ភ្នំពេញ: ធ្លាប់​ត្រូវ​បាន​មិត្ដភក្ដិ​បបួល​ដើរ​ឆ្លង​ភ្នំ ទស្សនា​សម្រស់​ធម្មជាតិ​ដ៏ស្រស់ស្អាត​នៃ​តំបន់​ភ្នំ​​នូវែលសេឡង់​រយៈពេល ៤ ម៉ោង​ជា​វេលា​ដ៏វែងឆ្ងាយ​បំផុត​ក្នុង​ឆាកជីវិត​របស់​យុវតី​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​បរទេស កញ្ញា ជុំ សុពុទ្ធីពិសី ធ្លាប់​បាន​ត្អូញត្អែរ​ថា ខ្លាច​ស្បែក​ខ្មៅ ហើយ​ដំណើរ​ក៏​អត់​សប្បាយ​​អី​បន្ដិច​សោះ​ព្រម​ទាំង​ខឹង​ដល់​អ្នក​បបួល​ថែម​ទៀត​។


ប៉ុន្ដែ​ពេល​នេះ​កញ្ញា​បាន​ក្លាយ​ជា​អ្នក​ដើរ​ឡើង​ភ្នំ​ជាច្រើន​រួម​ទាំង​ភ្នំ​ខ្ពស់ៗ​​បំផុត​នៅ​កម្ពុជា​ដែល​ស្ដ្រី​ខ្មែរ​​ភាគតិច​ណាស់​អាច​ធ្វើ​បាន​។ កញ្ញា​ថែម​ទាំង​ប្រាថ្នា​​ឡើង​កំពូល​ភ្នំ គីណាបាលូ នៅ​ម៉ាឡេស៊ី​កម្ពស់ ៤០៩៥ម៉ែត្រ ឬ​ភ្នំ​អេវើរ៉េស កម្ពស់ ៨៨៤៨ ម៉ែត្រ​នៃ​ជួរ​ភ្នំ​ហេមពាន្ដ​រវាង​នេប៉ាល់ និង​ចិន​។


ត្រឡប់​មក​កម្ពុជា​វិញ​​ឆ្នាំ​ ២០១៧ កញ្ញា ពិសី ដែល​បាន​សិក្សា​ភាសា​អង់គ្លេស​ឯ​សាកលវិទ្យាល័យ​វីកតូរៀ ក្រុង​វែលីងតុន ក្នុង​ឆ្នាំ ២០១៥ បាន​ចាប់ផ្ដើម​ដំណើរ​ផ្សងព្រេង​ឡើង​ភ្នំ​ឱរ៉ាល់​ដ៏ខ្ពស់​បំផុត​នៅ​កម្ពុជា​កម្ពស់ ១៨១៣ ម៉ែត្រ​។ ទោះ​បារម្ភ​ពី​​បញ្ហា​សុវត្ថិភាព​ដែល​ត្រូវ​ដេក​ព្រៃ ២ យប់​ក្ដី​ក៏​កញ្ញា​នៅ​តែ​រីករាយ​ជាមួយ​ក្រុម​មិត្ដភក្ដិ​​ចេះ​ជួយ​យក​អាសា​គ្នា​គ្រប់​ពេលវេលា​។


