កុំ​មើល​ក្រោម! ព័រទុយហ្គាល់​សម្ពោធ​ស្ពាន​យោល​វែង​បំផុត​ក្នុង​លោក ទាក់​ចិត្ដ​ទេសចរ​មិន​ខ្លាច​ទីខ្ពស់!

Content image - Phnom Penh Post
ការដើរ​ឆ្លងកាត់​ស្ពាន​យោល​ដ៏វែង​បំផុត​ក្នុង​ពិភពលោក​នឹង​តេស្ដ​សមត្ថភាព​មិន​ខ្លាច​ទី​ខ្ពស់​របស់​អ្នកទេសចរ។AFP

ក្រុងប្រ៊ុចសែល៖ អភិបាលក្រុង​ម្នាក់​រំពឹងថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន តែ​ការដើរ​ឆ្លងកាត់​ស្ពាន​យោល​ដ៏វែង​បំផុត​ក្នុង​ពិភពលោក​នឹង​តេស្ដ​សមត្ថភាព​មិន​ខ្លាច​ទី​ខ្ពស់​របស់​បុគ្គល​នីមួយៗ ពេល​វា​បើកទ្វារ​ស្វាគមន៍​ភ្ញៀវ​ជា​ផ្លូវការ​នៅ​ភាគ​ខាងជើង​ប្រទេស​ព័រទុយហ្គាល់​នៅ​ថ្ងៃអាទិត្យ។

ស្ពាន​យោល​នេះ​ស្ថិត​នៅលើ​ជ្រលង ដោយ​ភ្ជាប់​ខ្សែកាប្លិ៍​ដែក​រវាង​បង្គោល​រាង​អក្ស «V» ២ ដោយ​មាន​ប្រវែង ៥១៦ ម៉ែត្រ​លើ​រយៈកម្ពស់ ១៧៥ ម៉ែត្រ។

មុនពេល​សម្ពោធ​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ មនុស្សម្នា​មកពី​ទីក្រុង​ក្បែរ​ខាង អារូកា ត្រូវ​បាន​អនុញ្ញាតឱ្យ​ដើរ​ឆ្លង​លើ​សំណង់​ស្ពាន​យោល​ដ៏ធំ​សម្បើម​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក រុយ ប្រានដាវ មិន​ហ៊ាន​ឱន​មុខ​មើល​ខាងក្រោម​ឡើយ តែ​បាន​និយាយ​ណែនាំ​អ្នកដទៃ​ឱ្យមក​ទទួល​យក​បទពិសោធ​ដ៏ស្រៀវ​ឆ្អឹងខ្នង​នេះ។

Content image - Phnom Penh Post
អ្នកដើរ​ឆ្លងស្ពាន​តម្រង់​កាមេរ៉ា​ថត​ទិដ្ឋភាព​ខាងក្រោម​ពី​រយៈកម្ពស់ ១៧៥ ម៉ែត្រ។AFP

លោក​បានឱ្យដឹងថា៖ «ខ្ញុំ​សូម​ណែនាំ​អស់​លោក​មកលេង​ទីនេះ បើទោះបី​ជា ដូច​រូបខ្ញុំ​អ៊ីចឹង ខ្លាច​ខ្ពស់​ខ្លាំង​ប៉ុនណា​ក៏ដោយ។ ខ្ញុំ​ត្រូវតែ​និយាយថា ខ្ញុំ​មិន​ធ្លាក់ចុះ​ក្រោម​ទេ»។

អភិបាលក្រុង​អារូកា លោកស្រី ម៉ាហ្គារីដា បេឡេម បាន​ប្រាប់ AFPTV ថា៖ «ការដាក់​ដំណើរការ​ស្ពាន​យោល​នេះ​ពិតជា​សំខាន់ ដោយសារ​វា​នឹង​អាច​បន្ដសកម្មភាព​ទេសចរណ៍​ឱ្យ​រស់​រវើក​ឡើង​បាន។ ស្ពាន​យោល​នេះ​គឺជា​ស្នូល​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ប្រចាំ​តំបន់»។

សំណង់​ស្ពាន​យោល​ដ៏វែង​បំផុត​នេះ​ស្ថិត​នៅលើ​ជ្រលង​ទន្លេ ផៃវ៉ា ដ៏សែន​ចោត ដែល​ជា​ជម្រក​ព្រៃ​ជ្រលង​ជ្រោះ​លាតសន្ធឹង​ប្រមាណ ៨ គីឡូម៉ែត្រ អម​សងខាង​ផ្លូវ​ព្រៃ​ផងដែរ។

ម៉ាស៊ីអូ សូរ៉េស បាន​និយាយថា៖ «ខ្ញុំ​រស់នៅ​ក្បែរ​នេះ ហើយ​ពេល​ខ្ញុំ​បានឮ​ពី​គម្រោង​ស្ពាន​យោល​នេះ​ដំបូង ខ្ញុំ​មិន​គិតថា វា​ជា​ការពិត​ឡើយ។ ប៉ុន្ដែ​ថ្ងៃនេះ ខ្ញុំ​ភ្លឺភ្នែក​ហើយ»។

ស្ពាន​យោល Arouca 516 បាន​បំបែក​កំណត់ត្រា​ស្ពាន​យោល​ថ្មើរ​ជើងវែង​បំផុត ដែល​ចុះបញ្ជី​តាំងពី​ឆ្នាំ ២០១៧ ដោយ​ស្ពាន Charles Kuonen នៅ​រ៉ាន់ដា ជ្រលង​ភ្នំ​ប្រទេស​ស្វ៊ីស៕ HR

Content image - Phnom Penh Post
អ្នកទេសចរ​ចិត្តសឿង​ដើរ​ឆ្លងកាត់​ស្ពាន​យោល​ដ៏វែង​បំផុត​ក្នុង​ពិភពលោក។AFP

Content image - Phnom Penh Post
ស្ពាន​យោល Arouca 516 បាន​បំបែក​កំណត់ត្រា​ស្ពាន​យោល​ថ្មើរ​ជើងវែង​បំផុត ដែល​ចុះបញ្ជី​តាំងពី​ឆ្នាំ ២០១៧ ដោយ​ស្ពាន Charles Kuonen នៅ​រ៉ាន់ដា។AFP

Content image - Phnom Penh Post
សំណង់​ស្ពាន​យោល​ដ៏វែង​បំផុត​នេះ​ស្ថិត​នៅលើ​ជ្រលង​ទន្លេ ផៃវ៉ា ដ៏សែនចោត។AFP

Content image - Phnom Penh Post
អ្នកទេសចរ​ចិត្តសឿង​ដើរ​ឆ្លងកាត់​ស្ពាន​យោល​ដ៏វែង​បំផុត​ក្នុង​ពិភពលោក។AFP

Content image - Phnom Penh Post
ដើរកាត់​ស្ពាន​យោល​ប្រវែង ៥១៦ ម៉ែត្រ​ភ្ញៀវ​មិន​ខ្លាច​ទី​ខ្ពស់​អាច​គយគន់​ទេសភាព​ទឹកធ្លាក់​ដ៏ស្រស់ត្រកាល។AFP

ព័ត៌មានថ្មីៗ