ក្រុង​កែប៖ ​ផ្សារ​ក្ដាម​ច្បាស់​ជា​គោលដៅ​​អាទិភាព​ដំបូង​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ ដែល​​មិន​ភ្លេច​​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​របស់​​គ្រឿង​សមុទ្រ​ស្រស់ៗ​​​ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ខេត្ដ​កែប​ ដ៏​តូច​បំផុត​របស់​កម្ពុជា​។ ក្រៅ​ពី​ឆ្ងាញ់​នឹង​គ្រឿង​សមុទ្រ ការ​ងូត​ទឹក​សមុទ្រ ក៏​ដូចជា​​សម្រាក​នៅ​រីសត​មាត់​សមុទ្រ នៅ​អែប​ជើង​ភ្នំ​​ ក៏​ជា​សកម្មភាព​​វិស្សមកាល​នៅ​លើ​ដែន​ដី​ស្ងប់ស្ងាត់​មួយ​នេះ​ផង​ដែរ​។


មិន​មាន​ភ្ញៀវ​ច្រើន​នោះ​ទេ ជា​ពិសេស​ទេសចរ​ក្នុង​ស្រុក​​ ​​បាន​ដឹង​ និង​បាន​ដើរ​​កម្សាន្ដ​លេង​លើ​ភ្នំ​នៃ​ឧទ្យាន​ជាតិ​កែប​ ដែល​នៅ​ជិត​បង្កើយ​នឹង​ផ្សារ​ក្ដាម​ដ៏​ពេញ​​និយម​។


មន្ដ្រី​អនុរក្ស​ព្រៃឈើ​លើ​ឧទ្យាន​ជាតិ​កែប របស់​មន្ទីរ​បរិស្ថាន​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា៖ «ចំពោះ​ភ្ញៀវ​ខ្មែរ ភាគ​ច្រើន​ជា​កូន​សិស្ស ដែល​ពេល​ណា​អត់​រៀន ឃើញ​មាន​ជិះ​ដើរ​លេង​។ ​​ភ្ញៀវ​បរទេស​មាន​ចំនួន​អត់​ទៀង​​ទាត់​ ជួន​ណា ៣០ នាក់ ហើយ​ជួន​ណា​អត់​។ បើ​នៅ​រដូវ​ភ្លៀង អត់​មាន​តែ​ម្ដង»។


ឧទ្យានជាតិ​កែប ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ ​១៩៩៣ ដោយ​គ្រប​ដណ្ដប់​ផ្ទៃ​ដី ៦៦,៦៤ គីឡូម៉ែត្រ​ការ៉េ​ ​​ផ្ដុំ​ឡើង​ពី​ជួរ​ភ្នំ​តូច​មួយ​ដែល​រំលេច​ជា​ផ្លូវ​ដើរ​ភ្នំ​សម្រាប់​អ្នក​និយម​ឡើង​ភ្នំ​ត្រឹម​កម្ពស់​ជាង ១៤០ ម៉ែត្រ ​នៃ​ចំណុច​កំពូល​។ ទេសចរ​អាច​គយគន់​ផ្ទៃ​សមុទ្រ​ជួរ​ភ្នំ​បូក​គោ​នៅ​ភាគ​ខាង​ត្បូង ក៏​ដូចជា​កោះ​ត្រល់​ផង​ដែរ​។


ទេសចរ​ខ្លះ​ជ្រើស​រើស​ការ​ជិះ​ម៉ូតូ​លើ​ឧទ្យាន​ជាតិ​កែប​ ដែលមាន​ផ្លូវ​ធំ​ទូលាយ​​​។ហុង មិនា


ដើរ​ចុះ​ក្នុង​ដំណើរ​មួយ​យ៉ាង​​រំភើយ​ ដែល​មិន​បង្ហាញ​នូវ​ភាព​នឿយ​ហត់​ខ្លាំង ក្រោយ​ចំណាយ​ពេល​ប្រមាណ ១ ម៉ោង​ដើរ​ក្នុង​ឧទ្យាន​ជាតិ​កែប​ ប្ដី​ប្រពន្ធ​បារាំង ​១ គូ បាន​និយាយ​ថា ផ្លូវ​​ដើរ​​បរិវេណ​ជុំវិញ​ភ្នំ​មាន​លក្ខណៈ​ធំ​ទូលាយ​​ ដែល​បង្ក​​ភាព​​ងាយ​ស្រួល​ដើរ​គយគន់​ទេសភាព​ផ្ទៃ​សមុទ្រ និង​ខេត្ដ​កំពត​។

