ក្រុង​ព្រះវិហារ៖ ​ក្នុង​ចំណោម​ពលរដ្ឋ​​​​​ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង​មានជ័យ និង​ឃុំ​រអាង​ នៃ​ស្រុក​សង្គម​ថ្មី​ ដែល​អាស្រ័យ​ចំណូល​ពី​​​វិស័យ​អេកូ​ទេសចរណ៍​ ​រឹម​ ធឿន តែង​ជិះ​ម៉ូតូ​ឌុប​ភ្ញៀវ​ទេសចរ​ទៅ​កាន់​គោលដៅ​ទេសចរណ៍​ជា​ច្រើន​នៅ​លើ​​ភ្នំ​ត្បែង​ ក៏​ដូច​ជា អ្នក​​សែង​អីវ៉ាន់​ជូន​​ភ្ញៀវ​ជា​ថ្នូរ​នឹង​ប្រាក់​​​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។


អង្គុយ​លើ​ម៉ូតូ​ពណ៌​ខ្មៅ​ដែល​កាល​ពី ២ ឆ្នាំ​មុន ​ត្រូវ​បាន​ដោះ​ជា​ ២-៣ បំណែក​នៅ​​មុន​ពេល​ស្ពាយ​ឡើង​ភ្នំ​​ រឹម ធឿន បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​ខ្ញុំ​​ចាប់​​ផ្ដើម​អាជីព​ជា​​អ្នក​ជូន​ភ្ញៀវ​ទេសចរ​តាំង​ពី​មុន​មិន​ទាន់​មាន​ជណ្ដើរ​​ឡើង​ភ្នំ​ត្បែង​ [ជណ្ដើរ​បេតុង​កសាង​ឡើង​​ក្នុង​ឆ្នាំ ​២០១៦​]។ ប៉ុន្ដែ​ភ្ញៀវ​កាន់​តែ​​សម្បូរ​ច្រើន​រយៈពេល​ប្រមាណ​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​»។


ក្នុង​សម័យ​ដែល​កងកម្លាំង​ប៉ុលពត នៅ​មិន​ទាន់​ធ្វើ​សមាហរណកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ ធឿន ត្រូវ​បាន​តា​យាយ និង​ឪពុក​ម្ដាយ​ដឹកនាំ​មក​ជ្រក​កោន​​​នៅ​លើ​ព្រៃ​ភ្នំ​ ដោយ​បារម្ភ​ពី​ការ​ផ្លោង​គ្រាប់​​នៅ​បន្ដ​​ប៉េះ​រប៉ោះ​។ ​


រឹម ធឿន ប្រកប​របរ​ជាអ្នក​ដឹកភ្ញៀវ​នៅ​តំបន់​ភ្នំត្បែង​។ហុង មិនា


តាំង​ពី​ធំ​ដឹង​ក្ដី ធឿន ស្គាល់​តែ​ព្រៃ​ភ្នំ​ ធឿន​ធ្លាប់​មាន​បំណង​ចង់​ស្វែងរក​ឱកាស​ការងារ​​ក្រៅ​តំបន់​ភ្នំ​ត្បែង តែ​​​យុវជន​រូប​នេះ​សារភាព​ថា ​​​ពុំ​មាន​ឱកាស​បាន​ក្រេប​​ចំណេះ​វិជ្ជា​ និង​មុខ​ជំនាញ​ជាក់​លាក់។​


បរ​ម៉ូតូ​បណ្ដើរ និយាយ​បណ្ដើរ យុវជន​ជា​ឪពុក​កូន​ ២ នាក់​រូប​នេះ បាន​​​បន្ថែម​ថា​៖​​ «​ខ្ញុំ​បាន​រៀន​ត្រឹម​ថ្នាក់​ទី ២ ដោយ​ខ្ញុំ​ចូល​រៀន​ដល់​អាយុ ១៥ ឆ្នាំ​ហើយ​។ ខ្ញុំ​រៀន​អត់​ចូល​ទេ ខ្ជិល​។ ពី​មុន​​មក ជំនាន់​ខ្ញុំ​នោះ​អត់​មាន​គ្រូ​បង្ហាត់​ទេ ហើយ​ដល់​ពេល​មាន​គ្រូ ខ្ញុំ​ធំ​បាត់​ទៅ​ហើយ​»។

