ក្រុង​ប៊ែរឡាំង៖ រូបភាព​អនុស្សាវរីយ៍​​បុរាណ​ដែល​មាន «​ទាហាន​អាមេរិក» ២ នាក់ ​​នៅ ​Checkpoint Charlie ធ្លាប់​ជា​អតីត​ព្រំ​ដែន​ខ័ណ្ឌ​ចែក​អាល្លឺម៉ង់​ខាង​លិច និង​ខាង​កើត ទំនង​ជា​ត្រូវ​បិទ​សេវាកម្ម​ឲ្យ​ភ្ញៀវ​ទេសចរ​ថតរូប​ជាមួយ​បុរស ​២ នាក់ ​តែ​ខ្លួន​ជា​ទាហាន​​នោះ​​​​ទៀត​ហើយ​​។


កាសែត Bild ប្រចាំ​ថ្ងៃ​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ថា អ្នក​គ្រង​ឈុត​ឯក​សណ្ឋាន​យាម​ព្រំដែន​ដែល​គិត​ប្រាក់​ពី​ភ្ញៀវ​ចំពោះ​ការ​ថតរូប ពេល​នេះ ត្រូវ​បាន​បញ្ជា​ដោយ​អាជ្ញាធរ​ក្រុង​ប៊ែរឡាំង​ ដើម្បី​បញ្ឈប់​មុខ​របរ​របស់​ពួក​គេ។

បម្រាម​នេះ​កើត​ឡើង​ក្រោយ​ពី​ប៉ូលិស​​ស្លៀក​ស៊ីវិល​បាន​រក​ឃើញ​ថា ភ្ញៀវ​ទេសចរ​បាន​រង​នូវ​សម្ដី​មាក់​ងាយ​ បើ​ពួក​គេ​បដិសេធ​មិន​ផ្ដល់​វិភាគ​ទាន​។


លោក ​ថម លូសហ្សែត ដែល​ដឹកនាំ​ក្រុម​សម្ដែង​ឈ្មោះ ​Dance Factory ដែល​ធ្វើ​ការ​សម្ដែង​តួអង្គ​ទាហាន​បាន​ប្រាប់​ថា លោក​ត្រូវ​ «បណ្ដេញ​​បុគ្គលិក ៦ នាក់​» ដោយសារ​តែ​បម្រាម​ភ្លាមៗ​នេះ​។


លោក​បាន​និយាយ​ទៀត​ថា​៖ «ប៉ុន្ដែ​យើង​មិន​បោះ​បង់​នោះ​ទេ​ ហើយ​យើង​ចង់​វិល​មក​ផ្ដល់​សេវាកម្ម​ជា​ថ្មី​»។


យោង​តាម Bild បាន​បង្ហាញ​ថា សរុប​មក វា​ជា​ជំនួញ​ដ៏​កាក់កប ដោយ​អាច​រក​ចំណូល​បាន​រហូត​ដល់ ៥ ៥០០ ដុល្លារ ​ក្នុង ​១ ​ថ្ងៃ​ឯ​ណោះ​។

ទិដ្ឋភាព​នៅ Checkpoint Charlie ជា​ទីខណ្ឌ​ចែក​អាល្លឺម៉ង់ទាំង២។ រូបថត AFP

Checkpoint Charlie ធ្លាប់​ជា​តំបន់​ដ៏​តានតឹង​បំផុត​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ខណៈ​រថក្រោះ​អាមេរិក និង​សូវៀត​បាន​ពើប​ប្រយុទ្ធ​គ្នា​ក្នុង​ខែ​តុលា ឆ្នាំ ​១៩៦១​។

អស់​រយៈពេល​ជា​ច្រើន​តាំង​ពី​​អាល្លឺម៉ង់​បង្រួប​​បង្រួម​ជាតិ​ក្នុង​ឆ្នាំ ​១៩៩០ Checkpoint Charlie ​បាន​ក្លាយ​ជា​ដែន​ដី​ប្រវត្ដិសាស្ដ្រ​ដ៏​កាក់កប ​ដោយ​អាជីវករ​លក់​មួក​រោម​​សត្វ​ក្លែង​ក្លាយ​របស់​កង​ទ័ព​​ក្រហម​ និង​ម៉ាស់​មុខ​ ហើយ​​មនុស្ស​នាំ​គ្នា​គ្រង​ឈុត​ទាហាន​អាមេរិក​ដោយ​​ភ្ញៀវ​ត្រូវ​បង់​ប្រាក់​ចំពោះ​ការ​ថតរូប​ទៀត​ផង​។

លោក ​Burkhard Kieker ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​Visit Berlin បាន​និយាយ​ក្នុង​បទសម្ភាស​ជាមួយ​កាសែត Tagesspiegel ​​​ដោយ​​បាន​ហៅ​តំបន់​ទេសចរណ៍​​កៀរគរ​ភ្ញៀវ​ឲ្យ​បង់​ប្រាក់​ថតរូប​​​នេះ​ជា «​ជំងឺ​ឈឺ​ភ្នែក​»។

ថ្មី​ៗ​នេះ ការ​ជជែក​ដេញ​ដោល​បាន​​ផ្ទុះ​ឡើង​អំពី​វិធី​អភិវឌ្ឍ​តំបន់​នេះ។ ក្រោយ​ពី​គម្រោង​អភិវឌ្ឍ​អគារ​ពី​សណ្ឋាគារ Hard Rock Hotel ក្រុង​ប៊ែរឡាំង​ កាន់​តែ​រឹត​បណ្ដឹង​ការ​គ្រប់គ្រង​លើ​ទីតាំង​នោះ​ រួម​ទាំង​ដាក់​កំហិត​លើ​កម្ពស់​អគារ​ ព្រម​ទាំង​តម្រូវ​ឲ្យ​សង់​ផ្ទះ​ជួយ​សង្គម​រហូត​ដល់ ៣០ ភាគរយ​៕ AFP/HR