អ្នកស្រី អានណា និង​លោក សៃម៉ុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​យើង​ឡើង​ទៅ​ឈប់​ត្រឹម​ចំណុច​ទស្សនា​ខេត្ដ​កំពត​​ចម្ងាយ ២ គីឡូម៉ែត្រ ​ពី​ច្រក​ចូល​ រួច​យើង​សម្រេច​ចិត្ដ​ដើរ​ត្រឡប់​វិញ​។ យើង​មិន​បាន​ដើរ​ជុំវិញ​ភ្នំ​នោះ​ទេ ពី​ព្រោះ​វា​អាច​ចំណាយ​ពេល​យូរ​»។

កាន់​ឈើ​តូច​មួយ​ក្នុង​ដៃ អ្នកស្រី អាន​ណា បាន​ឲ្យ​ដឹង​ថា​៖ «​ចំណុច​គយគន់​ទេសភាព​ល្អ​បំផុត ​គឺ​នៅ​ហាង​កាហ្វេ Led Zep ដែល​យើង​អាច​អង្គុយ​​លេង និង​ទទួល​ទាន​ភេសជ្ជៈ​ត្រជាក់ៗ​ ព្រម​ទាំង​ការ​ដើរ​ក្រោម​ម្លប់​ឈើ​ទស្សនា​សត្វ​ផង​ដែរ​»។

ចំពោះ​ផ្លូវ​ដើរ​ធំ​ទូលាយ​ ភ្ញៀវ​ទេសចរ​​មាន​ជម្រើស​ជា​ច្រើន​ក្នុង​ការ​ត្រាច់​ចរ​លើ​ឧទ្យាន​ជាតិ​កែប​ រួម​ទាំង​ការ​ដើរ ជិះ​កង់ ម៉ូតូ ខណៈ​ភ្ញៀវ​មួយ​ចំនួន​តូច​ថែម​ទាំង​បរ​រថយន្ដ​ឡើង​​ទៀត​ផង​។

លោក ប៉ុក ទាង ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​កែប បាន​និយាយ​ថា​៖ «នៅ​ផ្លូវ​ជុំវិញ​ភ្នំ​ យើង​អាច​ជិះ​កង់​ អ្នក​ខ្លះ​ជិះ​ម៉ូតូ​។ មាន​ផ្លូវ​ដើរ ឬ trekking trail ពី​កំពូល​ភ្នំ ​១ ទៅ​កំពូល​ភ្នំ ​១ លើ​ចម្ងាយ​ផ្លូវ ៨ គីឡូម៉ែត្រ និង ៣០០ ម៉ែត្រ​នៃ​ផ្ទៃ​ដី​ប្រមាណ ៩ ០០០ ហិកតា​។ អ្នក​ខ្លះ​ដើរ​តាម​ផ្លូវ​ធំ​នៅ​ខាង​ក្រោម​អ៊ីចឹង​ទៅ ហើយ​អ្នក​ដើរ​ឡើង​លើ​កំពូល​ភ្នំ​ ដើម្បី​មើល​ទេសភាព​ផ្សេង​ៗ​»។

ដើរ​បញ្ច្រាស់​ពី​ទិសដៅ​ភ្ញៀវ​ដទៃ លោក ឡៅ អិនណារិទ្ធិ​ ជា​មគ្គុទេសក៍​ប្រចាំ​​ខេត្ដ​កំពត និង​កែប តាំង​ពី​ឆ្នាំ ​២០០៧​ នាំ​ភ្ញៀវ​ជនជាតិ​អង់គ្លេស​ជា​ប្ដី​ប្រពន្ធ ​១ គូ ​ដើរ​ជុំវិញ​ឧទ្យាន​ជាតិ​កែប មុន​នឹង​ទៅ​ចម្ការ​ម្រេច ​​រូប​ភ្នំ និង​វាល​ស្រែ​។

អ្នក​ដើរ​ភ្នំ​នាំ​គ្នា​ឈរ​រង់​ចាំ​ទិញ​ភេសជ្ជៈ​ពី​ហាង​កាហ្វេ Leb Zep តែ​មួយ​គត់​លើ​ឧទ្យាន​ជាតិ​កែប​។ហុង មិនា

