ក្រុងព្រះវិហារ៖ វង ស្រីអូន មានអារម្មណ៍ភ័យខ្លាចរញីរញ័រ សូម្បីតែការឈានជើងឡើងជណ្ដើរឈើទៅកាន់ផ្ទះលើដើមឈើធំមួយដើម តែនាងទទួលបានកម្លាំងចិត្តក្រោមការជំរុញពីមិត្ដភក្ដិ។
ស្ថិតក្នុងបរិវេណមជ្ឈមណ្ឌលកសាងសមត្ថភាពចំបក់ហោះ បុគ្គលិកក្រុមហ៊ុនឯកជនបានប្រាប់ថា៖ «ខ្ញុំជាមនុស្សខ្លាចទីខ្ពស់ និងរមែងមានសភាពញ័រដៃជើងពេលឡើងខ្ពស់បែបនេះ។ ប៉ុន្ដែមិត្ដភក្ដិជំរុញប្រាប់ថា មិនអីទេ! សាកឡើងមក។ ខ្ញុំក៏សាកល្បងឡើងគើមៗរហូតដល់ផ្ទះនៅចុងឈើ»។
ក្រោយពីបានចូលរួមស្ដាប់គោលការណ៍ ៥ ចំណុច និងចូលរួមលេងសកម្មភាពហ្គេមតូចៗ កញ្ញា វង ស្រីអូន ចាប់ផ្ដើមលេងហ្គេមរំជើបរំជួល ដោយការដើរលើស្ពានយោលកម្ពស់ប្រមាណ ២០ ម៉ែត្រ ដែលចងភ្ជាប់ពីដើមឈើមួយទៅដើមឈើមួយប្រវែង ១៧០ ម៉ែត្រ។ នាងក៏បានបន្ដទៅជិះខ្សែកាបហោះកម្ពស់ជាង ២០ ម៉ែត្រ ចម្ងាយ ៦០ ម៉ែត្រទៀត។
មិនយូរប៉ុន្មាន ស្រីអូន ហាក់ប្រែជាមានសភាពក្លាហាន និងហ៊ានស្ម័គ្រចិត្ដលេងហ្គេមដ៏រន្ធត់បំផុតប្រចាំនៅចំបក់ហោះនោះ គឺការជិះទោងយក្សទម្លាក់ខ្លួនពីលើដើមឈើ។
លោក សន សំអាន ប្រធានគម្រោងចំបក់ហោះ បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពេលឈរបរិវេណទោងយក្សថា៖ «សកម្មភាពលេងពេញនិយមជាងគេ គឺទោងយក្ស និងខ្សែកាបហោះនេះហើយ»។
សកម្មភាពទាំង ២ នេះ ត្រូវបានមជ្ឈមណ្ឌលដាក់កម្មវិធីនៅចុងក្រោយបំផុត បន្ទាប់ពីសកម្មភាពផ្សេងៗទៀត។
តែលោក សំអាន ទទូចថា៖ «អ្នកមកទីនេះ គួរតែលេងហ្គេមចុងក្រោយនេះកុំបីខកខាន ពីព្រោះក្រោយពីលេងរួច ពួកគាត់នឹងមិនភ្លេចចំបក់ហោះជាដាច់ខាត»។
ចំបក់ហោះ សំដៅលើឈ្មោះដើមឈើដ៏សម្បូរដុះដាលក្នុងបរិវេណ មជ្ឈមណ្ឌលកសាងសមត្ថភាព ដែលបង្កើតឡើងដោយអង្គការជំនួយអភិវឌ្ឍន៍អាត់វែនទីស្ទកម្ពុជា (អា្រដា កម្ពុជា) ស្ថិតលើផ្ទៃដី ៥០ ហិកតា។
