ក្រុង​ញូវយ៉ក: នាវា Okeanos Explorer របស់ NOAA បាន​ចេញ​បេសកកម្ម​ ដើម្បី​ស៊ើប​អង្កេត​ដែន​សមុទ្រ​អាថ៌​កំបាំង​នៅ​ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​ កាល​ពី​សប្ដាហ៍​មុន ដោយ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នូវ​ជីវិត​ចម្លែក​ៗ​រាប់​ពាន់​ប្រភេទ​ក្នុង​ជម្រៅ​ផ្ទៃ​ទឹក​រាប់​ពាន់​ម៉ែត្រ​។


ចាប់​ពី​សត្វ​សមុទ្រ​ទឹក​ជ្រៅ​ភ្នែក​ធំ​ៗ​ រហូត​ដល់​ត្រី​តុកកែ​​មាត់​ក្រពើ ​ដ៏​គួរ​ឲ្យ​ខ្លាច​ ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​ បាន​ប្រើ​យាន​បញ្ជា​ ដើម្បី​ស្រាវ​ជ្រាវ​រក​សត្វ​ស្រស់ស្អាត​ប្លែក​ៗ​ក្នុង​បាត​សមុទ្រ​អំឡុង​យុទ្ធនាការ «​Windows to the Deep» ១៧ ដង​។


បេសេកកម្ម​បាន​បញ្ចប់​នៅ​ថ្ងៃទី​២ ខែ​កក្កដា ក្រោយ​ពី​ចំណាយ​ពេល​រុក​រក​ជាង​មួយ​ខែ​នៅ​ឧបទ្វីប​ដែន​សមុទ្រ​ភាគ​អាគ្នេយ៍​អាមេរិក Continental Margin ដែល​លាត​សន្ធឹង​ពីរដ្ឋ​ហ្វ្លរីដា (​Florida) ទៅ​ ណ័រស៍ ខារ៉ូឡាញណា (North Carolina)​។


យុទ្ធនាការ​រុក​រក​ចាប់​ផ្ដើម​ពី​ថ្ងៃទី​២២ ខែ​ឧសភា ដោយ​បែង​ចែក​ជាពីរ​ផ្នែក​ក្នុង​តំបន់​ទឹក​ជ្រៅ​ភាគ​អាគ្នេយ៍​ ដែល​គេ​ជឿ​ថា មាន​ទីតាំង​អាថ៌កំបាំង​មួយ​ចំនួន​នៃ​ឆ្នេរ​ខាង​កើត​។


កាល​ពី​ថ្ងៃទី ១ ខែ​កក្កដា ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​រុករក ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រទះ​ឃើញ​ត្រី​តុកកែ​​ស្រដៀង​អន្ទង់​នៅ​ជម្រៅ​ទឹក​ប្រមាណ ១៧៧១ ម៉ែត្រ​។


ត្រី​ទឹក​ជ្រៅ​ដ៏​គួរ​ឲ្យ​ខ្លាច​ ដែល​ស្ថិត​ក្នុង​អម្បូរ​ បាតធីស៊ូរូស មាន​មុខ​ស្លេក​ដូច​ខ្មោច​ កែវ​ភ្នែក​ខ្មៅ​ក្រឹប​ និង​មាត់​ធំ​ៗ​ពេញ​ទៅដោយ​ធ្មេញ​មុត​ស្រួច​។ យោងតាម ​National Geographic ត្រី​តុកកែ​មាន​សរីរាង្គ​ទាំងញី និង​ឈ្មោល ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​រួម​សង្វាស់​ជាមួយ​សមាជិក​ណា​មួយ​ក៏​បាន​។

ត្រី​ដ៏​គួរ​ឲ្យ​រអើម​នេះអាច​លូត​ដល់​ប្រវែងជាង ៦ តឹក​ និង​សម្ងំ​ចាំ​ចាប់​ចំណី​យ៉ាង​ស្ងាត់​ស្ងៀម​៕ HR

ប្រភព dailymail.co.uk