លោក​និយាយ​ថា​៖ «​ខ្ញុំ​នាំ​ភ្ញៀវ​ដើរ​តាម​គោលដៅ​បញ្ច្រាស់​វិញ ដែល​មាន​ចម្ងាយ​ត្រឹម ៥ គីឡូម៉ែត្រ​។ បើ​យើង​ចាប់​ផ្ដើម​ដើរ​ពី​ត្រជាក់​នៃ​ច្រក​ឡើង​​ដោយ​​ឆ្លង​កាត់​ហាង​កាហ្វេ យើង​នឹង​បញ្ចប់​ទៅ​កន្លែង​ក្ដៅ​ តែ​បើ​ខ្ញុំ​ចាប់​ផ្ដើម​ដើរ​ពី​កន្ទុយ​វិញ ដែល​វា​អាច​ក្ដៅ​តិចៗ យើង​នឹង​បញ្ចប់​នៅ​ហាង​កាហ្វេ​ក្រោម​ម្លប់​ឈើ​ត្រជាក់​វិញ​»។

ខណៈ​ទេសចរ​បរទេស​ភាគ​ច្រើន​ជ្រើសរើស​ការ​ដើរ​ជា​ការ​កម្សាន្ដ ដោយ​​ខ្លះ​មាន​តែ​ម្នាក់​ឯង ខ្លះ​មាន ​២ នាក់ និង​ខ្លះ​ទៀត​មាន​ ៣ ទៅ ៤ នាក់​ នាំ​គ្នា​​បោះ​ជំហាន​ឡើង​ភ្នំ​ជា​បន្ដ​បន្ទាប់ ភ្ញៀវ​ក្នុង​ស្រុក​ភាគ​ច្រើន​ចាប់​យក​ជម្រើស​ជិះ​​រថយន្ដ និង​ម៉ូតូ​លាន់​សំឡេង​ម៉ាស៊ីន​ទ្រហឹង​ពេញ​ព្រៃ​។ សកម្មភាព​ប្រើប្រាស់​យានយន្ដ​បំបោល​ឡើង​ភ្នំ​ក្នុង​ឧទ្យាន​កែប​ មិន​ត្រូវ​បាន​សាទរ​ពី​សំណាក់​ភ្ញៀវ​ដើរ និង​ម្ចាស់​ហាង​កាហ្វេ​ប៉ុន្មាន​ឡើយ​។

ស្ថិត​ក្នុង​សម្លៀក​បំពាក់​បែប​ថមប៊យ កន្សែង​ជួត​ក្បាល​ ស្រីពៅ ​ឈ្មោះ​ហៅ​ក្រៅ​ដែល​ប្រើប្រាស់​ទូទៅ​ ជា​ម្ចាស់​ហាង​កាហ្វេ Led Zep តែ​មួយ​គត់​លើ​ឧទ្យាន​ជាតិ​កែប​ បាន​និយាយ​ថា​៖ «​ខ្ញុំ​ក៏​មិន​គាំទ្រ​ឲ្យ​ភ្ញៀវ​ខ្លះ​បើក​ឡាន និង​ជិះ​ម៉ូតូ​ឡើង​ភ្នំ​នោះ​ដែរ​។ កាល​ពី​ខែ​មុន ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ចូល​មក​ ភ្ញៀវ​ជនជាតិ​បរទេស​​សម្លក់​ខ្ញុំ​ចង់​ជ្រុះ​គ្រាប់​ភ្នែក​​ហើយ។ ពួក​គាត់​​ងឿង​ឆ្ងល់​ថា ហេតុអ្វី​ក្នុង​ឧទ្យាន​មាន​ម៉ូតូ​ជិះ​ តែ​ពេល​ឃើញ​ខ្ញុំ​ធ្វើ​ការ​នៅ​ហាង​កាហ្វេ​ គាត់​ក៏​លែង​ខឹង​»។

ផែនទី​បាន​បង្ហាញ​អំពី​ចំណុច​គន់​ខេត្ដ​កំពត ទឹក​ធ្លាក់​ស្រីតាល់ ចំណុច​កំពូល​ភ្នំ ទេសភាព​ឆ្នេរ​អង្កោល ស្រះ​តូច មជ្ឈមណ្ឌល​តាំង​សមាធិ កន្លែង​គន់​ថ្ងៃលិច និង​សេះ​ថ្ម​ជាដើម។

ផ្លូវ​ឡើង​ឧទ្យាន​ជាតិ​កែប ស្ថិត​នៅ​ក្បែរ​រីសត​វេរ៉ង់ដា ចម្ងាយ​ប្រមាណ ៧,៦ គីឡូម៉ែត្រ​ ពី​រង្វល់​មូល​​រូប​សំណាក់​សេះស​ក្នុង​ក្រុង​កែប​ នៃ​ខេត្ដ​កែប​៕

វីដេអូ៖