១.ប្រាសាទ​បាកាន ដ៏​ធំធេង​លាក់ខ្លួន​កណ្ដាល​ព្រៃ


ព្រះ​វិហារៈ ជាទី​កន្លែង​លាក់ខ្លួន​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី ៧ មុន​ពេល​ព្រះអង្គ​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ ១១៨១ ប្រាសាទ​បាកាន ឬ ប្រាសាទ​ព្រះខ័ន​កំពង់​ស្វាយ មាន​ទីតាំង​នៅ​ក្នុង​ភូមិ​បាកាន ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី ខេត្ត​ព្រះវិហារ​មាន​ចម្ងាយ​ប្រហែល​ជា ១០៥ គីឡូម៉ែត្រ​ពី​ក្រុង​ព្រះវិហារ ឬ ក៏​អាច​ចូល​តាម​ផ្លូវ​ក្រួស​ក្រហម​ចំ​ពី​មុខ​សាលា​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ បែក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ ៦ ចម្ងាយ ៧៥ គីឡូម៉ែត្រ។


សភាព​ផ្លូវ​ធ្វើ​ដំណើរ​ល្អ​គួរសម ដែល​សម្រួល​ដល់​រថយន្ត​គ្រប់​ប្រភេទ បើក​ចូល​ទៅ​ដល់​បាន ប៉ុន្តែ​ជា​រៀង​រាល់​ថ្ងៃ មាន​តែ​ភ្ញៀវ​បរទេស​តិចតួច​មក​មើល​ជា​ហូរហែ។


រីឯ​ ភ្ញៀវ​ខ្មែរ មក​លេង​ប្រាសាទ​នេះ​តែ​នៅ​រដូវ​បុណ្យ​ទាន​ធំៗ ដូចជា​ចូល​ឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ ដោយ​មិន​សូវ​មាន អ្នក​ស្គាល់​ប្រាសាទ​នេះ​ទេ។ តម្លៃ​ចូល​ទស្សនា ៥ ដុល្លារ​សម្រាប់​ភ្ញៀវ​បរទេស រីឯ​ភ្ញៀវ​ខ្មែរ​មិន​គិត​ថ្លៃ​ទេ គឺ​អាស្រ័យ​លើ​ទឹកចិត្ត។


២.ទឹកអូរ​ធម្មជាតិរាក់ៗនៅឯ​ផ្ទះ​ស្នាក់​បៃតង

សៀមរាបៈ ប្រភពទឹក​ពី​ស្រះ​ដូន​រីក ដែល​ហូរ​ជ្រាប​ពី​តំបន់ភ្នំ​គូលែន​ក្នុង​សម្បុរ​ពណ៌​ក្រហម​ប្រវែង​ជាង ១០០ ម៉ែត្រ​បាន​ក្លាយជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​មក​ពី​គ្រប់​ច្រកល្ហក​ជា​ពិសេស​ក្រុម​គ្រួសារ​មាន​កូន​ចៅ​តូចៗ ដែល​ប្រាថ្នា​ងូត​ទឹក​អូររាក់ៗ ក្រាល​ខ្សាច់​ធម្មជាតិ។

មនុស្ស​ធំ​អាច​ដំឡើង​តុ​លើ​ទឹក​ដង​អូរ អង្គុយ​ជុំគ្នា​ញ៉ាំ​អាហារ និង​លើក​កំប៉ុង​ភេសជ្ជៈ​ជល់​គ្នា​លើ​ផ្ទៃ​ទឹក​ត្រជាក់​ស្រេង អម​ដោយ​ការ​ថត​រូប និង​យោល​អង្រឹង​កាត់​ទទឹង​អូរ​យ៉ាង​ក្អាកក្អាយ។

ស្ថិតនៅលើ​ផ្ទៃដី​សរុប ១៤ ហិកតា រី​សត​ផ្ទះ​ស្នាក់​បៃតង និង​ស្រះ​ដូន​រីក​មាន ២០ ក្យូស​សង់​ជាប់​មាត់​អូរ នៅ​ក្នុង​ភូមិ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ដ​សៀមរាប។ សម្រាប់​ការ​កក់​កន្លែង និង​ព័ត៌មាន​ផ្សេងៗ សូម​ទាក់ទង​ទូរស័ព្ទ​លេខ ០១០ ៣៥ ០០ ៤។

