ក្រុង​ហ្វ្រេងហ្វើត អេមមេន៖ ក្រុមហ៊ុន​ផលិត​​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កីឡា​អាល្លឺម៉ង់ Adidas បាន​ឲ្យ​ដឹង​​​ពី​ថ្ងៃ​អង្គារ​ថា បរិមាណ​ជាង​ពាក់​កណ្ដាល​នៃ​ក្រណាត់​នីឡុង ដែល​ខ្លួន​ប្រើប្រាស់​សម្រាប់​ផលិត​ខោអាវ និង​ស្បែក​ជើង​ឆ្នាំ​នេះ ​មាន​ប្រភព​មក​ពី​​របស់​ច្នៃ​ប្រើប្រាស់​ដូចជា​សំរាម​ប្លាស្ទិក​ជាដើម​ឡើង​វិញ។


យោង​តាម​សេចក្ដី​ថ្លែងការណ៍​​របស់​ក្រុមហ៊ុន​​យក្ស​នេះ នៅ​ឆ្នាំ ២០២០ នេះ ភាគរយ​នៃ​ក្រណាត់​នីឡុង​ក្នុង​ចង្វាក់​ផលិតកម្ម Adidas នឹង​បង្កើន​លើស​ពី ៥០ ភាគរយ ជា​លើក​ដំបូង។


សម្រាប់​ឆ្នាំ ២០២៤ ក្រុមហ៊ុន​រំពឹង​ថា​ នឹង​អាច​ប្រើ​សំរាម​ប្លាស្ទិក និង​ច្នៃ​​របស់​បោះ​ចោល​យក​មក​ប្រើប្រាស់​ឡើង​វិញ​ទាំង​ស្រុង​ ក្នុង​ការ​ផលិត​ខោអាវ ស្បែក​ជើង កាបូប និង​ឧបករណ៍​ពាក់​ការពារ​ជើង។


នៅ​ឆ្នាំ ២០២០ Adidas រំពឹង​​ថា​ នឹង​អាច​ប្រើប្រាស់​សំរាម​ប្លាស្ទិក​ប្រមូល​ពី​ឆ្នេរ​ខ្សាច់ និង​តំបន់​ឆ្នេរ​ សម្រាប់​ការ​ផលិត​ស្បែក​ជើង​ពី ១៥ ទៅ ២០ លាន​គូ។


កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​យក្ស​​អាល្លឺម៉ង់​មួយ​នេះ​បាន​បញ្ចេញ​លក់​ស្បែក​ជើង ១១ លាន​គូ ជា​ផលិតផល​ច្នៃ​ចេញ​​ពី​របស់​គេ​បោះចោល​ ដែល​ចំនួន​នេះ​ស្មើ​នឹង​មួយ​ចំណែក​តូច​នៃ​បរិមាណ​ផលិត​ស្បែក​ជើង Adidas ៤០០ លាន​គូ​​ ជា​រៀង​រាល់​ឆ្នាំ​។


ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ជំហរ​ថា​​នឹង​​បេសកកម្ម​រួម​ចំណែក​កាត់​បន្ថយ​ការ​បំពុល​មហាសមុទ្រ​​ដោយ​សំរាម​ប្លាស្ទិក តាមរយៈ​​ការ​ច្នៃ​ស្បែក​ជើង​​​ឈ្មោះ​ថា Futurecraft Loop ដែល​ផលិត​ពី​សំរាម​ប្លាស្ទិក​ទាំង​ស្រុង​ ត្រៀម​សម្រាប់​ចេញ​លក់​នៅ​ទីផ្សារ​នា​ឆ្នាំ ២០២១ ខាង​មុខ​នេះ។

ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក​ Adidas បាន​ផ្ដើម​សហការ​ជាមួយ​អង្គការ​បរិស្ថាន Parley ការពារ​មហា​​សមុទ្រ​ ដោយ​ប្រើប្រាស់​សំរាម​ច្នៃ​ធ្វើ​ជា​អាវ​កីឡា​បាល់ទាត់​ឲ្យ​ក្លិប Real Madrid និង Bayern Munich៕ AFP