ក្រុង​ប៉ារីស៖ អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​កាល​ពី​​ដើម​សប្ដាហ៍​ថា ពួក​គេ​បាន​រក​ឃើញ​ពូជ​ដាយណូស័រ​ថ្មី ដែល​មាន​អម្បូរ​ជិត​ទៅ​នឹង​ ដាយណូរស័រ Tyrannosaurus rex (T-rex) ដែល​​​​បាន​ជាន់​ដី​អាមេរិក​ខាង​ជើង​​កាល​ពី ៨០ លាន​ឆ្នាំ​មុន។


ដាយណូស័រ​ពូជ​ថ្មី​ដែល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា «ម៉ាស៊ីន​មរណៈ» Thanatotheristes degrootorum ត្រូវ​​បាន​គេ​រក​ឃើញ​ថា​ជា​​​សត្វ​ពិឃាត​​នៅ​ទឹក​ដី​ដែល​បច្ចុប្បន្ន​ជា​ប្រទេស ​កាណាដា​។ នេះ​បើ​យោង​តាម​ជំនួយ​ការ​​សាស្ត្រាចារ្យ អ្នកនាង ដារឡា ហ្សេឡេនីស្គី (Darla Zelenitsky) មក​ពី​​សាកលវិទ្យាល័យ Calgary។


អ្នក​ស្រាវជ្រាវ​រូប​នេះ​​បាន​ឲ្យ​ដឹង​ថា៖ «ឈ្មោះ​ខ្លី​របស់​ដាយណូស័រ​ថ្មី​មួយ​នេះ​​​គឺ Thanatos»។


ភាពយន្ត​ហូលីវូដ​ជា​ច្រើន​និយាយ​ពី​​ដាយណូស័រ T-Rex ជា​សត្វ​ពិឃាត​ល្បី​ជាង​គេ​ក្នុង​អម្បូរ​ដាយណូស័រ​ដែល​ធ្លាប់​មាន​វត្តមាន​លើ​ផែនដី​កាល​ពី​ប្រមាណ​ជា ៦៦ លាន​ឆ្នាំ​មុន។ ដោយ​ឡែក​​​ បង​ជីដូន​មួយ​​វា Thanatos ​មាន​វត្តមាន​​​យ៉ាង​ហោច​ណាស់​​ក៏​ ៧៩ លាន​ឆ្នាំ​មុន​ដែរ​។


ជា​អម្បូរ​ពិឃាត​ដូច​គ្នា ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា Thanatos មាន​ទម្រង់​លលាដ៍​ក្បាល​ខុស​គ្នា​ពី T-rex អាស្រ័យ​លើ​របប​អាហារ​តាម​តំបន់​នា​យុគសម័យ​ គួប​ផ្សំ​នឹង​កត្តា​ទីតាំង​ភូមិសាស្ត្រ​ផង​ដែរ​។


អម្បូរ​ដាយណូស័រ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​​បណ្ឌិត​ ចារ៉េដ វ៉ូរីស (Jared Voris) ហើយ​វា​ក៏ជា​​ពូជ​​ដាយណូស័រ​ពិឃាត​​ថ្មី ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​កាណាដា​ក្នុង​អំឡុង ៥០ ឆ្នាំ​ចុង​ក្រោយ​នេះ។

សហ​អ្នក​និពន្ធ​របាយការណ៍​ស្រាវជ្រាវ ដារឡា ហ្សេឡេនីស បាន​បន្ត​ថា៖ «និយាយ​ឲ្យ​ចំ​ទៅ​ការ​រក​ឃើញ​នេះ​ពិត​ជា​កម្រ ព្រោះ​អម្បូរ​​ដាយណូស័រ​​​ពិឃាត​មិន​សូវ​​​មាន​ពូជ​ច្រើន​ខុស​គ្នា​ទេ»៕ AFP/HR