ក្រុង​ហាណូយ: រុក្ខជាតិ​តែ​បៃតង​ដ៏​ល្បីល្បាញ​ ដែល​ដាំ​នៅ​កណ្ដាល​ទឹក​នៃ​​ស្រុក​ថាញ់​ឈួង ភាគ​កណ្ដាល​ខេត្ដ​ញ៉េអាន បាន​ទាក់ទាញ​ចិត្ដ​ភ្ញៀវ​ទេសចរ​​គ្រប់​ទិសទី​។


តំបន់​នេះ​ត្រូវ​បាន​ភ្ញៀវ​ខ្លះ​ដាក់​រហស្សនាម​​ថា ហាឡុងបេ​ ញ៉េអាន​។ ធ្វើ​​ដំណើរ​តាម​មហាវិថី​​ហូជីមិញ ដោយ​​ឆ្លង​កាត់​ឃុំ​ថាញ់​អាន ស្រុក​ថាញ់​ឈួង ភ្ញៀវ​ត្រូវ​បត់​ស្ដាំ​ទៅ​កាន់​ផ្លូវ​តូច​ រួច​បន្ដ​ដំណើរ​ត្រង់​ប្រមាណ ២០០ ម៉ែត្រ​ នឹង​បាន​ឃើញ​ប្រជុំ​កោះ​តែ​ផុស​ឡើង​កណ្ដាល​បឹង​។


កាល​ពី​ជាង ៥០ ឆ្នាំ​មុន តំបន់​នេះ​ជា​បឹង​ធំ​មួយ​ ដែល​ផ្ដល់​ទឹក​សម្រាប់​ស្រោច​ស្រព​ដី​ស្រែ​ជុំវិញ​ ក្នុង​ឃុំ​ថាញ់​អាន និង​ឃុំ​ថាញ់​ថិញ​។ អ្នក​ស្រុក​ចាប់​ផ្ដើម​ដាំ​តែ​បៃតង​លើ​ប្រជុំ​កោះ​កាល​ពី ៣ ឆ្នាំ​មុន​។ ពេល​នេះ​ ពលរដ្ឋ​ប្រមាណ ២០០ គ្រួសារ ដាំ​តែ​បៃតង​លើ​ផ្ទៃ​ដី​ជាង ១០ កោះ​ ទាំង​ក្នុង​បឹង និង​លើ​ដី​គោក​។ កោះ​នីមួយៗ​មាន​ទំហំ​ប្រមាណ ១ ហិកតា​ និង​សីតុណ្ហភាព​ចន្លោះ​ពី ១៧ ទៅ ២៨ អង្សាសេ​ពេញ ​១ ឆ្នាំៗ​។


ភ្ញៀវទេសចរ​អាច​ជិះ​ទូក​ទស្សនា​ដែន​កោះ​តែ ​ដើម្បី​ផ្ដិត​យក​រូប​ភាព​ និង​រីករាយ​ស្រូប​ខ្យល់​អាកាស​នៃ​វាល​កម្រាល​ព្រំ​បៃតង​នេះ។


ពេលព្រឹកព្រលឹម ចម្ការ​រុក្ខជាតិ​តែ​លើ​កោះ​មាន​ចុះអ័ព្ទ​​​​​​តិចៗ​។ រូបថត VNS


លោក ង្វៀង ខុងខាន អាយុ ៧២ ឆ្នាំ​ ដែល​ដាំ​​ដើម​​តែ​លើ​កោះ​ និង​ផ្ដល់​អាហារ​សម្រន់​ដល់​ទេសចរ​ក្នុង​តង់​បណ្ដោះ​អាសន្ន​ និយាយ​ថា​៖«ភ្ញៀវ​ទេសចរ​នាំ​គ្នា​មក​លេង​ទី​នេះ​កាន់​តែ​ច្រើន​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​»​។

លោក​និយាយ​ថា រៀងរាល់​ឆ្នាំ​អ្នក​ស្រុក​​ប្រមូល​​ផល​កសិកម្ម​ ៨ មុខ​ ដែល​​ផ្ដល់​ចំណូល​ថេរ​ដល់​ក្រុម​គ្រួសារ​ពួក​គេ។ ជា​មធ្យម​ក្រុម​គ្រួសារ​​នីមួយៗ​ទទួល​បាន​ចំណូល​ប្រមាណ​ជា ២០០ លាន​ដុង (៨ ៦០០ ដុល្លារ) ក្នុង ​១ ឆ្នាំ​។

