ភ្នំពេញ៖ គណៈកម្មការ​រៀបចំ​ការ​​ប្រកួត​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌ ​នៅ​តែ​រក្សា​គោល​ជំហរ​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​រួមគ្នា​រៀបចំ​ឲ្យ​មាន​ការ​​ប្រណាំង​ក្របី សេះ ប្រកួត​ចំបាប់ និង​គុន​ដំបង ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ ដើម្បី​រក្សា​កេរមរតក​របស់​ដូនតា ឲ្យ​បាន​គង់វង្ស​សម្រាប់​ទុក​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឃើញ បើ​ទោះបី​ជា​ចំនួន​ក្របី ដែល​នឹង​ត្រូវ​យក​មក​​​ប្រណាំង​នៅ​ភ្ជុំបិណ្ឌ​ធំ នា​​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ​កាន់​តែ​មាន​ចំនួន​ថយ​ចុះ​ក៏​ដោយ។


លោក ម៉េង ឈាងហេង មេឃុំ​វិហារសួគ៌ និង​ជា​​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ប្រពៃណី នៅ​វិហារសួគ៌ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«​ការ​​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត កីឡា​ប្រពៃណី នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ ជា​ទំនៀម​ទម្លាប់​នៅ​ទឹក​ដី​នេះ គឺ​យើង​យក​សត្វ​ទាំង​នេះ ​មកថ្វាយ បារមីវត្ត​​វិហារ​សួគ៌ ហើយ​នេះ​ជា​កេរ​ដំណែល​របស់​ដូន​តា ដែល​យើង​បាន​រួម​គ្នា​ថែរក្សា​តៗ​គ្នា ​អស់​រយៈពេល​រាប់រយ​ឆ្នាំ​មក​ហើយ ហេតុ​នេះ​បើ​យើង​មិន​រៀបចំ មិន​បាន​ទេ! ប្រជាពលរដ្ឋ ​ពិត​ជា​មាន​ការ​ខឹង​នឹង​យើង ព្រោះ​​​ពួក​យើង​មិន​ចង់​ឲ្យ​វប្បធម៌​ប្រពៃណី​ដ៏​ផូរផង់ ដែល​បាន​បន្សល់​ទុក​ពី​ជីដូនជីតា​​របស់​យើង​បាត់បង់​នោះ​ទេ»។

លោក​បន្ថែម​ថា៖​ «យើង​មាន​រៀបចំ​ជា​គណៈកម្មការ​ឯកភាព​ឃុំ​រួម​មួយ ដោយ​ក្នុង​នោះ​យើង​មាន​ទាំង​ប្រធាន និង​អនុ​គណៈកម្មការ​ជា​ច្រើន​ផ្នែក​ទៀត ហើយ​យើង​បាន​ប្រជុំ​គ្នា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​បែង​ចែក​ការងារ​គ្នា​ធ្វើ គឺ​​យើង​បាន​រៀបចំ​រួច​រាល់​អស់​ហើយ ហេតុនេះ​ខ្ញុំ​ជឿថា ការ​ប្រកួត​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌​ឆ្នាំ​នេះ នឹង​ដំណើរការ​បាន​ទៅ​កាន់​តែ​ល្អ​ប្រសើរ​ជាង​មុន»។


យ៉ាង​ណា​ក៏​ដោយ លោក ថែ ថាំង ប្រធាន​ភូមិ​វិហារសួគ៌ និង​ជា​ប្រធាន​គ្រប់គ្រង​ការ​ប្រកួត​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌​បាន​ប្រាប់​ថា ចំនួន​ក្របី​ដែល​នឹង​ត្រូវ​ចូល​រួម​ប្រណាំង​នៅ​ឆ្នាំ​នេះ មាន​ការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន។


លោក​​បាន​ប្រាប់​ថា៖​ «​កាល​ពី​ឆ្នាំ​មុន​ចំនួន​ក្របី​ចូល​រួម​មាន ​១៩ ​គូ តែ​ឆ្នាំ​នេះ​ មាន ​១៦ ​គូ​ទេ ចំណែក​សេះ​ដែល​ឆ្នាំ​មុន​មាន ​២៧ ​គូ បាន​កើន​ដល់ ​៣០ គូ ឯ​ចំបាប់​បុរាណ​ ដែល​ធ្លាប់​​មាន ​៣៧ គូ ក៏​អាច​នឹង​កើន​ឡើង​ផង​ដែរ ហើយ​គុន​ដំបង មាន ​២ ទៅ ៣ ​គូ​ដដែល​»។


