ក្រុងខេមរភូមិន្ទ: ម៉ោង​ប្រមាណ ៣ រសៀល លោក ពេជ្រ ឡុងណេត បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ក្នុង​ការស្វាគមន៍​នូវ​ដំណើរ​មក​ដល់​ភ្ញៀវទេសចរ​ដែល​បាន​ណាត់គ្នា​រួច​ជាស្រេច​ជាមួយ​សម្ភារ​ចាំបាច់​មួយ​ចំនួន​ដូចជា ធុងទឹក ឆ្នាំង អង្ករ បន្លែ ត្រីសាច់ និង​ភេសជ្ជៈ ព្រម​ទាំង​តង់ និង​កម្រាល​កៅស៊ូ​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ដែល​អាច​បង្អុរ​ទឹកភ្លៀង​គ្រប់​ពេលវេលា​។


លោក ឡុងណេត អាយុ​ ៤០ ​ឆ្នាំ​ជា​មគ្គុទេ្ទសក៍​ភូមិ​នៃ​សហគមន៍​អេកូទេសចរណ៍​ភ្នំទ័ព​ជាង​បាន​និយាយ​ថា​៖ «​ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​តាមរយៈ​ក្រុមហ៊ុន​ផ្ដល់​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ភាគច្រើន​មក​ដល់​នាពេល​រសៀល​រួច​ពួកគេ​រូតរះ​វេច​បង្វេច​រៀងៗ​ឡើង​ភ្នំ​តែម្ដង ពីព្រោះ​ពួកគាត់​ត្រូវ​បោះតង់​ស្នាក់​អាស្រ័យ​លើ​កំពូលភ្នំ​»​។

ពី​ផ្ទះ​មគ្គុទេ្ទសក៍​ភូមិ​ដែល​មាន​បទពិសោធ​នាំ​ភ្ញៀវ​ជិត​ ១ ​ទសវត្សរ៍ ភ្ញៀវ​ចាប់ផ្ដើម​ដើរ​ឡើង​ប្រមាណ​ ១០ ​នាទី​នឹង​បាន​ឃើញ​ផ្លូវ​បេតុង​ដែល​កសាង​ឡើង​ជា​ប្រយោជន៍​សម្រាប់​ការដឹក​ជញ្ជូន​សម្ភារ​ការដ្ឋាន​សំណង់​វារីអគ្គិសនី​គិរីរម្យ ៣​។


បោះជំរំ​ស្នាក់​ពេល​រាត្រី​លើ​ពយ​កំពូល​ភ្នំទ័ពជាង ឬ​ការប្រញាប់​ឡើង​ភ្នំ​នា​ព្រឹក​ព្រលឹម​សុទ្ធតែ​មាន​ឱកាស​បាន​គន់​ពពក​ដណ្ដប់​ភូមិ​។ ហុង មិនា


ដៃ​កាន់​កំសៀវ​ទឹក​បែក​សម្បុរ​ខ្មៅ លោក ឡុងណេត បាន​ឲ្យ​ដឹង​ថា​៖ «​ភ្ញៀវ​មក​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍​ពី ១០ ឬ ២០ ​នាក់​ហើយ​ពេល​ខ្លះ​ពី ៥០ ទៅ ៦០ ​នាក់​។ ពួកគេ​នាំគ្នា​ដើរ​ឡើង​ភ្នំ​តាម​ជម្រាល​ផ្លូវ​បេតុង​បត់បែន​ប្រមាណ​ជាង ១​ ​ម៉ោង​ទើប​ទៅ​ដល់​ទីតាំង​បោះជំរំ​។ ចំពោះ​សម្ភារ​បោះតង់ និង​ម្ហូបអាហារ​ផ្សេងៗ យើង​ដឹកជញ្ជូន​តាម​ម៉ូតូ​»​។


លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ទោះ​ចំនួន​ភ្ញៀវ​តិច ឬ​ច្រើន​កម្រិត​ណា យើង​គិត​តម្លៃ​ផ្ដោត​តែ​លើ​អ្នក​នាំ​ផ្លូវ​ម្នាក់ៗ​ប៉ុណ្ណោះ​។ បើ​យើង​ជូន​ពួកគាត់​ដើរ អ្នក​នាំ​ភ្ញៀវ​ម្នាក់​មាន​តម្លៃ ១៥ ​ដុល្លារ បើ​ជូន​តាមរយៈ​ម៉ូតូឌុប​ក្នុង​មួយ​ថ្ងៃ យើង​គិតពី ៣០ ទៅ ៣៥ ដុល្លារ​សម្រាប់​មគ្គុទ្ទេសក៍​ម្នាក់​។

ភ្នំទ័ពជាង​ ស្ថិត​នៅ​ភាគនិរតី​នៃ​តំបន់​ជួរ​ភ្នំក្រវាញ​ដែល​ធ្លាប់​រង​នូវ​ការបំផ្លាញ​ព្រៃឈើ​ពី​សំណាក់​អ្នកភូមិ ពេល​នេះ​បាន​ប្រែក្លាយ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏ទាក់ទាញ​សម្រាប់​ការបោះ​ជំរំ លេង​ទឹកធ្លាក់ ដើរ​ព្រៃ ស្ទូចត្រី ចាប់​ឈ្លើង និង​មើល​សត្វ​ជាដើម​។

លោក ណុប កុយ ប្រធាន​សហគមន៍​អេកូទេសចរណ៍​ភ្នំទ័ពជាង​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​សហគមន៍​នេះ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​បំណង​ការពារ​ធនធាន​ធម្មជាតិ និង​ផ្ដល់​ឱកាស​ការងារ​ពី​វិស័យ​ទេសចរណ៍​សម្រាប់​ប្រជាសហគមន៍​។

លោក កុយ អាយុ ៦៦ ​ឆ្នាំ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​សហគមន៍​ភ្នំទ័ពជាង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០១ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​សម្រាប់​ជា​ផលប្រយោជន៍​ដល់​ក្មេង​ស្រករ​ក្រោយ​»​។

ដោយ​មើលឃើញ​ពី​សក្កានុពល​អេកូទេសចរណ៍​នៃ​តំបន់ភ្នំទ័ពជាង​លោក សៀង មករា ស្ថាបនិក​ក្រុមហ៊ុន​ទេសចរណ៍ Cambodia Camping បាន​រៀបចំ​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ដំបូង​បំផុត​ក្នុង​ឆ្នាំ​ ២០១៦​។

បោះជំរំ​ស្នាក់​ពេល​រាត្រី​លើ​ពយ​កំពូល​ភ្នំទ័ពជាង ឬ​ការប្រញាប់​ឡើង​ភ្នំ​នា​ព្រឹក​ព្រលឹម​សុទ្ធតែ​មាន​ឱកាស​បាន​គន់​ពពក​ដណ្ដប់​ភូមិ​។ ហុង មិនា

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​​បាន​រៀបចំ​ដំណើរ​កម្សាន្ដ​ទៅ​ទីនោះ​ច្រើន​ដង​ណាស់ តាំងពី​ឆ្នាំ​ ២០១៦​។ ខ្ញុំ​ចង់​ជួយ​សហគមន៍​នៅ​ទីនោះ​បង្កើត​តំបន់​ទេសចរណ៍​ថ្មី​មួយ​ដោយសារ​មើលឃើញ​ថា ទី​នោះ​មាន​សក្ដានុពល​ខ្លាំង​ដូចជា ទឹកជ្រោះ វាល​ផ្កា​លើ​ភ្នំ ដងព្រែក​ដ៏វែង​រហូត​ដល់ ៣០ គីឡូម៉ែត្រ ព្រមទាំង​ទីតាំង​ភូមិសាស្ដ្រ​ល្អ​»​។