ធឿន ដែល​ហាក់​ដូច​ជា​មិន​ស្គាល់​ជីវិត​ទីក្រុង​ និង​របៀប​របប​នៃ​ការ​រស់នៅ​​របស់​អ្នក​ទីក្រុង ​ តែង​រៀបចំ​ខ្លួន​ជា​ស្រេច​រង់ចាំ​ដំណើរ​ភ្ញៀវ​មក​ដល់​ខ្ទង់​ម៉ោង ៩ ឬ ១០ ព្រឹក ក្រោយ​ពី​ទទួល​បាន​​ការ​ទាក់ទង​កក់​ទុក​មុន​​។

ឌុប​ភ្ញៀវ​ម្នាក់ និង​អីវ៉ាន់ ​១ ​កញ្ចប់​ធំ​ខាង​មុខ​របស់​ព្រះ​ចៅ​អធិការ​វត្ដ​ថ្ម​ ៣ ​ដុំ លោក ធឿន បញ្ជា​ដៃ​ចង្កូត​ម៉ូតូ​លើ​ផ្លូវ​រអិល​ និង​រដិប​រដុប​ តែ​មិន​ភ្លេច​រៀប​រាប់​ត្រួសៗ​ពី​ទិដ្ឋភាព​ដង​ផ្លូវ​។

ពេល​កំពុង​ជិះ​ម៉ូតូ​កាត់​វាល​សំណឹក​ថ្ម​ ដែល​មើល​ឃើញ​គ្រាប់​ថ្ម​ត្រូវ​បាន​តម្រៀប​គ្នា​ឡើង​ខ្ពស់​ៗ​ លោក​ប្រាប់​ថា​៖​ «​គេ​​ជឿ​ថា កន្លែង​នេះ​មាន​ភាព​ស័ក្ដិសិទ្ធិ​ បើ​គេ​អាច​បន្ដុប​ដុំ​ថ្ម​បាន​ខ្ពស់​កាល​ណា វា​ធ្វើ​ឲ្យ​រាសី​យើង​ឡើង​ខ្ពស់​ដូច្នោះ​ដែរ​»។

ឡើង​ដល់​កំពូល​ភ្នំ​ត្បែង​ វា​ជា​វេលា​ស្រស់​ស្រូប​​​អាហារ​​​ថ្ងៃ​ត្រង់​​នៅ​វត្ដ​ដំបូក​​ខ្មៅ ហើយ​រមណីយដ្ឋាន​ធម្មជាតិ​ដំបូង ​គឺ​​ទឹក​ដំបូក​ខ្មៅ​ ដែល​ស្ថិត​នៅ​ចម្ងាយ​តែ ១ គីឡូម៉ែត្រ​ពី​អារាម​។

ទីសំណឹក​ថ្ម ​​មាន​ដុំថ្ម​​បន្តុប​តាម​ជំនឿ​ឲ្យរាសីខ្ពស់​។ហុង មិនា

បន្ដ​ដំណើរ​ទៅ​មុខ​ ដោយ​កន្លែង​ខ្លះ​ត្រូវ​ដោល​ជើង និង​អ្នក​រួម​ដំណើរ​ត្រូវ​ចុះ​រុញ លោក​បាន​និយាយ​ថា ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ចូលចិត្ដ​ទៅ​លេង​វត្ដ​តាំងយូ និង​ទឹក​ធ្លាក់​តាំង​យូ។ ពី​​អារាម​​ថ្ម ៣ ដុំ​ វា​ចំណាយ​ពេល​ ៣ ម៉ោង​ជិះ​ម៉ូតូ​។ ទាំង​ទៅ​ទាំង​មក អ្នក​ជូន​ភ្ញៀវ​រូប​នេះ គិត​​តម្លៃ ១៥ ម៉ឺន​រៀល​។

លោក ធឿន ដែល​បាន​និយាយ​​សរសើរ​ពី​សម្រស់​ទឹក​ធ្លាក់​តាំង​យូ ជា​តំបន់​ទេសចរណ៍​ដ៏​​មាន​ប្រជាប្រិយភាព​ធំ​មួយ​បាន​​ប្រាប់ ​ភ្នំពេញ​ប៉ុស្ដិ៍​ ថា​៖ «ទេសចរ​ភាគ​ច្រើន​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ត្បែង​​តាម​ជណ្ដើរ ១ ៣៤៥ កាំ​ កាត់​តាម​វត្ដ​ថ្ម​ ៣ ដុំ ​រួច​បន្ដ​ដំណើរ​ទៅ​​​​វត្ដ​តាំង​យូ និង​ទឹក​ធ្លាក់​តាំងយូ។ ប៉ុន្ដែ​ពួក​គេ​អាច​ជ្រើស​រើស​ផ្លូវ​មួយ​​ទៀត​ ដោយ​ការ​ឡើង​ភ្នំ​តោង​វល្លិ៍​ពី​ភូមិ​បាក់កាំ ឃុំឈាន​មុខ ស្រុក​ភ្នំ​ត្បែង ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ»​។

