អ៊ីវ៉ា មិន​ខ្លាច​គេ​ចំអន់​​​ជា​គណៈកម្មការ​​ឥត​​គូ ​នៅ​ក្នុង​កម្មវិធី «​កូន​ក្រមុំ​ឆ្នើម​»

Content image - Phnom Penh Post
កញ្ញា អីុវ៉ា ជាគណៈកម្មការកម្មវិធី​ «កូនក្រមុំឆ្នើម»។ សហការី

ភ្នំពេញ៖ តារា​ចម្រៀង​ស្រី​រាង​ស្ល៊ីម​ សំឡេង​ធ្ងន់​​ជ្រក​​​ក្រោម​​ទ្រនំ​សាន់ដេ មាន​ឈ្មោះ​ពិត​ថា ឃិន ស្រីនាថ​ ហៅ​កញ្ញា​​ អ៊ីវ៉ា ហាក់​​មិន​បាន​សម្តែង​អារម្មណ៍​ខ្លាច​ត្រូវ​ផ្ទាំង​ស៊ីប​គេ​បាញ់​​ចំអន់​លេង​​ថា ​ជា​គណៈកម្មការ​​​​ឥត​​គូ​សម្រាប់​វត្តមាន​​​​នៅ​ថ្ងៃ​បើក​​សម្ពោធ​កម្មវិធី​ទូរទស្សន៍​​ NiceTV ឈ្មោះ​ថា «​កូន​​ក្រមុំ​ឆ្នើម​» នោះ​ឡើយ​ ។

នេះ​បើ​តាម​សម្តី​អះអាង​ថា ​មិន​​មាន​ការ​ព្រួយ​បារម្ភ និង​រអែង​ចិត្ត​ខ្លាច​ត្រូវ​គេ​ចំអន់​លេង​​​​ពី​ជីវិត​គូ​ទេ​ ពី​​​តារា​​ចម្រៀង​ស្រី​សាន់ដេ ខណៈ​​បង្ហាញ​ខ្លួន​​ក្នុង​ឈុត​​ពណ៌​​​មាស​​ សម​សួន​នឹង​​សាច់​ស​ដូច​ជា​​​បណ្តូល​​ចេក ដែល​​​​កាន់​តំណែង​ជា​គណៈកម្មការ ​១ រូប​ ​នៃ​​កម្មវិធី​ថ្មី​​​របស់​​ទូរទស្សន៍​ Nice TV «​កូន​ក្រមុំ​ឆ្នើម​» ​​បាន​សម្ពោធ​កាល​​​ពី​ថ្ងៃទី ​៧​ ខែ​ ​កញ្ញា ចុង​សប្តាហ៍​កន្លង​​មក​​នៅ​អគារ​ព្រីនស៍​ហូធីង​គ្រុប​ កោះ​ពេជ្រ​​។

តំណែង​​គណៈកម្មការ​ដាក់​ពិន្ទុ​ឲ្យ​គូ​ស្នេហ៍​ចំនួន​ ១០​ គូ ដែល​​ចុង​ក្រោយ​​​ជ្រើសរើស​យក​​​តែ​ ១​ គូ សម្រាប់​​ម្ចាស់​​ជយលាភី​នៃ​កម្មវិធី ​«កូន​ក្រមុំ​ឆ្នើម» នោះ​មាន​សមាជិក​​ចំនួន​ ៥​ រូប​គឺ​តារា​សម្តែង​ប្តី​ប្រពន្ធ​អ្នក​នាង​ គង់ ច័ន្ទស្រីមុំ និង​លោក​ គីម សីហា​ អ្នក​និពន្ធ​​ភាពយន្ត​ល្បី​លោកស្រី​ សក្តិ​ សាកេត​ និង​ពិធីករ​ប្រចាំ​ប៉ុស្តិ៍​ទូរទស្សន័​បាយ័ន​ ជា​ វណ្ណរិទ្ធ។

Content image - Phnom Penh Post
តារា​​ចម្រៀង​ស្រី​ឈរជួរ​មុខ​នៅ​ទ្រនំ​សាន់ដេ រាង​ស្លុីម​​សំឡេង​ពីរោះកញ្ញា អីុវ៉ា​​​។ សហការី