កញ្ញា ជុំ សុពុទ្ធីពិសី បាន​រៀបរាប់​ពី​ការបោះជំរំ​​លើ​ភ្នំ​ឱរ៉ាល់​ថា៖ «​ទោះ​ដំណើរ​នេះ​មាន​នារីៗ​តែ ២ នាក់​ក្ដី តែ​ពិត​ជា​រីករាយ​ពេល​ដែល​មិត្ដភក្ដិ​ប្រុសៗ ១៨ នាក់​តែងតែ​យក​ចិត្ដ​ទុកដាក់​ជួយ​យើង​។ នេះ​ជា​លើក​ទី ១ ដែល​ខ្ញុំ​ដើរ​ឡើង​ភ្នំ និង​គេង​ពេល​យប់​នៅ​ស្រុក​ខ្មែរ​។ កាល​នោះ​យើង​គេង​ ២ ​យប់​ទើប​​ឡើង​ដល់​កំពូល​។ យប់​ទី​ ២ យើង​​គេង​នៅ​លើ​ផ្ទះ​ដែល​ត្រូវ​បាន​សង់​សម្រាប់​ទទួល​ភ្ញៀវ​។ នៅ​ក្នុង​ខែ​កក្កដា​ពេល​នោះ​ត្រជាក់​មែនទែន​ប្រហែល​ជា​ចុះ​ដល់ ១០ អង្សា​សេ​អី​នោះ​»​។


ភ្នំ​ទំព័រ​ជា​ភ្នំ​ខ្ពស់​លំដាប់​ទី ៣ នៅ​កម្ពុជា​ជាមួយ​កម្ពស់ ១៥១៥ ម៉ែត្រ​ស្ថិត​នៅ​ជួរ​ភ្នំ​ក្រវាញ​ជា​តំបន់​ជ្រលង​​ថ្ម​ចោទ​ខ្ពស់​​ដែល​​ពិបាក​ឡើង​បំផុត ហើយ​ទាមទារ​ការពុះពារ​ខ្លាំង​។


កញ្ញា ពិសី ឡើង​ដល់​កំពូល​​ភ្នំឱរ៉ាល់​​។ រូបថត សហការី

កញ្ញា ពិសី ដែល​រួម​ដំណើរ​ជាមួយ​មិត្ដភក្ដិ​ស្រីៗ ៤ នាក់ និង​ប្រុសៗ ៩ នាក់​ក្នុង​ខែ​មករា ឆ្នាំ​ ២០១៩ បាន​និយាយ​ថា​៖ «​ពិតជា​លំបាក​ខ្លាំង បើ​និយាយ​ពី​ដឺក្រេ វា​ស្ទើរ​តែ​ជា​មុំកែង ៩០ ដឺក្រេ​ទៅ​ហើយ​។ បើសិន​ជា​ស្បែក​​យើង​អត់​ត្រូវ​ជង្គង់​យើង​ខ្សោយ យើង​ឆាប់​ហត់ យើង​ឡើង​អត់​រួច​ ពីព្រោះ​យើង​ត្រូវ​វារ​ឡើង​អ៊ីចឹង​រហូត ហើយ​កន្លែង​ខ្លះ​យើង​ត្រូវ​តោង​ដើមឈើ​ឡើង​។ សមាជិក​ខ្លះ យើង​ត្រូវ​ចង​ខ្សែ​ទម្លាក់​ដើម្បី​ឲ្យ​ពួកគាត់​តោង​ឡើង​តាម​ក្រោយ​»​។

ឧបសគ្គ​មួយ​ទៀត​ភ្នំ​ទំព័រ​មិន​មាន​ប្រភព​ទឹក​សម្រាប់​ក្រុម​ឡើង​ភ្នំ​របស់​កញ្ញា​ស្វែងរក​ដើម្បី​បំពេញ​ថាមពល​នោះ​ទេ ខណៈ​ដំណើរ​នេះ​ពួកគេ​ត្រូវ​ចំណាយពេល​គេង​លើ​ភ្នំ​ចំនួន​ ១ ​យប់​មុន​ដំណើរ​វិល​មក​ក្រោម​វិញ​។

នៅក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​កញ្ញា ពិសី ជាមួយ​នារី ៦ នាក់ និង​បុរស ១០ នាក់​បាន​បន្ដ​ឡើង​ភ្នំ​ខ្ពស់​បំផុត​លំដាប់​ទី ២ នៅ​កម្ពុជា​គឺ​ភ្នំ​សំកុស កម្ពស់ ១៧១៧ ម៉ែត្រ​លើ​ជួរ​ភ្នំក្រវាញ​។