៣.ទស្សនា​សត្វព្រៃ​យ៉ាង​កៀក​កិត ផ្ដិត​យក​សម្រស់​ផ្កាឈូករ័ត្ន

មណ្ឌលគិរី: ក្រៅពី​ភូមិ​ជនជាតិដើម​ភាគតិច សម្រស់​ទឹកធ្លាក់ ព្រៃភ្នំ ជ្រលង​ដង​អូរ និង​វាល​ស្មៅ​ប្រែ​ពណ៌​តាម​រដូវ ដែនដី​ក្រហម​នៃ​ភូមិ​ភាគ​ឦសាន​មណ្ឌលគិរី ក៏មាន​សួន​សត្វ​ព្រៃ មយូរ៉ា ទំហំ​ជាង ១០ ហិកតា ដែល​អាច​ឲ្យ​ភ្ញៀវ​ទស្សនា ប្រើស ប្រើស​ផ្កាយ ក្តាន់ ឈ្លូស ជ្រូកព្រៃ និង​សត្វ​ក្ងោក យ៉ាង​កៀក​កិត​ផង​ដែរ។

ភ្ញៀវ​ត្រូវ​ធ្វើដំណើរ​ចេញពី​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅកាន់​ស្រុក​កោះ​ញែក ចម្ងាយ​ជិត ៣០ គីឡូម៉ែត្រ ស្ថិត​ក្នុង​ភូមិ​មេ​ម៉ៃ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី និង​ត្រូវ​បត់​ចូល​ពី​ផ្លូវ​ជាតិ​ប្រមាណ​ជា ៥ ០០០ ម៉ែត្រ​ទៀត តាម​ផ្លូវលំ​រដិប​រដុប ឆ្លង​កាត់​ចម្ការ​ព្រៃ​កៅស៊ូ ដែល​មាន​ដាក់​ស្លាក​សញ្ញា​បង្ហាញ​ផ្លូវ​ផង​ដែរ។

សួនសត្វ​ព្រៃ មយូ​រ៉ា ក៏មាន​ដាំ​ផ្កាឈូករ័ត្ន​ជាច្រើន សម្រាប់​ទេសចរ​ថតរូប​លេង​កម្សាន្ត​ផងដែរ ហើយ​តម្លៃ​សេវា​ចូល​ទស្សនា គឺ​អាស្រ័យ​លើ​សទ្ធា​ពី​ភ្ញៀវទេសចរ​ប៉ុណ្ណោះ។

៤.សហគមន៍​ទេសចរណ៍​ទឹក​ជួរ​តា​ចោរ

ក្រចេះ: បណ្តុំ​ទេសភាព​ជាទី​មនោ​រម្យ​នៃ​ទឹកទន្លេ​មេគង្គ​ត្រជាក់​ស្រេង ថ្លា​ឆ្វង់​អាច​ឆ្លុះ​មុខ​បាន ហូរ​ខ្មួល​ខ្មាញ់​ប្រដេញ​លេង​នឹង​ផ្ទាំង​ថ្ម​ផុស​ពី​បាត​ទន្លេ និង​លាយ​ឡំ​ដោយ​រុក្ខជាតិ​តូចធំ​ពណ៌​បៃតងខ្ចី ហាក់​កម្រ​មាន​ភ្ញៀវទេសចរ​ទៅ​ដល់ ដោយ​សារ​តែ​ស្ថានភាព​ផ្លូវ​ចូល​មិន​សូវ​អំណោយ​ផល។ «សហគមន៍​ទេសចរណ៍​ទឹក​ជួរ​តាចោរ​ក្រហម ក» មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​កំពង់​ព្នៅ ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្ត​ក្រចេះ។