ជុំវិញ​នឹង​ការ​ធ្លាក់ចុះ​ចំនួន​ក្របី ជា​បន្តបន្ទាប់​នេះ លោក ម៉េង ឈាងហេង បាន​បញ្ជាក់​ថា៖ «​យើង​ពិបាក​បង្កើន​ចំនួន​ក្របី​ដែរ ព្រោះ​សព្វ​ថ្ងៃ​អ្នក​ចិញ្ចឹម​ក្របី​វា​នៅ​តិច ហើយ​ដី​ធ្វើ​ស្រែ​ក៏​កាន់​តែ​រួម​តូច​ ដោយសារ​​គាត់​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន អ៊ីចឹង​ហើយ​ទើប​យើង​​បាន​នាំ​គ្នា​បំផុស​ចលនា ដើម្បី​​​ឲ្យ​​អ្នក​ជិត​អ្នក​ឆ្ងាយ​នាំ​យក​ក្របី​មក​ប្រណាំង តែ​វា​មិន​អត់​នោះ​ទេ គឺ​ប្រជាពលរដ្ឋ​របស់​យើង​នៅ​តែ​មាន​ក្របី​ប្រណាំង គ្រាន់​តែ​ថា​វា​មិន​មាន​ចំនួន​ច្រើន​ដូច​ពេល​កន្លង​មក»។

ទោះបី​ជា​យ៉ាង​ណា លោក ថែ ថាំង បាន​មើល​ឃើញ​ថា ការ​ប្រកួត​កីឡា​ប្រពៃណី​នៅ​វិហារសួគ៌ ថ្ងៃ​ភ្ជុំ​បិណ្ឌ​ធំ​ឆ្នាំ​នេះ នឹង​មាន​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​កាន់​តែ​ច្រើន។ លោក​បាន​និយាយ​ថា៖ ​«តាម​ទូរលេខ ​កាល​ពី​ឆ្នាំ​មុន មាន​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់​ជិត ២ ម៉ឺន​នាក់ គឺ​រក​កន្លែង​ឈរ​មើល​មិន​ចង់​បាន​​ផង ហើយ​នៅ​ឆ្នាំ​នេះ ចំនួន​អ្នក​ទស្សនា នឹង​អាច​កើន​ឡើង​ជាង​ឆ្នាំ​មុន ដោយសារ​ផ្លូវ​ធ្វើ​ដំណើរ ​វា​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​មុន​សម្រាប់​អ្នក​មក​ពី​ខេត្ត​ឆ្ងាយៗ»។

បន្ថែម​លើ​នេះ​លោក ឈាងហេង និង​លោក ថែ ថាំង ​បាន​បង្ហើប​ថា ចំនួន​ក្របី សេះ និង​អ្នក​ចំបាប់​បុរាណ​អាច​នឹង​មាន​ការ​ប្រែប្រួល នៅ​​ពេល​ប្រណាំង និង​ប្រកួត​​ជាក់​ស្តែង ចំណែក​ពេល​នៃ​ការ​ប្រកួត គឺ​ការ​ប្រណាំង​ក្របី និង​សេះ នឹង​ចាប់​ផ្តើម​ពី​​ម៉ោង ៦ ដល់​ម៉ោង​ ​៧ ហើយ​ការ​ប្រកួត​ចំបាប់ និង​គុន​ដំបូង នឹង​ចាប់​ផ្តើម​ពី​ចន្លោះ​ម៉ោង ​៨ ដល់​ម៉ោង ១១។ ចំណែក​ពី​រសៀល​ម៉ោង ​១ ឬ​ម៉ោង ​២ ទៅ​នឹង​មាន​​ការ​លេង​ល្បែង​ប្រជាប្រិយ​រហូត​ដល់​​យប់៕