ភ្នំពេញៈ ក្រោយពីស្ងប់នូវពាក្យចចាមអារ៉ាមថា មានសម្ព័ន្ធស្នេហ៍ជាមួយនឹងតារាបាល់ទាត់រូបសង្ហា លី វ៉ាហេដ ក៏សង្កេតឃើញថា តារាសម្តែង និងពិធីការិនីទូរទស្សន៍បាយ័ន សុខ សោម៉ាវត្តី ឧស្សាហ៍បង្ហើរសារទាំងខ្លីទាំងវែងតាមបណ្តាញសង្គមមានទាំងរឿងសប្បាយចិត្ត និងមើលទៅសារចុងក្រោយនេះហាក់មានទំនាស់អ្វីមួយដែលបង្កការភ្ញាក់ផ្អើលសាជាថ្មី។
យ៉ាងណារាល់សារវែងក្តី ឬខ្លីក្តីរបស់តារាស្រីខាងទេពកោសល្យក្រមិចក្រមើម មេម៉ាយកូន ១ រូបនេះគេក៏មិនទាន់ដឹងច្បាស់ឡើយ ដោយសារចុងក្រោយដែលអ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះហាក់ដូចជាកំពុងតែមានទំនាស់អ្វីមួយព្រោះថាក៏មានការប្រើប្រាស់នូវពាក្យពេចន៍ប្រៀបធៀបបានល្អទៀតផង ខណៈគេក៏គិតដែរថាសារនោះគឺទំនងជាឆ្លើយតបទៅនឹងអ្នកជាដៃគូទំនាស់របស់នាង។
អ្នកនាង សុខ សោម៉ាវត្តី បង្ហើរសារនោះថា៖ «ខ្លួនឯងពស់ទេ ដើរស្រែកថាត្រូវពស់ចឹក ទេវតា មានភ្នែកណាអ្នក! caption សាធារណៈ កុំស្រូប!»។
ខុសពីការស្មានឲ្យស្រឡះតែម្តង ខណៈតារាសម្តែងស្រីមេម៉ាយកូន ១ ដែលមានទេពកោសល្យសម្តែងកុនដ៏ប៉ិនប្រសប់នាង សុខ សោម៉ាវត្តី បកស្រាយយ៉ាងដូច្នេះថា៖ «អូ!មួយណាបង?» និងបន្តថា៖ «អត់រឿងទាស់ទែងនឹងអ្នកណានោះទេ!ដូចខ្ញុំនោះ មិនចេះបង្ករឿងជាមួយអ្នកណាទេបង។ ជាការពិតទៅនោះ រាល់សារទាំងឡាយដែលខ្ញុំបានបង្ហោះតាមបណ្តាញសង្គមនោះគឺសុទ្ធតែជាការដកស្រង់ពីគេប៉ុណ្ណោះ ដោយសារតែឃើញមានន័យល្អ ហើយក៏បណ្តែតអារម្មណ៍តាមសារទាំងនោះតែម្តងទៅ»។
ដោយឡែកភាពផ្អែមល្ហែមនឹងកីឡាករបាល់ទាត់រូបសង្ហា លី វ៉ាហេដ ធ្វើឲ្យមន្ទិលសង្ស័យដដែលម្តងហើយម្តងទៀតថាមេម៉ាយកូនមួយអ្នកនាង សុខ សោម៉ាវត្តី កំពុងតែរឹតបន្តឹងទំនាក់ទំនងស្នេហាបន្ថែមឬក៏យ៉ាងណា ខណៈគេតែងឃើញថា អ្នកទាំង ២ បានបង្ហាញពីភាពស្និទ្ធស្នាលចាប់ផ្តើមតាំងពីចាប់ដៃគ្នាសម្តែងក្នុងកុនដុំរឿង «អ្នកខូចចិត្តអាជីព» មក ហើយនាងក៏តែងតែបានច្រានចោលផងដែរពីសម្ព័ន្ធភាពពិសេសនេះជារឿយៗ និងក្រោយមកទៀតក៏ស្រាប់តែមានដំណឹងលេចឮថា សុខ សោម៉ាវត្តី មានបុរសអាណិកជនខ្មែរអាមេរិកកំពុងតែរត់ការធានាគឺទាំងម្តាយទាំងកូនដើម្បីបានទៅរស់នៅសហរដ្ឋអាមេរិកចោល វ៉ាហេដ។
តារាសម្តែងស្រីស្រស់អ្នកមេម៉ាយកូន ១ តែសម្រស់នៅចាំមិនចាញ់ក្រមុំអ្នកនាង សុខ សោម៉ាវត្តី ក៏ធ្លាប់បានបញ្ជាក់ដដែលៗផងដែរថាទំនាក់ទំនងនាង និងកីឡាករលោក លី វ៉ាហេដ គឺត្រឹមតែជាមិត្តភក្តិក្នុងសិល្បៈទេ៕