ភ្ញៀវ​ជិះ​ម៉ូតូ​ត្រូវ​ចេញ​ដំណើរ​តាម​ផ្លូវ​មាត់​ទន្លេ ពី​សាលា​ស្រុក​សំបូរ​ទៅ​តែ​ម្តង ដោយ​មាន​ចម្ងាយ​ប្រមាណ​ជាង ១៥ គីឡូម៉ែត្រ។

រីឯ​ ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ធុន​ខ្ពស់​វិញ មាន​ចម្ងាយ​ឆ្ងាយ​ជាង ដោយ​ផ្ដើម​ពី​ផ្លូវ​ជាតិ​លេខ ៧ នៅ​ត្រង់​ចំណុច​ភូមិ​ស្រែ​ត្រែង ហើយ​បត់​ឆ្វេង​ចូល​តាម​ផ្លូវ​ក្រួស​ក្រហម​អែប​របង​វត្ត​ខេត្ត​នារាម ហៅ​វត្ត​ស្រែ​ត្រែង ដែល​មាន​ចម្ងាយ​ផ្លូវ​ចូល​សរុប​ទៅ​ជិត ៣០ គីឡូម៉ែត្រ​ឯណោះ​ទើប​អាច​ទៅ​ដល់​ទឹក​ជួរ​តា​ចោរ។

៥.ឡើង​ភ្នំ​ជញ្ជាំង គយគន់​ទេសភាព​ក្រុង​សិរីសោភ័ណ ក្រោម​ពន្លឺ​ស្រទន់​នៃ​សុរិយា​អស្ដង្គត

បន្ទាយមានជ័យ: ទាំង​មាន​អំណោយផល​ល្អ​ពី​ធម្មជាតិ និង​ស្ថិត​នៅ​ទីតាំង​មិន​ឆ្ងាយ​ពី​ទីប្រជុំជន រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ជញ្ជាំង មាន​បណ្តុំ​ទេសភាព​ល្អ​ប្លែកៗ ហើយ​ថែម​ទាំង​អាច​គយគន់​ទិដ្ឋភាព​ទីក្រុង​ទាំង​មូល​យ៉ាង​ច្បាស់។ រឹត​តែ​លន្លង់​លន្លោច​ទៅ​ទៀត​នោះ ភ្ញៀវទេសចរ ក៏​អាច​ជ្រើសរើស​វេលា​រសៀល​ជ្រាល​ជ្រេ អង្គុយ​មើល​ព្រះ​សុរិយា​ហៀប​អស្តង្គត ចែង​ចាំង​ពន្លឺ​ពណ៌​មាស​លើ​ផ្ទៃ​ទឹក​ស្ទឹង​សិរី​សោភ័ណ​ទៀត​ផង។

ស្ថិតនៅ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ចម្ងាយ ៣ ឬ ៤ គីឡូម៉ែត្រ​ពី​ក្រុង ដោយ​ចូល​តាម​ខ្លោង​ទ្វារ វត្ត​កុឍ្ឍ​បព្វតា លើ​ផ្លូវ​ជាតិ​លេខ ៥ ស្រប​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​ក្រុង​ប៉ោយប៉ែត ភ្នំ​ជញ្ជាំង​គឺជា​រមណីយដ្ឋាន​ធម្មជាតិ មាន​បណ្តុំ​ផ្ទាំង​ថ្មធំៗ លាយ​ឡំ​ដោយ​ព្រៃឈើ​តូចៗ កាំ​ជណ្តើរ​ឡើង​ទៅ​លើ​ជាច្រើន​រយ​កាំ អម​ដោយ​បង្កាន់​ដៃ​ដែក​ងាយ​ស្រួល​តោង​ឡើង។

៦.អន្លង់​ខៀវ ទឹកធ្លាក់​ថ្លាឈ្វេង គាប់ចិត្ត​អ្នក​ហែល​លោត​លេង នែប​និត្យ​ធម្មជាតិ​ស្ងប់ស្ងាត់