លោក សន សំអាន បាននិយាយថា៖ «សកម្មភាពលេងទាំងអស់សុទ្ធតែសំខាន់សម្រាប់ជាប្រយោជន៍ដល់ការអប់រំ។ ពេលពួកគាត់ធ្វើហើយ អនុវត្ដហើយ វាឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងចំណុចខ្លាំងរបស់ពួកគាត់។ វាជាសកម្មភាពលើកទឹកចិត្ដ បង្កើនពង្រឹងស្មារតីរបស់ពួកគាត់ ជាពិសេស ទំនាក់ទំនងរបស់ពួកគាត់។
ក្នុងចំណោមសកម្មភាពទាំង ៥០ ភាគច្រើនកន្លែងលេងល្បែងទាំងនោះស្ថិតក្នុងទីតាំងហ៊ុមព័ទ្ធរបងបរិវេណដី ២០ ហិកតា លើកលែងតែសកម្មភាពខ្សែកាបហោះ Zip Line ៦០០ ម៉ែត្រ ស្ថិតនៅក្រៅរបង។
តាំងពីដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០០៤ ចំបក់ហោះទទួលភ្ញៀវជាង ១៥០ ក្រុម មនុស្សសរុបជាង ៦ ពាន់នាក់ មកពីអង្គការ រដ្ឋាភិបាល សហគមន៍ សិស្សនិស្សិត និងយុវជន ព្រមទាំងក្រុមងាយរងគ្រោះដោយមានគោលបំណងកសាងជំនឿចិត្ដ បង្កើនសមត្ថភាពការគិត ស្វែងរកដំណោះស្រាយ ចេះជួយគ្នា អភិវឌ្ឍស្មារតីការងារជាក្រុម ព្រមទាំងផ្សព្វផ្សាយចំណេះដឹងផ្នែកបរិស្ថាន និងអប់រំ។
មុនពេលចេញដំណើរទៅលេងល្បែងនានា ក្នុងបរិវេណព្រៃមជ្ឈមណ្ឌលកសាងសមត្ថភាពចំបក់ហោះ អ្នកស្រី ឈឿន ស៊ុននី ជាអ្នកសម្របសម្រួលម្នាក់បានស្នើឲ្យអ្នកចូលរួមអង្គុយជារង្វង់ ដោយចាប់ផ្ដើមបង្ហាញគោលការណ៍ទី ១ តាមរយៈការលេងល្បែងស្ទាំងឃ្លាន ដែលផ្ដោតលើការមើលស្ដាប់ និងចូលរួម។
អ្នកស្រីនិយាយថា៖ «បើគាត់ជាសិស្ស ពេលគាត់រៀន គាត់អត់មើល និងស្ដាប់គ្រូពន្យល់ តើគាត់អាចមានការរីកចម្រើនយ៉ាងដូចម្ដេច? បើការងារជាក្រុមក្នុងស្ថាប័នណាមួយ ទាល់តែជួយមេក្រុម ឬសមាជិកដោយធ្វើកិច្ចការស្រុះគ្នា។ បើនរណាម្នាក់ក្នុងក្រុមអត់ចូលរួម នៅស្ងៀម វាធ្វើឲ្យពិបាកសម្រេចគោលដៅ»។
កញ្ញា ម៉ី ភីនី ជាបុគ្គលិកអង្គការមកស្នាក់នៅរយៈពេល ៣ យប់ ៤ ថ្ងៃ ជាមួយក្រុមការងារបានឲ្យដឹងថា មុនពេលចាប់ផ្ដើមលេងកីឡាធំៗបែបភ័យរន្ធត់ កញ្ញា និងមិត្ដភក្ដិត្រូវបានស្នើឲ្យចូលរួមលេងសកម្មភាពតូចៗទាំង ៥ ដែលជាការភ្ញោចអារម្មណ៍ចំពោះចំណេះដឹងស្ដីពីសមត្ថភាពធ្វើកិច្ចការជាក្រុម និងចេះដោះស្រាយបញ្ហាប្រឈមចំពោះមុខ។