ភ្នំ​សំកុស​មាន​សណ្ឋាន​ប្រហែល​នឹង​​ភ្នំ​ឱរ៉ាល់ តែ​ខុស​ត្រង់​ថា ភ្នំ​ឱរ៉ាល់​មាន​​ផ្លូវ​គេ​ត្រួសត្រាយ​ងាយ​ស្រួល និង​ប្រភព​ទឹក​ស្អាត​គ្រប់គ្រាន់ ខណៈ​ភ្នំ​សំកុស​ជា​ផ្លូវ​មិន​សូវ​មាន​អ្នក​ទៅ​ដល់ ជាពិសេស​ក្រុម​នេះ​ជា​ក្រុម​ស្ដ្រី​ខ្មែរ​ដំបូង​ដែល​បាន​ឡើង​ដល់​កំពូល​ភ្នំ​។

កញ្ញា ពិសី ដែល​ភាគច្រើន​ចំណាយ​ពេល​លុកលុយ​ព្រៃ​ខេត្ដ​កំពង់ស្ពឺ និង​ពោធិ៍សាត់​ក៏​បាន​ឆ្លងកាត់​ជ្រាវ​តំបន់​ខាង​លើ ឱម៉ាល់ វាលពួច ត្បែងមានជ័យ តោង​ឡើង​ភ្នំ​រមាស ជួរ​ភ្នំ​គិរីរម្យ និង​អារ៉ែង​ជាដើម​។ នៅ​នូវែលសេឡង់ កញ្ញា​ដើរ​បាន ៥ ភ្នំ និង​ទីតាំង​មួយ​ចំនួន​ទៀត​នៅ​កោះបាលី ប្រទេស​ឥណ្ឌូនេស៊ី ឡាវ និង​វៀតណាម​។

ចំពោះ​ដំណើរ​ផ្សងព្រេង​នៅ​ម៉ាឡេស៊ី កញ្ញា​គ្រោង​ដោត​ទង់ជាតិ​កម្ពុជា​លើ​កំពូលភ្នំ គីណាបាលូ កម្ពស់ ៤០៩៥ ម៉ែត្រ ឬ​ភ្នំ​អេវើរ៉េស កម្ពស់ ៨៨៤៨ ម៉ែត្រ​នៅ​ថ្ងៃ​ណា​មួយ​។

កញ្ញា​និយាយ​ថា​៖ «​ខ្ញុំ​កំពុង​សិក្សា​មើល​ថា តើ​​នឹង​ជ្រើសរើស​គីណាបាលូ ឬ​អេវើរ៉េស ដោយសារ​តែ​ភ្នំ​ទាំង ២ នេះ​មាន​កម្ពស់​ខ្ពស់​ដូចគ្នា​។ ដោយសារ​​ខ្ញុំ​ចាញ់​ត្រជាក់ ខ្ញុំ​ប្រហែល​ជា​ជ្រើស​យក​គីណាបាលូ​។ ខ្ញុំ​មើល​ឃើញ​ថា​កញ្ចប់​សេវាកម្ម​ទៅ​គីណាបាលូ​មាន​តម្លៃ​​ជិត ១០០០ ដុល្លារ ខណៈ​ដំណើរ​ទៅកាន់​អេវើរ៉េស​ត្រូវ​ចាយ​ជិត ៣០០០​ ដុល្លារ​។ វា​រាង​ថ្លៃ​បន្ដិច​»​។

បុគ្គលិក​មន្ដ្រី​រាជការ​រូបនេះ​បាន​បន្ថែម​ថា​៖ «​សំខាន់ វា​បាន​ជួយ​សុខភាព​ផ្លូវចិត្ដ ខណៈ​សង្គម​ខ្មែរ​យើង​រាល់​ថ្ងៃ​ត្រូវការ​សុខភាព​នេះ​ផង​។ សរុប​មក sense of achievement ខ្ញុំ​ទទួល​បាន​ពី​ការដើរ​បែប​នេះ​»​។

