ភ្នំពេញ: តារាចម្រៀងប្រុសមានទេពកោសល្យក្នុងការនិពន្ធបទចម្រៀង និងបង្កើតជាបទភ្លេងថ្មីបានដោយខ្លួនឯងលោក ងួន ចាន់ដេវីត ក្រោយពីបានចាកចេញពីទ្រនំចាស់ផលិតកម្មរស្មីហង្សមាស ហាក់នៅតែមានទំនុកចិត្តលើស្នាដៃតែងនិពន្ធបទចម្រៀង ដោយបានប្រកាសថា លោកនឹងត្រៀមចេញអាល់ប៊ុមថ្មី និងជាអាល់ប៊ុមដំបូងទទួលបានការគាំទ្រពីក្រុមហ៊ុនស្មាតលើឆាកតន្ត្រី។
លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បានប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ ពីមូលហេតុ ដែលទទួលការគាំទ្រពីក្រុមហ៊ុន ស្មាត ក្នុងការប្រគំតន្ត្រីបង្ហាញអាល់ប៊ុមថ្មីថា៖«ដោយសារតែស្មាតអាចផ្តល់កម្រៃមកសិល្បករបានជាច្រើនតាមរយៈការដាក់បទចម្រៀងចូលទៅ App (Pleng by Smart) ហើយក៏អាចឲ្យខ្ញុំបានកម្រៃ ដើម្បីយកមកបណ្តុះបណ្តាលក្មេងជំនាន់ក្រោយ ដែលពួកគាត់មានទេពកោសល្យ ប៉ុន្តែគ្មានឱកាស»។
ក្នុងអាល់ប៊ុមដំបូងដែលតារាចម្រៀងប្រុសរាងខ្ពស់ស្រឡះលោក G-Devith បានដាក់ឈ្មោះថា “Reborn” ក្នុងនោះមានបទចម្រៀងចំនួន ៩ បទ ជាចម្រៀងបែបភាសាខ្មែរលាយអង់គ្លេស ដែលបានឆ្លុះបញ្ចាំងពីអាជីពជាអ្នកតារាចម្រៀងរបស់លោកផ្ទាល់ និងជាការផ្លាស់ប្តូរបទពិសោធន៍ថ្មីដែលបានឈានចូលមកកាន់ Pleng by Smart ត្រៀមក្នុងការប្រគុំនៅថ្ងៃទី២៥ ខែសីហា ខាងមុននេះដែលប្រព្រឹត្តិនៅផ្សារទំនើបអ៊ី អនម៉លសែនសុខ។
លោក Thomas Hundt ជានាយកប្រតិបត្តិក្នុងហ៊ុន Smart Axiata បានថ្លែងក្នុងថ្ងៃសម្ភោធអាល់ប៊ុមថ្មីរបស់ G-Devith កាលពីថ្ងៃទី១៧ ខែកក្កដា ថា៖«តាមធម្មតានៅលើ Pleng by Smart ជាកន្លែងដែលអាចស្តាប់បទចម្រៀងបានទាំងអស់គ្នា ដោយយើងមានបទចម្រៀងជាច្រើនចម្រុះគ្នា មិនផ្តោតទៅលើប្រភេទចម្រៀងបែបមនោសញ្ចេតនា ឬបែប Hip Hop ឡើយ ហើយយើងក៏មានតារាចម្រៀងជាច្រើនដូចគ្នា ដូចជាក្រុមក្មេងខ្មែរ ចិត្ត កញ្ចនា ជាដើម ប៉ុន្តែដោយយើងបានសង្កេតឃើញថា G-Devith មានអត្តចរិក ទាំងស្ទាយរបស់គាត់ក្នុងការនិពន្ធបទភ្លេង ទាំងសំលេងជាប្រភេទមួយដែលខុសពីគេទើបយើងគិតថានៅលើ Pleng យើងត្រូវការបន្ថែមទៀត»។
ចំពោះសំបុត្រចូលរួមទស្សនាក្នុងការប្រគុំតន្រ្តីជាការសម្តែងផ្តាច់មុខរបស់តារាចម្រៀងប្រុសស្រស់សង្ហាលោក G-Devith ដោយមានការគាំទ្រពី Smart Axiataមានចំនួនសរុប ៣០០០សន្លឹក គឺត្រូវបានចែកជូនឥតគិតថ្លៃដោយតម្រូវឲ្យអ្នកចង់ចូលរួមទស្សនាមាន កម្មវិធី App Pleng នៅលើទូរស័ព្ទនឹងបានUpdate នៅកម្មវិធី Smart Pro នោះនឹងទទួលបានសំបុត្រចូលរួមទស្សនា និងអាវយឺតមួយ។ ចំណែក១០០០សន្លឹកទៀតនឹងត្រូវបានផ្តល់ឲ្យនៅតាមរយៈបណ្តាញផ្សព្វផ្សាយ G-Devith, Smart Axiata ឬ Pleng ។
ក្រៅពីអាល់ប៊ុមបទចម្រៀងថ្មី “Reborn” ដែលតារាចម្រៀងដែលមានសម្ថភាព និងសម្លេងពីរោះលោក ងួន ចាន់ដេវីត ត្រៀមបង្ហាញក្នុងឆ្នាំ២០១៩នេះលោកក៏បានបន្ថែមទៀតដែរថា៖ «ក្រោយពីការប្រគុំតន្រ្តីអាល់ប៊ុមថ្មីរបស់ខ្ញុំរួចហើយ ខ្ញុំក៏មានគម្រោងក្នុងការចេញបទចម្រៀងថ្មីៗជាច្រើនបទរួមជាមួយដៃគូរខ្ញុំគឺ ទេព បូព្រឹក្ស ជាការធ្វើឡើងឲ្យប្លែកដែលអ្នកគ្រប់មិននឹកស្មានថាខ្មែរក៏អាចធ្វើបាន»៕