ក្រុងញូវដែលី: ប៉ូលិស​ឥណ្ឌា ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​និយាយ​ថា ទ័ព​កណ្ដុរ​បាន​កកេរ​ក្រដាស​ប្រាក់​ជាង ១ លាន​រូពី​ ក្រោយពី​​ត្បុល​​ចូល​ទូរ​ប្រាក់ ATM នៅ​ភាគ​ឦសាន្ដ​ប្រទេស​។


ប៉ូលិស​ក្នុង​ស្រុក​ទីនគុសៀ បាន​ប្រាប់ AFP ថា ឧក្រិដ្ឋ​ជន​កណ្ដុរ​នៅ​រដ្ឋ​អាសសាម​ត្រូវ​បាន​រកឃើញ​ដោយ​បុគ្គលិក​ធនាគារ​ ក្រោយ​ពី​អ្នក​ស្រុក​ឡូឡា​ថា ម៉ាស៊ីន ATM មាន​បញ្ហា និង​អត់​បញ្ចេញ​ប្រាក់​។


ស្នងការ​ប៉ូលិស Mugdhajyoti Dev Mahanta បាន​និយាយ​ថា​៖ «​ក្រុម​បុគ្គលិក​ធនាគារ​មក​ត្រួត​ពិនិត្យ​ម៉ាស៊ីន​ ATM កាលពី​សប្ដាហ៍​មុន និង​បាន​រកឃើញ​កណ្ដុរ​ងាប់​មួយ​ក្បាល និង​ក្រដាស​ប្រាក់​របែក​យ៉ាង​ច្រើន​សន្ធឹក​ពេល​បើក​ទូរ​មក​។ យើង​បាន​ទៅ​មើល និង​មិន​បាន​ឃើញ​ស្លាក​ស្នាម​ឧក្រិដ្ឋ​ណា​មួយ​ទេ​។ វា​ទំនង​ជា​សត្វ​កណ្ដុរ​ចូល​ក្នុង​ម៉ាស៊ីន​តាម​រន្ធ​ខ្សែ​លួស​តូចៗ​»។


សត្វ​កណ្ដុរ​បាន​កកេរ​ប្រាក់​ប្រមាណ ១,២ លាន​រូពី (១៨ ០០០ ដុល្លារ​)។ រូបភាព​សន្លឹក​លុយ​រហែក​បាន​បង្ហាញ​ពី​ក្រដាស​ប្រាក់​ ៥០០ និង ២០០០ រូពី៕ HR