សៀមរាប៖ ស្ថិតនៅចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រពីក្រុងសៀមរាប ជាជំរំដំរីទើបបង្កើតថ្មីសម្រាប់ឲ្យភ្ញៀវនែបនិត្យជាមួយដំរីរស់នៅក្នុងធម្មជាតិរបស់ពួកវា។
Kulen Elephant Forest ស្ថិតក្នុងស្រុកប្រាសាទបាគង គឺជាជំរំដំរីចំនួន ១៤ ក្បាល ដែលកាលពេលមុនធ្លាប់ត្រូវបានជិះក្នុងបរិវេណឧទ្យានអង្គរ។
ភ្ញៀវទេសចរអាចជ្រើសរើសសេវាកម្មកញ្ចប់កន្លះថ្ងៃ និង ១ ថ្ងៃ ដើម្បីទស្សនាបរិស្ថានធម្មជាតិរបស់ដំរី។ ដំណើរកម្សាន្ដនឹងចាប់ផ្ដើមពីទីក្រុងសៀមរាបតាមរយៈសេវាកម្មដឹកជញ្ជូន។
លោក David-Jaya Piotសហស្ថាបនិកគម្រោងបាននិយាយថា៖ «ពេលភ្ញៀវធ្វើដំណើរប្រហែលជា ១ ម៉ោង ពីក្រុងសៀមរាប និងដើរប្រមាណ ១៥ នាទី ទទួលទានតែកាហ្វេរួចចុះពីក្យូសមករោងដំរីដើម្បីបញ្ចុកចំណីឲ្យស្គាល់គ្នាសិន។ ភ្ញៀវដើរទស្សនាដំរីពេលពួកវាប្រាស្រ័យទាក់ទងមិត្ដភក្ដិដំរី និងប្រលែងគ្នាលេង»។
លើវិថីឆ្ពោះទៅកាន់ជំរំដំរី Kulen Elephant Forestភ្ញៀវនឹងមានឱកាសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំគូលែន និងភាពស្រស់បំព្រងជាច្រើនទៀត។
ពេលទៅដល់ទីតាំងភ្ញៀវអាចមើលដំរីលេង និងប្រាស្រ័យទាក់ទងគ្នា ឬពួកគេអាចដើរចូលព្រៃកាន់តែជ្រៅ ដើម្បីទស្សនាសកម្មភាពដំរីផ្សេងៗទៀត។
លោក David បាននិយាយថា៖ «ពេលព្រឹក យើងយកផ្លែឈើដាក់ក្នុងកង់ឡានរួចបោះឲ្យដំរី ដើម្បីរិះរកវិធីស៊ីចំណីដោយខ្លួនឯង។ ពួកវាចាប់ផ្ដើមលើកក្រឡុក និងជាន់ដើម្បីកាយយកចំណីស៊ី។ រួចហើយ មើលពួកវាលេងទឹកនៅក្នុងស្រះ។ ចុងបញ្ចប់ ភ្ញៀវទៅទទួលទានអាហារនៅលើផ្ទះធំ។
ចំពោះពេលរសៀល សកម្មភាពស្រដៀងគ្នា ដោយចាប់ផ្ដើមពីការទទួលទានអាហារ និងហ្គេមសម្រាប់ដំរី ជាមួយសកម្មភាពលាយបាយដំណើប គ្រាប់ឈូករ័ត្ន និងកន្ទក់ ជាអាហារសម្រន់ឲ្យដំរី។
លោក David ដែលជាកូនកាត់បារាំង-ខ្មែរ អាយុ ២៣ ឆ្នាំ បានបន្ដថា៖ «សម្រាប់ភ្ញៀវពេញ ១ ថ្ងៃ ពួកគាត់មានសកម្មភាពទាំងហ្គេមកង់ឡាន និងរៀបចំអាហារសម្រន់ឲ្យដំរី ព្រមទាំងដំណើររុកព្រៃបានឆ្ងាយ និងទទួលទានអាហារនៅក្នុងព្រៃតែម្ដង។ យើងរៀបចំជាលក្ខណគ្រួសារ។ ជាទូទៅ សកម្មភាពយើងដើរមើលដំរីរស់នៅតាមធម្មជាតិរបស់វា និងអាចបញ្ចុកចំណីដំរី។ ខ្ញុំនៅជាមួយដំរីយូរដែរ តែឥឡូវ ខ្ញុំអង្គុយមើលវា ២ ម៉ោងក៏អត់អផ្សុកដែរ»។
នេះជាដំណើរកម្សាន្ដលើកទី ២ របស់អ្នកស្រី ខាតារីន មកកាន់ជំរំដំរី។ ដោយប្រាប់ត្រឹមតែនាមខ្លួន ស្ដ្រីជនជាតិអាមេរិករូបនេះមកជាមួយមិត្ដភក្ដិស្រីៗ ៤ នាក់ផ្សេងទៀត។ ពួកគេនិយាយថា ពួកគេចូលចិត្ដមើលដំរីងូតទឹក និងបញ្ចុកចំណីឲ្យពួកវា។
យុវជន David ដែលអាចនិយាយភាសាខ្មែរបានយ៉ាងល្អ ក៏ដូចជាបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្ដើមបង្កើតគម្រោងជំរំដំរី Kulen Elephant Forest ក្នុងឆ្នាំ ២០១៧។
ក្រោយពីធ្វើការនៅធនាគារប្រទេស ហ្ស៊កដានី និងគ្រប់គ្រងសណ្ឋាគាររបស់ឪពុកក្នុងក្រុងសៀមរាប លោកសម្រេចចិត្ដថា លោកគួរធ្វើអ្វីម្យ៉ាងមានប្រយោជន៍ទុកឲ្យកូនបានឃើញ។