ភីនី បាននិយាយថា៖ «រាល់ការលេងគ្រប់សកម្មភាពតែងតែមានការឆ្លុះបញ្ចាំងពីចំណេះដឹងផ្អែកលើគោលការណ៍ទាំង ៥»។
បុគ្គលិកអង្គការរូបនេះ ដែលកោតសរសើរចំពោះរសជាតិអាហារនៅចំបក់ហោះ បានបន្ថែមថា៖ «សម្រាប់ខ្ញុំការទម្លាក់ខ្លួនពីលើដើមឈើ [ជិះទោងយក្ស] និងហក់តោងទោងទោច ធ្វើឲ្យស្រៀវខ្លាំងបំផុត និងមានការលំបាកក្នុងការឡើងដើមឈើ ដោយសារឈ្នាន់ដែកត្រូវជាន់ឡើងនោះ វាលឹបចូលដើមឈើខ្លាំងពេកពិបាកជាន់ឡើងខ្លាំង»។
ពាក់អាវយឺតពណ៌បៃតងខ្ចី រំលេចសំណេរថា «ខ្ញុំអាចហោះបាន» លោក សំអាន បានបន្ដថា៖ «សកម្មភាពនីមួយៗមានតួនាទីផ្សេងៗគ្នា។ ឧទាហរណ៍ សំណាញ់ពីងពាង ជាសកម្មភាពដែលអ្នកចូលរួមលេងឆ្លងពីកន្លែងមួយទៅកន្លែងមួយទៀតដោយសុវត្ថិភាពដោយមិនឲ្យប៉ះអ៊ីចឹង។ ដូច្នេះ ពួកគេត្រូវចេះសហការ ដោយធ្វើម៉េចឲ្យសមាជិកក្រុមទាំងអស់អាចឆ្លងទៅបាន។ មិនថាប្រុស មិនថាស្រីនោះទេ សមាជិកក្រុមទាំងអស់ត្រូវជួយគ្នា។
ប្រធានគម្រោងចំបក់ហោះ លោក សំអាន បាននិយាយមុនពេលស្រែកឲ្យក្រុមការងាររបស់អ្នកចូលរួមទាញខ្សែពួរអូសអ្នកជិះទោងយក្សថា៖ «ចំពោះសកម្មភាពជិះទោងយក្ស ចង់បង្ហាញពីការសម្រេចចិត្ដត្រូវតែធ្វើ ទោះបីជាកិច្ចការនេះលំបាកប៉ុនណាក៏ដោយ។ បើយើងមិនសម្រេចចិត្ដថានឹងធ្វើទេ បានន័យថា មួយរយភាគរយ គឺយើងអត់អាចទទួលបានលទ្ធផលអ្វីទេ។ ប៉ុន្ដែបើយើងសម្រេចចិត្ដពុះពារធ្វើ ទោះត្រឹមកម្ពស់ ១០ ម៉ែត្រ ឬ ១៥ ម៉ែត្រ គឺជាលទ្ធផលដែលយើងទទួលបាន»។
លោក សំអាន បានលើកឡើងថា សកម្មភាពទាំងអស់នេះលើកទឹកចិត្ដដល់សិស្សានុសិស្សចេះជួយគ្នាដោយមិនពឹងផ្អែកលើសមាជិកណាម្នាក់ឡើយ។
ដោយទទួលបុគ្គលិកអង្គការ បុគ្គលិកក្រុមហ៊ុន និងសិស្សានុសិស្ស ហើយពេលខ្លះក៏មានលក្ខណៈគ្រួសារ អ្នកសម្របសម្រួលនៅចំបក់ហោះ នឹងរៀបចំសកម្មភាពលេងកម្សាន្ដបង្កើនសមត្ថភាពចំណេះដឹងទៅតាមបែបផែនខុសៗគ្នា។