ទៅ​ដល់​អារាម​ថ្ម ៣ ដុំ ជា​ទី​ដែល​​លោក រឹម ធឿន សម្រាក​ទទួល​ទាន​ទឹក​ត្រជាក់​នៅ​តូប​ចាប់​ហួយ​តូចៗ​ប៉ុន្មាន​តូប​ ដើម្បី​​​ទុក​ឱកាស​ឲ្យ​ភ្ញៀវ​រីករាយ​នឹង​ការ​ដើរ​ទស្សនា​ក្នុង​បរិវេណ​អារាម​ បែបន់​វត្ថុ​ស័ក្ដិសិទ្ធិ​នៅ​ទី​ថ្ម​ ៣ ដុំ​ ព្រម​ទាំង​គយ​គន់​ទេសភាព​​​ជ្រលង​ភ្នំ ដែល​បដា​ឈើ​មួយ​រំលេច​នូវ​ពាក្យ​ពេចន៍​ថា «ភ្នំត្បែង​​មាន​ជ័យ ដែន​ដីពិសិដ្ឋ​»។

ទីសំណឹក​ថ្ម ​​មាន​ដុំថ្ម​​បន្តុប​តាម​ជំនឿ​ឲ្យរាសីខ្ពស់​។ ហុង មិនា

យ៉ាង​ណា​មិញ បើ​ទោះបី​ជា​​​ភ្នំ​ត្បែង​ទទួល​ភ្ញៀវ​ច្រើន​ជា​ហូរ​​ហែ​យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គេ​ភាគ​ច្រើន​ធ្វើ​ត្រឹម​ទឹក​ធ្លាក់​ត្បែង​ ដែល​ពួក​គេ​អាច​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ ខណៈ​ដែល​ភ្ញៀវ​បរទេស​ចូលចិត្ដ​ដើរ​ ស្ពាយ​អីវ៉ាន់​ខ្លួន​ឯង និង​បោះ​តង់​ស្នាក់​នៅ​ក្នុង​ព្រៃ​។

ក្រៅ​ពី​របរ​ជា​មគ្គុទេសក៍​ និង​ដឹក​ជញ្ជូន​ភ្ញៀវ​ទៅ​កាន់​តំបន់​ទេសចរណ៍​លើ​​ភ្នំត្បែង ធឿន ក៏​ប្រកប​របរ​​​​ស្ពាយ​អីវ៉ាន់​ជូន​ភ្ញៀវ ក្នុង​កម្រៃ​​​​ឈ្នួល​ ៣ ម៉ឺន​រៀល​ ចំពោះ​ការ​សែង​អីវ៉ាន់​ឡើង​ភ្នំ​ពី​ចន្លោះ​ ៣០ ទៅ ៤០ គីឡូក្រាម។

បច្ចុប្បន្ន គោយន្ដ​មាន​ចំនួន ៤ គ្រឿង ​នៅ​លើ​ភ្នំ​ត្បែង​ ដោយ​គោយន្ដ​នីមួយៗ​​ត្រូវ​បាន​ដោះ​បំបែក​ជា​​ច្រើន​ផ្នែក​ រួច​ស្ពាយ​ឡើង​ភ្នំ​បន្ដិច​ម្ដង។

យុវជន​អាស្រ័យ​ចំណូល​ភាគ​​ច្រើន​ពី​សេវាកម្ម​ទេសចរណ៍​រូប​នេះ បាន​បញ្ជាក់​ថា​៖ «​​​កាល​ពី​​មុន​មាន​តែ ​១ ​គ្រឿង​ទេ ទើប​​ថ្មី​​ៗ​នេះ គេ​យក​បន្ថែម​ ៣ គ្រឿង​ទៀត​។ គោល​បំណង​ចម្បង​ គឺ​ការ​​ដឹក​ជញ្ជូន​ភ្ញៀវ​ទៅ​តាម​វត្ដ​នានា និង​​កន្លែង​ទេសចរណ៍​ផ្សេង​ៗ​»។

អ្នក​​មាន​គម្រោង​ដំណើរ​កម្សាន្ដ​ភ្នំ​ត្បែង និង​ត្រូវ​ការ​សេវាកម្ម​ដឹក​ជញ្ជូន​ អាច​​ទាក់ទង​លោក រឹម ធឿន តាមរយៈ​​ទូរស័ព្ទ​ ០៨៨ ៧៧ ៣៣ ០៦២៕

វីដេអូ៖