ចំណោម​​​​​គណៈកម្មការ​ទាំង​អស់ ​គឺ​សុទ្ធ​តែ​បាន​រៀបការ​រួច​មក​ហើយ​ ​ស្គាល់​រសជាតិ​នៃ​ជីវិត​គូ​ ​លើកលែង​តារា​ចម្រៀង​ស្រី​កញ្ញា អ៊ីវ៉ា ​ដែល​អះអាង​ថា ​​​មិន​ទាន់​​មាន​គូ​នា​ពេល​បច្ចុប្បន្ន​។

ជំនួប​​ថ្ងៃ​​សម្ពោធ​កម្ម​វិធី «កូន​ក្រមុំ​ឆ្នើម»​ តារា​ចម្រៀង​​ស្រី​​ដែល​​ធ្លាប់​​ល្បី​ថា ​​សម្បូរ​​ស្នេហ៍​កញ្ញា​​ អ៊ីវ៉ា បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖​ «​ពី​មុន​ធ្លាប់​តែ​មក​​ច្រៀង​ តែ​ឥឡូវ​នេះ ​មក​ធ្វើ​ជា​​គណៈកម្មការ​អ៊ីចឹង​ ខ្ញុំ​មាន​អារម្មណ៍​ថា​​ប្លែក​ដែរ​ ប៉ុន្តែ​សប្បាយ​​ព្រោះ​ថា​ កម្មវិធី​ហ្នឹង​ល្អ!​ គេ​ផ្តោត​សំខាន់​ទៅ​លើ​ជីវិត​​​​​​គូ​​ ដែល​មាន​​កូន​ក្រមុំ​ និង​កូន​​កំលោះ​បាន​រៀបការ​ហើយ​ និង​​បង្ហាញ​ពី​ជីវិត​គ្រួសារ​ ដែល​ពួក​គាត់​មើល​ថែគ្នា​បាន​ល្អ​​»​។

ស្រី​ស្រស់​កញ្ញា​​ អ៊ីវ៉ា ក៏​​បន្ត​ទៀត​​ថា​៖ ​«​ចូល​​ក្នុង​កម្មវិធី ​ដែល​សុទ្ធ​តែ​អ្នក​​មាន​គូ​​អ៊ីចឹង​ គឺ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា ​ដូច​ជា​នៅ​​តែ​​ឯងៗ​ដែរ​ហ្នឹង​! ប៉ុន្តែ​ក៏​មិន​ជា​​បញ្ហា​អ្វី​​ដែរ​ទេ​ ព្រោះ​​ថា​យើង​មក​នេះ​ ធ្វើ​ជា​គណៈកម្មការ​​។​ ឃើញ​គេ​មាន​គូ​ដូច្នេះ ក៏​អត់​ច្រណែន​អ្វី​ទេ​​ គឺ​​​រំភើប​ជំនួស​ពួក​គាត់​វិញ»​។

គួរ​​បញ្ជាក់​ដែរ​ថា​ សម្រាប់​កម្មវិធី​ថ្មី​​ ​«​កូន​ក្រមុំ​ឆ្នើម​»​ ​​របស់​ទូរទស្សន៍​ Nice TV ​​ឧបត្ថម្ភ​ធំ​​ពី​មជ្ឈមណ្ឌល​​កម្សាន្ត​ព្រីនស៍​​ម៉ាណ័រ​ ​មាន​គូ​ស្នេហ៍​​​ប្រកួត​​​ចំនួន​ ៣០ គូ​ ចូលរួម​ចែក​រំលែក​ពី​​បទពិសោធ​ស្នេហា​ ក្នុង​រយៈពេល​ ១២​ សប្តាហ៍​ ទើប​​​ជ្រើស​​កូន​ក្រមុំ​ឆ្នើម​មួយ​រូប។​ គូ​ស្នេហ៍​ជា​ម្ចាស់​​ជយលាភី​​​ នឹង​​ទទួល​​បាន​ការ​​រៀបចំ​ពិធី​ជប់​លៀង​មង្គលការ​ដ៏​រ៉ូមេនទិក​បំផុត​ និង​​បន្ទប់​ស្នាក់នៅ​លំដាប់​ VIP ដោយ​​ឥត​គិត​​ថ្លៃ​៕​