លោក សំអាន បាននិយាយថា៖ «បើពួកគាត់មកជាលក្ខណៈក្រុមហ៊ុន យើងសម្របសម្រួលទៅតាមបែបផែនក្រុមហ៊ុន។ តើពួកគាត់គួរធ្វើយ៉ាងម៉េចដើម្បីឲ្យក្រុមហ៊ុនមានការរីកចម្រើន ឬមួយគាត់មានគំនិតផ្សេងគ្នា គាត់ទាស់គ្នា គាត់ចែកក្រុមហ៊ុនជា ២ ជា ៣ ថា តើដំណើរការនៃក្រុមហ៊ុនរបស់គាត់អាចដើរបានអត់? យើងចោទសួរទៅគាត់វិញ។ អ៊ីចឹង គាត់ចាប់ផ្ដើមភ្ញាក់ខ្លួន។ នៅពេលគាត់លេង គាត់មិនបានគិតថា វាមិនឆ្លុះបញ្ចាំងទៅនឹងក្រុមហ៊ុនរបស់គាត់ផ្ទាល់នោះទេ។ ពេលយើងរំឭក គាត់នឹងដឹងថា វាពិតជាមានអត្ថន័យល្អសម្រាប់ក្រុមហ៊ុនរបស់គាត់»។
ប្រធានគម្រោងចំបក់ហោះបានបន្ដទៀតថា៖ «បើជាគ្រួសារ យើងសម្របសម្រួលទៅតាមលក្ខណៈគ្រួសារ។ បើសិនជាក្នុងក្រុមគ្រួសារតែមួយនេះ ពួកគាត់មិនចេះរួបរួមគ្នា មិនចេះស្រឡាញ់គ្នា មិនចេះជួយគ្នា អ៊ីចឹងគ្រួសារគាត់មានសុភមង្គលអត់? ដល់ចឹង គាត់ភ្ញាក់ឡើងថា អូ សកម្មភាពនេះ វាល្អសម្រាប់គ្រួសារគាត់។ ធ្វើឲ្យគាត់បង្កើនសេចក្ដីស្រឡាញ់ មានការយោគយល់ ចេះជួយគ្នា មិនប្រកាន់ជាការងារប្រុសស្រី»។
លោកពន្យល់ថា៖ «ជួនកាល ក្នុងក្រុមហ៊ុន បុគ្គលមានការទាស់ទែងពាក្យសម្ដី មិននិយាយរកគ្នា ដល់ពេលគាត់មកចូលរួមសកម្មភាពជាមួយយើង យើងតម្រូវឲ្យគាត់ធ្វើការរួមគ្នា។ បើគាត់អត់និយាយស្ដីរកគ្នានៅក្រុមហ៊ុន ដល់ពេលគាត់មកកន្លែងយើង គាត់ត្រូវនិយាយរកគ្នា។ ដល់ពេលអ៊ីចឹងទៅ គាត់ចាប់ផ្ដើមសារភាពថា នៅកន្លែងធ្វើការ «ខ្ញុំអត់ចូលចិត្ដគាត់មែន ឥឡូវខ្ញុំឃើញថា សេចក្ដីល្អរបស់គាត់មានចំពោះខ្ញុំ គាត់ជាមនុស្សល្អ» គាត់ចាប់ផ្ដើមសារភាពទៅវិញទៅមក ដែលធ្វើឲ្យទំនាក់ទំនងនេះល្អឡើងវិញ»។
ទាំងនេះជាកិច្ចសហការជាក្រុម និងចេះជួយគ្នា ដើម្បីសម្រេចគោលដៅដោយសុវត្ថិភាពទាំងអស់គ្នា។
លោកលើកឡើងថា៖ «ពេលបញ្ចប់សកម្មភាព យើងចាប់ផ្ដើមបង្ហាញពីចំណុចខ្វះខាត និងចំណុចខ្លាំងឲ្យពួកគាត់បានយល់កាន់តែច្បាស់។ សរុបមក យើងអនុវត្តសកម្មភាព រួចទើបយើងឆ្លុះបញ្ចាំងក្រោយ»។
ផ្ទៃដីដែលហ៊ុមព័ទ្ធដោយដើមឈើធំតូចក្រាសឃ្មិកទំហំ ៥០ ហិកតា ត្រូវបានបូកបញ្ចូលក្នុងដីព្រៃសហគមន៍ ដែលមានទំហំ ១ ៥៨៥ ហិកតា តាមរយៈកិច្ចការសហការបំណងការពារព្រៃឈើ និងសត្វព្រៃ។
