ភ្នំពេញៈ ថ្មីៗ​នេះ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយសារ​មាន​លេច​ចេញ​បណ្តុំ​រូប​បែប​ស្និទ្ធស្នាល​ខ្លាំង​រវាង​តារា​សម្តែង​ប្រុស​រូបសង្ហា​ឈ្មោះ​ពិត យិត មាសឧស្សាហ៍ ហៅ​ អេដវីន និង​ស្ត្រី​អតីត​ជា​ភរិយា​ម្ចាស់​ផលិតកម្ម LD​។


ក្រោយពី​ឃើញ​រូបភាព​ស្អិតល្មួត​ប្រៀប​ដូចជា​គូស្នេហ៍​ថ្មោងថ្មី​រវាង​លោក អេដវីន និង​អ្នកនាង នាង សុទ្ធ បញ្ចកា ដែល​អតីត​គឺជា​ប្រពន្ធ​របស់​លោក លៀក លីដា ជា​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត LD ជាច្រើន​សន្លឹក​នោះ​ក៏​ក្លាយ​ជា​ប្រធានបទ​លើក​យក​មក​ជជែក​គ្នា​យ៉ាង​ក្តៅគគុក​ចេញ​ជា​ផ្សែង​ពាក្យ​ថា​៖ «​អីយ៉ា​!​តារាសម្ដែង អែដវីន កំពុង​តែ​តាម​សុំ​ស្នេហ៍​នឹង​អតីត​ភរិយា​លោក លៀក លីដា ទេ​តើ​នៀក​?» និង​សារ​មួយ​ទៀត​ថា​៖ «​តារាសម្ដែង​ប្រុស អែដ វីន កំពុង​តែ​តាម​ស្រឡាញ់​អ្នកនាង សុទ្ធ បញ្ចកា តាំងពី​នាង​មិន​ទាន់​រៀបការ​នឹង​ម្ចាស់​ផលិតកម្ម LD មក​ម្ល៉េះ​គឺ​នៅ​ពេល​អ្នក​ទាំង​ ២ ​រៀន​វិទ្យាល័យ​ជាមួយ​គ្នា​!»​។


ខណៈ​ព័ត៌មាន​នេះ​ក៏​បាន​លេចឮ​ពេញ​បណ្តាញ​សង្គម​តែ​ម្តង រឿង​អតីត​ភរិយា​លោក លៀក លីដា ម្ចាស់​ផលិតកម្ម LD គឺ​អ្នកនាង សុទ្ធ បញ្ចកា ហាក់​ស្និទ្ធស្នាល​ប្លែក​ជាមួយ​នឹង អែដវីន ដែល​ធ្វើឲ្យ​ប្រិយមិត្ត​សង្ស័យ​ថា​អ្នក​ទាំង​​ ២ ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​នោះ បើ​តាម​ការសង្កេត​លើ​សកម្មភាព​ស្និទ្ធស្នាល និង​ការ​បង្ហាញមុខ​ទៅ​ណា​មក​ណា​ជា​គូ​ហាក់​ដូចជា​គូស្នេហ៍​នឹង​គ្នា​តែម្តង​។


បើ​តាម​ប្រភព​អ្នក​សិ្នទ្ធ​ក្នុង​សង្គម​សិល្បៈ​នោះ បង្ហើប​ថា​បុរស​សង្ហា​ជា​តារាសម្ដែង​កំពុងតែ​ឡើង​កូដ អែដវីន នេះ​តែង​តាម​យក​ចិត្ត​អ្នកនាង បញ្ចកា ខ្លាំង​ណាស់​តាំងពី​ពេល​នៅ​រៀន​វិទ្យាល័យ​មក​គឺ​តារា​រូបនេះ​ខំ​តាម​ព្យាយាម​សុំ​ស្នេហ៍​នាង ម្ដង​ហើយ​ម្ដងទៀត តែ​ពុំ​បាន​សម្រេច​ឡើយ ដោយសារ​នាង​មាន​ទំនាក់ទំនង​ជាមួយ​លោក​ លៀក លីដា ដែល​ជា​ម្ចាស់​ផលិតកម្ម LD​។


ប្រភព​ដដែល​ក៏​លួច​ប្រាប់​ទៀត​ថា​៖ «​និយាយ​ទៅ អែដវីន ជា​សុភាព​បុរស មាន​ស្នេហ៍​ស្មោះ​ណាស់ គ្រាន់​តែ​ឮថា មនុស្ស​ស្រី​ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​ខូចចិត្ត​ក្រោយ​ពី​លែងលះ​ជាមួយ​នឹង​លោក លៀក លីដា ដែល​ពាក់ព័ន្ធ​រឿងរ៉ាវ​ប្តី​លួចលាក់​ស្នេហា​ជាមួយ​នឹង​តារាសម្ដែង​ស្រី កញ្ញា សាឡាត់ ស្រីឡាង​។


ភ្លាមៗ​នោះ​កំលោះ​រូប​សង្ហា​មាន​ក្តីអាណិត​នាង ហើយ​ចង់​ទៅ​លួងលោម​មនុស្សស្រី​ដែល​ខ្លួន​ធ្លាប់​ស្រឡាញ់​កុំ​ឲ្យ​គិត​ច្រើន​»​។

ចំពោះ​រឿង​បាន​បែកធ្លាយ​ថា មាន​សម្ព័ន្ធ​ស្នេហ៍​នឹង​អតីត​ភរិយា​របស់​ថៅកែ​ផលិតកម្ម LD នោះ តារាសម្តែង​ប្រុស​លោក យិតមាស ​ឧស្សាហ៍​ហៅ​លោក អែដវីន បាន​បកស្រាយ​យ៉ាង​ខ្លី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​អូ​!​បង តាមពិត​រឿង​មិន​ពិត​ទេ​!​ខ្ញុំ និង​គាត់ [​អ្នកនាង សុទ្ធ កញ្ចកា អតីត​ប្រពន្ធ​លោក លៀក លីដា​] គ្រាន់តែ​ជា​មិត្តភក្តិ​គ្នា​កាល​នៅ​រៀន​តែ​ប៉ុណ្ណោះ​»៕