ក្រុងរីយ៉ាដ៖ អារ៉ាប៊ី សាអ៊ូឌីត បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងអនុញ្ញាតឲ្យគូស្នេហ៍ជនបរទេសអត់ទាន់រៀបការជួលបន្ទប់សណ្ឋាគារស្នាក់នៅរួមគ្នា ខណៈរាជាណាចក្រកំពូលអភិរក្សប្រពៃណីនេះផ្ដើមផ្ដល់ទិដ្ឋាការទេសចរណ៍ជាលើកដំបូង។
អាជ្ញាធរទេសចរណ៍ បានឲ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ចុះផ្សាយលើ Twitter ថា ស្ដ្រីអារ៉ាប៊ី សាអ៊ូឌីត ដែលធ្វើដំណើរតែឯងនឹងត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះស្នាក់នៅក្នុងសណ្ឋាគារដោយប្រើអត្ដសញ្ញាណប័ណ្ណមានសុពលភាព។
កាលពីមុន គូស្នេហ៍ដែលចង់ស្នាក់នៅបន្ទប់សណ្ឋាគាររួមគ្នាត្រូវបញ្ជាក់ថា ពួកគេបានរៀបការរួចត្រឹមត្រូវ។
សេចក្ដីថ្លែងការណ៍បានបន្ដថា៖ «ភ្ញៀវទេសចរមិនចាំបាច់តម្រូវឲ្យមានការបង្ហាញអេតាស៊ីវិលឡើយ»។
អារ៉ាប៊ី សាអ៊ូឌីត បានប្រកាសកាលពីថ្ងៃទី ២៧ ខែ កញ្ញា ថា ខ្លួនបើកទ្វារប្រទេសស្វាគមន៍ភ្ញៀវទេសចរក្នុងបំណងបង្កើនចំណូលបន្ថែមក្រៅពីសេដ្ឋកិច្ចប្រេងរបស់ខ្លួន។
រាជាណាចក្រនេះធ្លាប់តែផ្ដល់ទិដ្ឋាការដល់អ្នកចូលរួមធម្មយាត្រាសាសនា កម្មករបរទេស និងថ្មីៗនេះអ្នកទស្សនាព្រឹត្ដិការណ៍កីឡា និងវប្បធម៌ផ្សេងៗប៉ុណ្ណោះ។ ការបើកទ្វារស្វាគមន៍ទេសចរ គឺជាគំនិតផ្ដួចផ្ដើមចម្បងមួយនៃចក្ខុវិស័យឆ្នាំ ២០៣០ របស់ព្រះអង្គម្ចាស់ស្នងរាជ មូហាមេដ ប៊ីន សាល់មេន ដែលធ្វើការកំណែទម្រង់កម្មវិធីរៀបចំសេដ្ឋកិច្ចអារ៉ាប់ដ៏ធំបំផុតសម្រាប់សម័យក្រោយអស់ប្រេង។
ទន្ទឹមនឹងការផ្ដល់ទិដ្ឋាការអេឡិចត្រូនិក ឬទិដ្ឋាការពេលមកដល់ ដល់ ៤៩ ប្រទេស អាជ្ញាធរក៏បានក្រើនរំឭកផងដែរថា ភ្ញៀវទេសចរដែលបំពានលើច្បាប់ «អត្ដចរិតសាធារណៈ» រួមទាំងការស្លៀកពាក់មិនសមរម្យ និងការបង្ហាញសកម្មភាពល្អូកល្អិនគ្នាតាមទីសាធារណៈ នឹងនៅតែជាកម្មបទជាប់ទោស៕ AFP/HR