ គីឡូក្រាម ថា៖ «មួយថ្ងៃ ខ្ញុំអាចលីអីវ៉ាន់ឡើងភ្នំ ៤-៥ ជើង បើថ្ងៃណាខ្ជិល បានត្រឹមតែ ៣ ជើងប៉ុណ្ណោះ។ ខ្ញុំមិនច្បាស់ថា លោកតានឹងឲ្យកម្រៃប៉ុន្មានទេ ពីព្រោះស័ង្កសីនេះជារបស់វត្ដ ស្រេចតែលោកតាឲ្យចុះ។ ធម្មតា លោកឲ្យមួយជើង ២ ម៉ឺនរៀល»។
សូម្បីតែម៉ូតូ ដែលបើកបរនៅលើភ្នំ ពលរដ្ឋត្រូវដោះវាជា ៣បំណែក រួចស្ពាយឡើង និងផ្គុំវិញនៅខាងលើ។ មិនខុសគ្នាទេ គោយន្ដដែលបច្ចុប្បន្នមានតែមួយគ្រឿងគត់នៅលើភ្នំត្បែង ក៏ត្រូវបានដោះជាច្រើនបំណែកមុនពេលពលរដ្ឋស្ពាយឡើងភ្នំផងដែរ។
ជាមួយនឹងការខិតខំប្រឹងប្រែងកសាងអារាមលើកំពូលភ្នំត្បែងនេះ ដែលមានការចំណាយខ្ពស់នេះ ព្រះចៅអធិការបានបង្កើតទីតាំងសមរម្យនៅទីឋានសក្ការៈ និងផ្ដល់ជាទីកន្លែងស្នាក់អាស្រ័យដល់ពុទ្ធសាសនិក និងអ្នកមានជំនឿផងដែរ។
អ្នកស្រី អ៊ុំ សួន អាយុជាង ៦០ ឆ្នាំ មកពីស្រុកកំពង់ក្ដី ខេត្ដកំពង់ធំ ជាមួយស្ដ្រីវ័យចន្លោះពី ៤៥ ទៅ ៦០ ឆ្នាំ បានប្រាប់ថា៖ «យើងមកបែរបន់សុំសេចក្ដីសុខ និងបួងសួងថ្ម ៣ ដុំ ស័ក្ដិសិទ្ធិជួយព្យាបាលជំងឺចេញពីរាងកាយ»។
ស្ដ្រីដែលខិតខំធ្វើដំណើរឡើងទាំងនេះបានចំណាយពេលស្នាក់អាស្រ័យនៅអារាមជុំវរាហំង្សី រអាងថ្មបីដុំ មួយយប់មុនពេលធ្វើដំណើរចុះពីភ្នំនៅព្រឹកថ្ងៃបន្ទាប់។
ថ្មភ្នំ ៣ ដុំ ក្នុងចំណោម ៤ ដុំ ស្ថិតនៅជ្រលងភ្នំដ៏ជ្រៅបានក្លាយជាទីឋានសក្ការៈដែលអ្នកមានជំនឿបានបួងសួងសុំសេចក្ដីសុខ និងយកសារពាង្គកាយដែលឈឺចាប់ដោយសារជំងឺទៅត្រដុសស្រាលៗលើថ្ម ដើម្បីសុំបារមីថ្ម ៣ ដុំ ជួយព្យាបាលអាការឈឺចាប់របស់ពួកគេ។
ព្រះគ្រូធម្មាចារ្យ ប៉ែន សន មានសង្ឃដីកាថា៖ «អាត្មាមិនដឹងយ៉ាងម៉េចបានជាថ្ម ៣ ដុំនេះស័ក្ដិសិទ្ធិនោះទេ ពីព្រោះទីនេះជាកន្លែងអស្ចារ្យ។ យើងនិយាយមិនបានទេពីព្រោះវាស័ក្ដិសិទ្ធិតាំងពីបរមបុរាណមកតែម្ដង។ មិនដឹងពីរជ្ជកាលណាមកទេ»៕