កំពត: ហ៊ុមព័ទ្ធ​ដោយ​ព្រៃឈើ ជា​ផ្នែក​តូច​មួយ​នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ ល្បាក់ ទឹក​ហូរ ជ្រែក​ដុំថ្ម​តូចធំ​តាម​ជ្រលង​ដងអូរ មក​ដល់​ត្រង់​ចំណុច​មួយ​មាន​លក្ខណៈ​ជា​អាង ស្ទើរ​រាង​មូល មុន​នឹង​ធ្លាក់​ទៅ​ខាង​ក្រោម​គឺជា​កន្លែង​អំណោយ​ផល​ដល់​ទេសចរ ប្រាថ្នា​ហែល​ទឹក​លេង នែបនិត្យ​ធម្មជាតិ​ស្រស់​បំព្រង។

អាងទឹក​ធម្មជាតិ ដ៏​ថ្លាយង់ ពណ៌​ខៀវស្រងាត់ និង​ត្រជាក់ស្រេង​នេះ គឺ​ទឹកធ្លាក់ អន្លង់​ខៀវ ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ព្រែក​ត្នោត ឬ​ អន្លង់​ធំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​ក្រែង ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​ធ្វើ​ដំណើរ​ចេញ​ពី​ទី​រួម​ខេត្ត​កំពត ឆ្ពោះ​ទៅ​កាន់ វាលរេញ ក្នុង​ចម្ងាយ​ប្រមាណ​ជិត ៣០ គីឡូម៉ែត្រ។

ភ្ញៀវទេសចរ ត្រូវ​មកដល់​សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ នេះ​សិន មុន​នឹង​បន្ត​ធ្វើ​ដំណើរ​ឡើង​ភ្នំ កាត់​ព្រៃ​លើ​ផ្លូវ​មាន​ថ្ម​រដិប​រដុប​បន្តិច​ប្រមាណ​ជា ១៥ នាទី ទើប​បាន​ទៅ​ដល់​ទីឋាន​រមនា​នោះ។

៧.រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល កំពង់ឆ្នាំង សំងំ​លាក់​ខ្លួន​នៅ​តំបន់​ភ្នំ​ឱរ៉ាល់

កំពង់ឆ្នាំងៈ ពេល​បាន​ទៅដល់ តំបន់​ធម្មជាតិ​ទឹកធ្លាក់​ថ្ម​ក្រាល​អ្នក​ដំណើរ​ហាក់​មាន​អារម្មណ៍​ស្រស់​ស្រាយ ដោយសារ​បណ្តុំ​នៃ​ទេសភាព​ព្រៃឈើ​ខៀវ​ខ្ចី មាន​ភ្នំ​ធម្មជាតិ​នៅ​ហ៊ុមព័ទ្ធ​ជុំវិញ ក្រាល​វាល​ស្រែ​ពណ៌​បៃតង និង​មាន​ផ្ទាំង​ធំៗ​ច្រើន​កន្លែង​នៅ​មាត់​ស្ទឹង​ដូចជា​ក្រាល​ថ្ម​អ៊ីចឹង។

តំបន់​ទេសចរណ៍ធម្មជាតិ​នេះ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ចម្ងាយ​ជាង ២៨ គីឡូម៉ែត្រ​ពី​ទី​រួម​ស្រុក​ទឹកផុស ឬ​ស្ថិត​នៅ​ប្រមាណ​ជាង ៥០ គីឡូម៉ែត្រ ភាគ​ខាង​លិច​នៃ​ខេត្ត​ កំពង់ឆ្នាំង ដែល​សម្បូរ​អ្នក​ស្រុក​ទៅ​លេង​នា​រដូវ​បុណ្យទាន​មាន​ចំនួន​ច្រើន​គួរសម ខណៈ​អ្នក​ភូមិ​ទីនោះ​ក៏​និយម​ហៅ​ឈ្មោះ​ក្រៅ​ដែរ​ថា «ទឹក​ធ្លាក់​បរ​វាទ» ដែល​បាន​ដំណើរការ​ប្រមាណ​ជិត ២ ឆ្នាំ​មក​ហើយ។