ពិសី ក្នុង​ចំណោម​អ្នក​ឡើង​ភ្នំ​សុទ្ធ​តែ​បុរស​​។ រូបថត សហការី

កញ្ញា​លើក​ទឹកចិត្ដ​ឲ្យ​នារី​ខ្មែរ​ដែល​ចូលចិត្ត​ដំណើរ​កម្សាន្ដ​បែប​ផ្សង​ព្រេង​ហ៊ាន​ពុះពារ​ការលំបាក​ដោយ​ផ្ដើម​ពី​ការឡើង​ភ្នំ​ទាបៗ​រហូត​ដល់​ខ្ពស់​។

កញ្ញា​បាន​ប្រាប់​ឲ្យ​ត្រៀម​សម្ភារ​ចាំបាច់​មួយ​ចំនួន​ដែល​ស្ពាយ​ជាប់​ខ្លួន​​មិន​លើស​ពី ៧ គីឡូក្រាម​មាន​ដូចជា ឧបករណ៍​ច្រោះទឹក អាហារ​ប៉ូវកម្លាំង ស្បែកជើង​សម្រាប់​ឡើង​ភ្នំ សម្ពាយ​សម្រាប់​ដំណើរ​ផ្សងព្រេង ថ្នាំ​សម្លាប់​សត្វល្អិត អាវ​ដើរ​ទៅ ១ ​កំប្លេ ខោអាវ​គេង​ ១ កំប្លេ និង​ខោអាវ​ត្រឡប់​វិញ​ ១ ​កំប្លេ និង​មួក​ការពារ​កម្ដៅ​។ ចំពោះ​សមត្ថភាព​រាងកាយ កញ្ញា​ហ្វឹកហាត់​ធ្វើ​លំហាត់ប្រាណ​សមល្មម​ប្រចាំថ្ងៃ តែ​មិន​ញ៉ាំ​ភេសជ្ជៈ​ជាតិ​ស្ករ​។

កញ្ញា​រៀបរាប់​ទៀត​ថា​៖ «​ការដើរ​ភ្នំ​ថ្ងៃ​ទី ១ រាង​សម្បូរបែប​បន្តិច​ដោយ​យើង​មាន​ចេក​ញ៉ាំ ហើយ​បន្ដ​បន្ទាប់​មក​យើង​ញ៉ាំ​អាហារ​ក្រៀមៗ ដូចជា សាច់គោ សាច់​ត្រីងៀត នំប៉័ង​។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ទឹក​។ ចំពោះ​ការគេង​ភាគច្រើន​នៅ​តាម​ភ្នំ​ដែល​មិន​អាច​បោះតង់​បាន​គឺ​យើង​គេង​ក្នុង​អង្រឹង​។ ភ្លើង​ត្រូវ​ឆេះ​ជាប់​រហូត ហើយ​ការ​គេង​ក្នុង​ព្រៃ វា​ខុស​ពី​ទីក្រុង​។ យើង​​អាច​គេង​ត្រឹម ២ ទៅ ៣ ម៉ោង​ក៏​មាន​អារម្មណ៍​ស្កប់​ឆ្អែត​ល្មម​»​។

កញ្ញា​ផ្ដែផ្ដាំ​ដល់​អ្នកដើរ​កម្សាន្ដ​ទាំងអស់​មិន​ថា​ដំណើរ​ទៅ​កាន់​កន្លែង​ណា សូម​ជួយ​ថែរក្សា​បរិស្ថាន​ដោយ​សម្អាត​រាល់​កាកសំណល់​ក៏​ដូចជា​ដប​ប្លាស្ទិក​​ត្រូវ​ច្រក​យក​ត្រឡប់​មក​ផ្ទះ​វិញ​៕

ពិសី នៅ​ភ្នំ​សំកុស។ រូបថត សហការី