លោក ង្វៀង មិញថាញ ជា​មគ្គុទេសក៍​​ក្នុង​ស្រុក​បាន​និយាយ​ថា​៖ «រៀងរាល់​ព្រឹក ជា​វេលា​ដ៏​ស័ក្ដិសម​សម្រាប់​ការ​ជិះ​ទូក​ត្រាច់ចរ​ជុំវិញ​ដែនកោះ​។ វា​មាន​ខ្យល់​អាកាស​បរិសុទ្ធ និង​ត្រជាក់​ស្រួល​។ អ្នក​ត្រូវ​ការ​អាវ​ក្រៅ​ទោះ​នៅ​រដូវ​ប្រាំង​ក៏​ដោយ​»។

ការ​ជិះ​ទូក​ជុំវិញ​ដែន​កោះ ទស្សនីយភាព​រុក្ខជាតិ​តែ​ស្រស់​ដុះ​លិច​ត្រឹមៗ​​ចុង​ច្រមុះ​។ អ័ព្ទ​ផ្សែង​រមែង​គ្រប​ដណ្ដប់​លើ​ចម្ការ​តែ​រៀង​រាល់​ពេល​ព្រឹក​ព្រលឹម មុន​ពេល​ព្រះ​អាទិត្យ​រះ​នាំ​យក​កម្ដៅ​សម្រាប់​ថ្ងៃ​ថ្មី​មក​ដល់។

លោក​និយាយ​ថា​៖ «​បរិស្ថាន​ដ៏​ត្រជាក់​បរិសុទ្ធ​នា​ពេល​ព្រឹក​ព្រលឹម​នឹង​ផ្ដល់​ថាមពល​ដល់​រូប​អ្នក​»។

អ្នក​ស្រុក​ផ្ដល់​សេវាកម្ម​ផ្ទះ​ស្នាក់​ក្នុង​តម្លៃ​មធ្យម ១៥ ​ម៉ឺន​ដុង (២៦ ០០០ រៀល​) ក្នុង ​១ ​យប់។ ការ​ជិះ​ទូក​តាម​ប្រឡាយ​នៃ​ដែន​កោះ​ចម្ការ​តែ ទេសចរ​នឹង​បាន​ឃើញ​ទឹក​ធ្លាក់​ជា​ច្រើន​ក្នុង​ភូមិឋាន​ជនជាតិ​ដើម​ភាគ​តិច​​ថៃ។

ក្រៅ​ពី​ជា​តំបន់​ទេសចរណ៍ និង​​ទីតាំង​ថត​រូប​អាពាហ៍ពិពាហ៍ កោះ​ចម្ការ​​តែ​​ក៏​​​ជា​កន្លែង​​​ហ្វឹក​ហាត់​​នៃ​ក្លិប​ទូក​កាយៈ​ហាឡុង​​​ ២ ឆ្នាំ​មក​ហើយ​ដែរ​។

លោក ឌីញ ង៉ុកហួង អនុ​ប្រធាន​ក្លិប​បាន​និយាយ​ថា​៖ «​មើល​ពី​លើ​មក ភ្នំ​តែ​ទាំង​នេះ​រំលេច​នូវ​ទេសភាព​ដ៏​រ៉ូមេនទិក​។ ខ្ញុំ​សង្ឃឹម​ថា អាជ្ញាធរ​មូលដ្ឋាន​បន្ដ​អភិរក្ស​ទេសភាព​ដ៏​ស្រស់​ស្អាត ​វិស័យ​ទេសចរណ៍​​​កីឡា ដូចជា ទូក​បុរាណ ​ទូក​សម័យ ភោជនីយដ្ឋាន និង​​សណ្ឋាគារ​ផង​ដែរ​»។

លោក ង្វៀង ថៃអាន នាយក​នៃ​នាយកដ្ឋាន​វប្បធម៌ និង​ព័ត៌មាន​ស្រុក​ថាញ់​ឈួង បាន​ឲ្យ​ដឹង​ថា៖ «ខេត្ត​​កំពុង​សិក្សា​​ស្វែងរក​អ្នក​វិនិយោគ​ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​ទៅ​ជា​ទីឋាន​អេកូ​ទេសចរណ៍​គ្រប់​រដូវ៕ VNS/HR