បើ​ទោះបី​ជា​ប្រញាប់​ឡើង​ភ្នំ​ទៅ​រៀបចំ​ទីតាំង​ស្នាក់អាស្រ័យ និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជុំគ្នា​ក្រោម​ពន្លឺ​ផ្កាយ​រយពាន់​ដ៏សែនសប្បាយ​យ៉ាងណា​ក៏ដោយ ក៏​ដំណើរ​នាពេល​រសៀល ភ្ញៀវ​នឹង​អាច​ខកខាន​ឱកាស​គយគន់​ពពក​ស​ដេរដាស​គ្របដណ្ដប់​លើ​ភូមិឋាន និង​ចម្ការ​ដំណាំ​។

លោក ពេជ្រ ឡុងណេត បាន​ឲ្យ​ដឹង​ថា​៖ «​នាពេល​ព្រឹក​ព្រលឹម បើ​យើង​ចាប់ផ្ដើម​ឡើង​នៅ​ម៉ោង ៥:៣០ ព្រឹក យើង​នឹង​អាច​គយគន់​ពពក​ពណ៌​សក្បុស​គ្របដណ្ដប់​លើ​ភូមិ និង​ដំណាំ​យ៉ាង​ស្រស់ស្អាត​។ ទម្រាំ​យើង​ឡើង​លើ យើង​បាន​ឃើញ​នូវ​ទិដ្ឋភាព​ពពក​ជាច្រើន​ដំណាក់​តាម​ជម្រាល​ភ្នំ​»​។

គ្រប់​នៃ​ផ្លូវ​បេតុង​ត្រង់​ចំណុច​បត់បែន សុទ្ធ​តែ​ជា​ទីកន្លែង​គយគន់ និង​ផ្ដិត​រូបភាព​កម្រាល​ពពក​ក្បែរ​ជើងភ្នំ​យ៉ាង​ស្រស់ស្អាត​។ហុង មិនា

ទៅ​ដល់​កំពូល​ជា​ទីតាំង​បោះតង់​សម្រាប់​ក្រុម​ដែល​មាន​សមាជិក​តិច​ដ៏ស័ក្ដិសម​ដែល​ផ្ដល់​ឱកាស​គន់​ពពក​កាន់តែ​មាន​ច្រើន​វេលា​ក្រោក​ពី​ដំណេក​ភ្លាម​។

យោង​តាម​វេបសាយ ភ្នំទ័ពជាង បាន​ឲ្យ​ដឹង​ថា សេវាកម្ម​អ្នក​នាំ​ភ្ញៀវ​ម្នាក់ ១០ ​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ គោយន្ដ ២៥ ​ដុល្លារ​ក្នុង ១ ​ថ្ងៃ ជួល​ម៉ូតូ ១០ ​ដុល្លារ ជួល​កង់ ៥ ​ដុល្លារ ទូក ៥ ​ដុល្លារ​ម្នាក់ និង​ជួលតង់ ៥ ​ដុល្លារ​ម្នាក់​សម្រាប់​ ១ ​យប់​។

ស្ថិត​នៅ​លើ​ផ្លូវជាតិ ៤៨ ហួស​ពី​ស្ពាន​ស្រែអំបិល​ប្រមាណ ៥០ ម៉ែត្រ​អ្នក​ដំណើរ​បត់​ស្ដាំ​លើ​ផ្លូវលំ​ក្រួស​ក្រហម​តាម​ស្លាក​សញ្ញា​រោងចក្រ​វារីអគ្គិសនី​គិរីរម្យ ៣ ចម្ងាយ ១៥ គីឡូម៉ែត្រ​។ ហួស​ទីតាំង​ស្ថានីយ​វារីអគ្គិសនី​ប្រមាណ​ ១ ​គីឡូម៉ែត្រ​នឹង​ទៅ​ដល់​ផ្ទះ​លោក ឡុងណេត ក្បែរ​ជើងភ្នំ​ទ័ពជាង ជា​ទីកន្លែង​ដែល​ភ្ញៀវ​ចេញ​ដំណើរ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​វេបសាយ សហគមន៍​អេកូទេសចរណ៍​ភ្នំ​ទ័ពជាង​ https://cbet-ptc.org/kh/cbet/ ឬ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០១៥ ៧៣ ១១ ៧៦៕

វីដេអូ៖