ក្រុង​ប៉ារីស : ទេព​ធីតា​ អេល​សា ក្នុង​ភាពយន្ដ «​Frozen» នឹង​​​ត្រូវ​ដាក់​​បញ្ចាំង​នៅ​ទូទាំង​តំបន់​អឺរ៉ុប ​នៅ​សប្ដាហ៍​ក្រោយ ខណៈពេលដែល Disney ​ដាក់​​​​វីដេអូ​ភាពយន្ដ​លើអនឡាញ​​ឲ្យ​ទស្សនា​ជុំវិញ​ពិភព​លោក​។


ជាមួយ​កុមារ​រពឹស​រាប់​លាន​នាក់​ដែល​ត្រូវ​បង្ខំ​ឲ្យ​សំងំនៅ​តែ​ក្នុង​ផ្ទះ​ ដោយ​បារម្ភ​ពី​ការ​រីករាល​​ដាល​វីរុស​កូរ៉ូណា វេលា​នេះ​​​ពិត​ជា​ស័ក្ដិសម​សម្រាប់​ឱកាស​របស់​​ក្រុមហ៊ុន​កម្សាន្ដ​យក្ស​នៅ​លើ​លោក​នេះ​​។


ក្រុមហ៊ុន​យក្ស​អាមេរិក​រំពឹង​ថា ការ​ចុះ​ឈ្មោះ​ទស្សនា​ភាពយន្ដ​អនឡាញ​តម្លៃ ៧,៦០ ដុល្លារ​ក្នុង​ ១​ ខែ ​គ្រាន់​ជា​ទឹក​ប្រាក់​តិច​តួច​​ចំពោះឪពុក​ម្ដាយ​​ដែល​មាន​អារម្មណ៍​ធុញ​ទ្រាន់​ចំពោះ​ការ​ស្វែង​រក​កម្សាន្ដ​ឲ្យ​លោក​កូន​ៗ​តាំង​ពី​ព្រលឹម​ដល់​ព្រលប់​នោះ​ឡើយ​។


គ្រប់​ប្រភេទ​រឿង​ទាំង​អស់​ចាប់​ពី «​Cinderella» ​រហូត​ដល់រឿង​​ «​Marvel» «Toy Story» ​និង​ «Ratatouille»។


ភាពយន្ដ​ «Star Wars» គ្រប់​វគ្គ លើក​លែង​តែ​ភាគ​ចុង​ក្រោយ​ រួម​ជាមួយ​រឿង «​The Simpsons» ទាំង ៦៤០ ភាគ​ក៏ត្រូវបាន​ដាក់​បញ្ចូល។ Disney+ បាន​ដាក់​ឲ្យ​ដំណើរ​លើ​អនឡាញ​នៅ​​​អាមេរិក កាណាដា​ នូវែលសេឡង់ អូស្ដ្រាលី និង​ហូឡង់​កាលពី​ខែ​វិច្ឆិកា​​​។


ដោយ​មាន​ភាពយន្ដ​ចម្រុះ​ ក្រុមហ៊ុន​យក្ស​នេះ​ក៏មាន​អ្នក​ចុច​ជាវ​រហូត​ដល់ ២៩លាន​នាក់​ ​ទោះ​បី​វេទិការ​អនឡាញ​នេះ​ត្រូវបាន​គ្រប​ដណ្ដប់​ដោយ​ Netflix, Amazon Prime Video និង​ Apple TV យ៉ាងណា​ក៏ដោយ​។

Disney+ នឹង​ផ្ដើម​បញ្ចាំង​វីដេអូ​​​នៅថ្ងៃ​អង្គារ នៅ​​អូទ្រីស អាល្លឺម៉ង់ អៀរឡង់ អុីតាលី អេស្ប៉ាញ ស្វ៊ីស និង​ចក្រ​ភព​អង់គ្លេស​ ហើយ​​ប៊ែលហ្ស៊ិក ព័រទុយហ្គាល់ និង​បណ្ដា​ប្រទេស​នៅ​ស្ដង់ទីណាវី ត្រូវ​រង់​ចាំ​ដល់​រដូវ​ក្ដៅ​។

Liu Yifei ពាក់​ម៉ាស់​ផ្សព្វផ្សាយ​ភាពយន្ដ​ «Mulan» ចំពេល​ផ្ទុះ​វីរុស​កូរ៉ូណា​ទូទាំង​សកលលោក។ រូបថត AFP

ពលរដ្ឋ​បារាំង​នឹង​ត្រូវ​រង់​ចាំ​ ២ សប្ដាហ៍​ទៀត​ ក្រោយ​រដ្ឋាភិបាល​​ស្នើ​ឲ្យ Disney ពន្យារពេល​ដោយសារ​តែបញ្ហា​អុីនធឺណិត​ដើរ​យឺត​។ Disney ក៏​បាន​ប្រាប់ AFP កាលពីថ្ងៃ​សៅរ៍​ថា ខ្លួន​នឹង​ដាក់​វីដេអូ​ភាពយន្ដ​ក្នុង​កម្រិត​គុណភាព​ទាប​រហូត​ដល់​ម១ភាគ​៣នៅ​បណ្ដា​ប្រទេស​ អឺរ៉ុប​ផ្សេង​ៗ​ទៀត​ ដែល​មិន​ចាំ​បាច់​ពិបាក​មើល​ទាក់​​ៗ​។ ​

លោក ខេវីន មេយ័រ ​​ទទួល​បន្ទុកដំណើរ​ការ​​សេវាកម្ម​ បាន​និយាយ​ថា​៖ «​មាន​អ្នក​រង់​ចាំ​ច្រើន​នៅ​អឺរ៉ុប​​​​»។

ទោះ​​វិធាន​ការ​ដាក់ខ្លួន​ឯង​​ឲ្យ​នៅ​ដាច់ដោយ​ឡែក​​​ចំពោះ​ក្ដី​បារម្ភ​ពី​ជំងឺ​កូវីដ​ ១៩ របស់​ពលរដ្ឋ​រាប់​លាន​នាក់ ​ Disney បាន​ឲ្យ​ដឹង​ថា វេលា​នេះ​លើស​ពី​ស័ក្ដិសម​។

ការ​ប្រកាស​អាសន្ន​ទូទាំង​ពិភព​លោក​ពិត​ជា​ប៉ះពាល់​ដល់​​ព្រឹត្ដិការណ៍​ធំ​ៗ​ជា​ច្រើន​។

លោក​​ថា​៖ «​យ៉ាង​ណាមិញ ខ្ញុំ​មិន​ចង់​បាន​ស្ថានភាព​បែប​នេះ​​ឡើយ​។ ប៉ុន្ដែ​បើ​យើង​អាច​ឆ្លៀត​បង្កើត​ភាព​រីករាយ​វាក៏​ល្អ​វិសេស​ដែរ​​»។

Disney បាន​ផ្អាក​ផលិតកម្ម​លើ​ភាពយន្ដ​ខ្លះ ដូចជា «​The Little Mermaid» ដោយ​សារ​បារម្ភ​​ពី​ការីករាល​ដាល​ខ្លាំង​នៃ​វីរុស​​នៅអាមេរិក​ខាង​ជើង​។ ​​​ឆ្នាំ ​២០២៤ ​Disney រំពឹង​​​នឹង​មាន​អ្នក​​​ជាវ​វេប​សាយ​​ខ្លួន​​ពី ៦០ ទៅ ៩០ លាន​នាក់​៕ AFP/HR