នា​រដូវប្រាំង​នេះ ទឹកធ្លាក់​ថ្ម​ក្រាល មាន​កម្រិត​ទឹក​តិច​ល្មម រំលេច​សម្រស់​ធម្មជាតិ​នៅ​តែ​ស្រស់​ស្អាត និង​ទឹកថ្លា​ត្រជាក់​ដែល​ហូរ​ធ្លាក់​ពី​លើ​ភ្នំ​ឱរ៉ាល់។

៨.ទឹកធ្លាក់​ថ្មដា​តូច ហូរ​ជាថ្នាក់ៗត្រជាក់​ស្រេង ក្បែរ​ផ្លូវ​ជាតិ​កៀក​បង្កើយ

ពោធិ៍សាត់: ជាទី​ឋាន​កម្សាន្ត​ថ្មី​សន្លាង​ជាមួយ​សម្រស់​ព្រៃភ្នំ​ធម្មជាតិ​ល្អ​ប្លែក​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ​ជាតិ​លេខ ៥៥ ទើប​កសាង​ថ្មី ទឹកធ្លាក់ ថ្មដា​តូច ឬ​ហៅ​ទឹក​ធ្លាក់​ភ្នំ ១០០៥ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវទេសចរ ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ព្រៃភ្នំ​នៃ​ខេត្ត​ពោធិ៍សាត់​ឆ្ពោះ ទៅ​កាន់​ច្រក​ថ្មដា នា​ព្រំប្រទល់​ជាមួយ​ខេត្ដ​ត្រាត​ប្រទេស​ថៃ។

ធ្វើដំណើរ​លើ​វិថី​ពត់ពេន តាម​ជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០ គីឡូម៉ែត្រ​ពី​ទីរួម​ស្រុក​វាល​វែង ឬ ១៥៣ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ពោធិ៍សាត់ ទឹក​ធ្លាក់​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង។

ចម្ងាយ​ជាង ១០០ ម៉ែត្រ ដើរ​ចុះ​ពី​ផ្លូវ​ជាតិ​លេខ ៥៥ ភ្ញៀវទេសចរ​នឹង​បាន ឃើញ​ទឹក​ហូរ​លើ​ជម្រាល​ថ្ម​ជា​ដំណាក់ ដូច​កាំជណ្ដើរ​ដែល​ត្រូវ​បាន​ធម្មជាតិ​ខិតខំ​ឆ្លាក់​រាប់​សតវត្សរ៍ ផ្ដល់​ភាព​ងាយ​ស្រួល​ងូត​កម្សាន្ដ​ដល់​ភ្ញៀវទេសចរ​អម​ដោយ​ទេសភាព​ព្រៃ​ព្រឹក្សា។

អ្វីដែល​វិសេស​សម្រាប់​ឱកាស​ងូតទឹក​លេង​កម្សាន្ដ​មិនអាច​ខកខាន​នោះ គឺ​ផ្ទៃ​ទឹក​មាន​សភាព​ថ្លា​ឈ្វេង ទោះបី​ស្ថិត​ក្នុង​រដូវ​វស្សា​យ៉ាង​ណា​ក៏ដោយ។ វា​ពិត​ជា​មាន អារម្មណ៍​ស្រស់​ថា្ល និង​រំភើប​ណាស់ នៅ​ពេល​ដែល​បាន​គយគន់​សម្លឹង មើល​ព្រៃ​ព្រឹក្សា ឮសូរ​សំឡេង​សត្វព្រៃ​យំ​ខ្ញៀវ​ខ្ញារ​ផង​នោះ។

៩. រមណីយដ្ឋាន​ធម្មជាតិ ភូមិ​ស្លា ព័ទ្ធ​ទឹក​ជុំជិត ទី​លម្ហែ​គយគន់​ទេសភាព​ប៉ាណូ​រ៉ាម៉ា