លោក សន សំអាន បានឲ្យដឹងថា៖ «ដើម្បីជាកិច្ចការពារព្រៃ យើងបញ្ចូលដីទាំងនេះទៅជាមួយសហគមន៍ ដែលសរុបផ្ទៃដីទាំងអស់មានចំនួន ១ ៥៨៥ ហិកតា។ យើងសហការគ្នា ដោយការផ្ដល់ព័ត៌មានពីបទល្មើសព្រៃឈើដល់សហគមន៍ដើម្បីជួយទប់ស្កាត់សកម្មភាពបទល្មើស។ យើងផ្ដល់ថវិកាផ្គត់ផ្គង់ពួកគេឲ្យពួកគាត់ជួយការពារយើង»។
ត្រឡប់មកមើលអ្នកចូលរួមវិញ បើទោះបីជាមានទឹកមុខស្លេកស្លាំង ភ័យបុកពោះ និងខំស្រែកបន្លប់អារម្មណ៍ញាប់ញ័រ ខណៈពេលទោងយក្សនៅបន្ដយោងចុះយោងឡើងចន្លោះឈើធំពីរដើមយ៉ាងណាក៏ដោយ ក៏កញ្ញា វង ស្រីអូន ហាក់មានចិត្ដសប្បាយរីករាយក្រោយពីខ្លួនអាចជម្នះភាពភ័យខ្លាច និងសម្រេចចិត្ដធ្វើនូវអ្វីដែលខ្លួនធ្លាប់គិតថា មិនអាចធ្វើបាន។
កញ្ញា ស្រីអូន បាននិយាយក្រោយពីបញ្ឈប់ទោងថា៖ «ភ័យខ្លាំង! បុកពោះខ្លាំង ជាពិសេស ពេលទាញគន្លឹះដែកទម្លាក់ខ្លួនចុះ។ វាហាក់ដូចជាខ្លួនខ្ញុំត្រូវធ្លាក់ពីលើដើមឈើធំអ៊ីចឹង។ យ៉ាងណា ពេលនេះខ្ញុំអាចធ្វើបាន»។
បើកទទួលភ្ញៀវពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ចំបក់ហោះ ផ្ដល់សេវាកម្មជាកញ្ចប់ រួមបញ្ចូលការស្នាក់នៅ លេងសកម្មភាព និងអាហារ។
លោក សំអាន បានប្រាប់ថា៖ «វាយោងទៅតាមថ្ងៃដែលភ្ញៀវមកលេង។ បើពួកគាត់ចូលរួមសកម្មភាពមួយថ្ងៃ សម្រាប់ភ្ញៀវក្នុងស្រុក គាត់បង់ ៦០ ដុល្លារម្នាក់ ហើយបើពី ២ ទៅ ៣ ថ្ងៃ ម្នាក់ ៦៥ ដុល្លារ។ ចំពោះភ្ញៀវដែលមកពីអង្គការ និងក្រុមហ៊ុនអន្ដរជាតិ ពួកគេបង់ ៧០ ដុល្លារម្នាក់ សម្រាប់រយៈពេល ១ ទៅ ២ ថ្ងៃ ហើយបើពី ៣ ទៅ ៤ ថ្ងៃ គាត់បង់ ៨០ ដុល្លារម្នាក់»។
មជ្ឈមណ្ឌលកសាងសមត្ថភាពចំបក់ហោះ ស្ថិតក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្ដព្រះវិហារ បើកដំណើរការចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ សម្រាប់ព័ត៌មានបន្ថែម សុំចូលទៅកាន់ទំព័រហ្វេសប៊ុក @JombokHoas៕
វីដេអូ៖