លោកបានឲ្យដឹងថា៖ «ខ្ញុំស្វែងរកទីតាំងជាច្រើនកន្លែងរហូតដល់សហគមន៍បុសធំនេះ ដោយសារវាស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងសៀមរាប»។
លោកបន្ដថា៖ «ដំរីមានសេរីភាពក្នុងការដើរលេងបរិវេណព្រៃទាំងនេះ ហើយយើងមានសកម្មភាពធ្វើការជាមួយសហគមន៍ ដោយយើងទិញអំពៅ និងដើមចេក។ ១ថ្ងៃ យើងត្រូវការដំណាំចំណីដំរី ៣ តោន ដោយសារដំរី ១ ក្បាល ត្រូវការចំណីចន្លោះពី ២០០ ទៅ ៣០០ គីឡូក្រាមក្នុង ១ ថ្ងៃ។
ដោយសារតែគម្រោងនេះ ពលរដ្ឋសហគមន៍មិនចាំបាច់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេស ថៃ និងក្រុងសៀមរាប ពលរដ្ឋសហគមន៍ខិតខំប្រឹងប្រែងផលិតផលិតផលដំណាំសម្រាប់ផ្គត់ផ្គង់ចំណីដំរី ១ ថ្ងៃ ៣ តោន ដែលត្រូវបានចាត់ទុកជាចំនួនដ៏ច្រើនសម្រាប់អ្នកភូមិម្ដុំនេះ។
លោក David បាននិយាយថា៖ «ពេលយើងលែងពួកវាឲ្យដើរហើរសេរីក្នុងព្រៃ និងមានឱកាសបានលេងជាមួយគ្នាយ៉ាងសប្បាយ ពីព្រោះកន្លងមកពួកវាអត់ដែលបានជួបមុខគ្នានោះទេ និងគ្មានសេរីភាពដូចឥឡូវទេ។ ខ្ញុំឃើញពួកវាសប្បាយ ខ្ញុំក៏រីករាយចិត្ដដែរ។ ទោះបីជាពួកវាមានសេរីភាពយ៉ាងណាក៏ដោយ ក៏យើងតែងតែនាំពួកវាដើររកចំណីកន្លែងផ្សេងៗ ដើម្បីកុំឲ្យពួកវានៅមួយកន្លែង ដែលអាចឡើងគីឡូលឿន»។
ខុសពីទម្លាប់នៃការដឹកភ្ញៀវ ដំរីនៅជំរំ Kulen Elephant Forest ស៊ីមួយកន្លែង មិនសូវល្អចំពោះសុខភាពប៉ុន្មានទេ ទើបពួកវាត្រូវបានលើកទឹកចិត្ដឲ្យដើររកចំណីស៊ីតាមគោលដៅផ្សេងៗក្នុងព្រៃ ដោយមានការឃ្លាំមើលពីហ្មដំរី។
លោក ថេង សំបាន ប្រធានក្រុមហ៊ុន Marry Travel កំពុងទស្សនាជាមួយក្រុមការងារជាទីភ្នាក់ងារទេសចរណ៍។ ពួកគេមកទីនេះដើម្បីសម្រេចថា តើពួកគេនឹងដាក់បញ្ចូលសេវាកម្មនេះក្នុងកញ្ចប់របស់ខ្លួនឬទេ?។
លោកនិយាយថា៖ «ខ្ញុំចំណាយពេលដើរ ១ ម៉ោងជាង ពីព្រោះខ្ញុំគ្រាន់តែដើរត្រួសៗប៉ុណ្ណោះ។ យើងទៅកម្មវិធីកន្លះថ្ងៃ យើងឲ្យចំណីដំរី ដូចជា ចេក អំពៅ និងដើររុកព្រៃលេងៗ គយគន់ទេសភាពក្នុងព្រៃសហគមន៍ និងមើលដំរីរស់នៅតាមធម្មជាតិរបស់វាអ៊ីចឹងទៅ»។
លោកបានប្រាប់ ភ្នំពេញប៉ុស្ដិ៍ ថា៖ «យើងដើរជាមួយមគ្គុទេសក៍ និងហ្មដំរី ខណ:មគ្គុទេសក៍មានតួនាទីរៀបរាប់សកម្មភាព និងសហការជាមួយហ្ម បើសិនណាភ្ញៀវចង់ចូលទៅជិតដំរី និងឲ្យចំណីដំរី ហ្មនឹងធ្វើការផ្ទាល់ជាមួយដំរី»។
លោកគាំទ្រសកម្មភាពបែបអេកូទេសចរណ៍ជាមួយនឹងការដើរក្នុងព្រៃមើលដំរីរស់នៅតាមធម្មជាតិរបស់ពួកវា។ លោកក៏មានលក់កញ្ចប់ទេសចរណ៍ទៅមើលដំរីដល់មណ្ឌលគិរីដែរ។ ប៉ុន្ដែបើភ្ញៀវស្នាក់នៅត្រឹម ៤-៥ យប់អី លោកអាចណែនាំឲ្យភ្ញៀវមកត្រឹមនេះ។
ដំណើរកម្សាន្ដកន្លះថ្ងៃមានតម្លៃ ៨០ ដុល្លារម្នាក់ ហើយពេញ ១ ថ្ងៃ មានតម្លៃ ៩៥ ដុល្លារម្នាក់ រួមទាំងអាហារ និងការដឹកជញ្ជូនពីក្រុងសៀមរាប។
Kulen Elephant Forestស្ថិតក្នុងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។ សម្រាប់ព័ត៌មានលម្អិត សុំចូលទៅកាន់វេបសាយ www.kulenforst.asia ឬលេខទូរស័ព្ទ ០៩៦ ៨៧៩ ៣៣ ៧៨៕
វីដេអូ៖