ក្រុង​សៀមរាបៈ រមណីយដ្ឋា​ន​ធម្មជាតិ​ភូមិ​ស្លា ពង្រាយ​ក្យូស លម្ហែ​ក្បែរ​ស្រះ​ទឹក ប្រឡាយ​ទឹក​ខ្វាត់​ខ្វែង អម​ដោយ​រុក្ខជាតិ ផ្កា​ភ្ញី វាល​ស្រែ​ឆ្លុះ​ទេសភាព​ភ្នំ​ក្រោម​ដ៏​ស្រស់​ត្រកាល និង​ទទួល​ជំនោរ​ត្រជាក់​ល្ហឹម។

ធ្វើដំណើរ​តាមផ្លូវ​ក្រវាត់ក្រុង​ឆ្ពោះទៅកាន់​វត្ដ​ចក ចូល​តាម​ច្រក​ផ្សារ​កន្ដ្រក ប្រមាណ ២ គីឡូម៉ែត្រ លោក​អ្នក​នឹង​បាន​ឃើញ​ដើម​ឈើ​ដង្គត់​ទើប​ដុះ​ពន្លក​ស្លឹក​ថ្មី​ឈរ​កណ្ដាល​ទ្រូង​ផ្លូវ ជា​សញ្ញា​ប្រាប់​ភ្ញៀវ​ថា ដល់ទី​តាំង​រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា​ហើយ។

ស្ថិតនៅ​ក្នុងភូមិ​កន្ត្រក ឃុំ​ស្វាយដង្គំ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ក្រោម រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា ទើប​តែ​ស្វាគមន៍​ភ្ញៀវ​ថ្មីៗ​ជាមួយ​នឹង​សេវាកម្ម​មុខម្ហូប​ចម្អិន​ពី​កសិផល​ប្រជា​សហគមន៍ ដែល​ជា​ដំណាំ និង​សាច់​ចិញ្ចឹម​បែប​ធម្មជាតិ។

១០.តោះ! ឡើងជណ្ដើរ ឈើ​ប្រាសាទខ្នា​ល ១១៨១ កាំ​លើ​ភ្នំ​ដង​រែក​ក្បែរ​ព្រំដែន​ខ្មែរ-ថៃ

ក្រុង​សំរោង: ជណ្ដើរ​ឈើ​ចំនួន ១១៨១ កាំ ដែល​សង់​សម្រាប់់​កងកម្លាំង​ប្រើប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​ស្បៀង​ឡើង​ចុះ​ភ្នំ​ដង​រែក​ត្រង់​ចំណុច​ប្រាសាទ​ខ្នាល បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ទេសចរ​ជាតិ ចង់​ទទួល​បទពិសោធ​ពី​ការ​ដើរ​ឡើង​ជណ្ដើរ​ឈើ​រាប់ពាន់​កាំ និង​ស្គាល់​ពី​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ​របស់​កងទ័ព​ខ្មែរ។

ឆ្លើយតប​នឹង​ទុក្ខលំបាក​ត្រូវ​តោង​ថ្ម និង​មែកឈើ​ឡើង​ភ្នំ​របស់​បងប្អូន​កងទ័ព​ឈរជើង​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​លើ​ភ្នំ​ដងរែក ធ្លាប់​ជា​តំបន់​ដែល​ប្រឈម​ចុង​កាណុង​កាំភ្លើង​ដាក់​គ្នា​នឹង​ទាហាន​ថៃ ស្ត្រី​ទី ១ កម្ពុជា​បាន​ផ្ដួចផ្ដើម​គំនិត​សង់​ជណ្ដើរ​ឈើ​ឡើង​ប្រាសាទ​ខ្នាល​សម្រាប់​ជា​ប្រយោជន៍​ដល់​កង​កម្លាំង​ប្រចាំការ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ។

ប្រាសាទខ្នា​ល​ស្ថិតនៅ​លើផ្លូវ​ពី​ក្រុង​សំរោង​ឆ្ពោះទៅ​អូរ​ស្មាច់​បត់​ឆ្វេង​តាមផ្លូវ​ប្រាសាទ​តា​ក្របី (ផ្លូវ​មូលនិធិ​បាយ័ន) ប្រមាណ​ជាង ១០ គីឡូម៉ែត្រ រួច​បត់​ស្ដាំ​ជាង ១ គីឡូម៉ែត្រ៕