ក្រុងគែរ៖ រយៈពេលជាងមួយសតវត្សរ៍ក្រោយពីបង្ហាញខ្លួននៅលើដងទន្លេនីល នាវា Steam Ship Sudan បានទាក់ទាញទេសចរលើដំណើរកម្សាន្ដតាមវិថីដ៏ល្បីល្បាញនៃកវីឧក្រិដ្ឋកម្ម អាហ្គាថា គ្រីស្ទី។
ដំណើររឿងស្ដីពីឧក្រិដ្ឋកម្មរៀបរាប់អំពីជីវិតភ្នាក់ងារស៊ើបប៊ែលហ្ស៊ិក ដ៏មានប្រជាប្រិយរបស់គ្រីស្ទី គឺ Hercule Poirot ដែលស៊ើបអង្កេតករណីឃាតកម្មចំពោះភ្ញៀវទ្រព្យស្ដុក ខណៈពួកគេធ្វើដំណើរតាមនាវាកម្សាន្ដលើដងទន្លេនីល។
នាយកគ្រប់គ្រងនាវាកម្សាន្ដ អាមី អាត់ទីយ៉ា បាននិយាយថា៖ «នាវាកម្សាន្ដរបស់ អាហ្គាថា គ្រីស្ទី ទាំងទិដ្ឋភាពទូទៅ និងផ្លូវធ្វើដំណើរ បានអន្ទងចិត្ដអ្នកស្រីឱ្យចាប់ផ្ដើមសរសេរប៉ុន្មានជំពូកដំបូង»។
កសាងឡើងសម្រាប់រាជវង្សអេហ្ស៊ីប ក្នុងឆ្នាំ ១៨៨៥ និងបានប្រែក្លាយជានាវាកម្សាន្ដក្នុងឆ្នាំ ១៩២១ នាវា SS Sudan បានរៀបចំកម្មវិធីឱ្យកវីនិពន្ធជាមួយស្វាមីទី ២ ដែលជាបុរាណវត្ថុវិទូ ម៉ាក ម៉ាល់ឡូវ៉ាន់ ក្នុងឆ្នាំ ១៩៣៣។
ចំណោម ២៣ បន្ទប់តូច និងបន្ទប់ធំ ក្នុងនាវា អាត់ទីយ៉ា បាននិយាយថា បន្ទប់របស់កវីរូបនេះនៅតែ មានប្រជាប្រិយភាពបំផុត។ អ្នកដំណើរត្រូវបានណែនាំឱ្យស្គាល់ផ្លូវដំណើរដើមដំបូងរបស់អ្នកស្រី គ្រីស្ទី ឈប់នៅឧទ្យានបុរាណវិទ្យាដូចគ្នា ទោះខុសត្រង់ថា នាវាបច្ចុប្បន្នប្រើថាមពលប្រេងម៉ាស៊ូត និងសូឡា ជំនួសឱ្យថាមពលធ្យូង។
លោកនិយាយថា៖ «មានការកក់ទុកច្រើនរហូតដល់រយៈពេល ២ឆ្នាំមុនឯនោះ»។
ខណៈវិស័យទេសចរណ៍សំខាន់របស់អេហ្ស៊ីប បានរងនូវផលប៉ះពាល់ដោយការរឹតបណ្ដឹងពីវិបត្ដិកូវីដ ១៩ ដោយចំណូលបានធ្លាក់ចុះជាង ៥ដង បើធៀបនឹងឆ្នាំ២០១៩ បុគ្គលិកនាវានិយាយយ៉ាងមានជំនឿចិត្ដថា វិបត្ដិសកលនឹងមិនពន្លិចនាវាប្រវត្ដិសាស្ដ្រនេះឡើយ។
លោកបានអះអាងថា៖ «ផលិតផលទេសចរណ៍របស់យើងគឺវិសេសខុសគេ។ អេហ្ស៊ីប ជាគោលដៅទេសចរេណ៍មិនអាចដួលរលំឡើយ។ SS Sudan គឺជានាវាកម្សាន្ដដំបូងដែលបើកទទួលភ្ញៀវឡើងវីញកាលពីខែតុលា។ ភ្លាមៗនោះ យើងទទួលបានការកក់ជាច្រើន ដែលយើងត្រូវលប់ចោលខ្លះ»៕ AFP/HR